បើ​អត់​មាន​ចិន និង រុស្ស៊ី មិនអាច​បញ្ឈប់​កូរ៉េខាងជើង បាញ់​នុយក្លេអ៊ែរ​បានឡើយ​

ព័ត៌មានអន្តរជាតិ
0
124



​រដ្ឋធានី​វ៉ាស៊ីនតោន​៖ ស្ថានភាព នៅលើ​ឧបទ្វីប​កូរ៉េ កំពុងតែ​តានតឹង​ខ្លាំង​ឡើង ក្រោយពេល​ក្រុង​ព្យុងយ៉ាង បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ជាច្រើន​ប្រភេទ ដោយ​រួមទាំង​មី​ស៊ី​ល​បា​លិ​ស្ទី​អន្ដរទ្វីប (ICBM) ជា​ញឹកញាប់ ហើយ​សហរដ្ឋអាមេរិក ជឿថា មានតែ​ចិន និង រុស្ស៊ី ទើប​មាន​ឥទ្ធិពល​ខ្លាំងក្លា អាច​បញ្ឈប់​កូរ៉េខាងជើង បាន​។​

​សារព័ត៌មាន Daily Hunt បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​៤ ខែវិច្ឆិកា ថា មន្ដ្រីជាន់ខ្ពស់ សហរដ្ឋអាមេរិក បាន​អះអាង ថា ក្រុង​វ៉ាស៊ីនតោន ជឿ ថា ចិន និង រុស្ស៊ី មាន​ឥទ្ធិពល​ខ្លាំង អាច​បញ្ចុះបញ្ចូល ដល់​ប្រទេស​កូរ៉េខាងជើង បញ្ឈប់​ការសាកល្បង​គ្រាប់បែក​មហា​ប្រល័យ​លោក​បាន​។​

​មន្ដ្រី​សហរដ្ឋអាមេរិក បាន​ថ្លែង​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន​របស់​ចក្រភព​អង់គ្លេស Reuters ដោយ​សុំ​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្ដ​សញ្ញាណ ថា ក្រុង​វ៉ាស៊ីនតោន បាន​ថ្លែង ចាប់តាំងពី​ខែឧសភា មក ថា កូរ៉េខាងជើង បានរៀបចំ​ប្រើប្រាស់​ការសាកល្បង​អាវុធ​នុយ​ក្លេរ​អ៊ែរ ជា​លើកដំបូង ចាប់តាំងពី​ឆ្នាំ​២០១៧ រហូតមក​។ ប៉ុន្ដែ​សហរដ្ឋអាមេរិក មិនទាន់​ច្បាស់ ថា នៅពេលណា កូរ៉េខាងជើង នឹង​អនុវត្ដ​ការសាកល្បង​អាវុធ​មហា​ប្រល័យ​លោក​បែបនេះ បន្ដទៀត​នោះដែរ​។​

​កូរ៉េខាងត្បូង ក៏បាន​ព្រមាន អំពី​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​៧​របស់​ក្រុង​ព្យុងយ៉ាង សម្រាប់​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ ខណៈ​អង្គការ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស​អង្គការសហប្រជាជាតិ បាន​ថ្លែង កាលពី​សប្ដាហ៍​មុន ថា កូរ៉េខាងជើង បាន​ត្រៀម​រៀបចំ​រួចរាល់​ហើយ សម្រាប់​ការបាញ់​សាកល្បង​អាវុធ​ដ៏​គ្រោះថ្នាក់​បំផុត​បែបនេះ​។​

​មន្ដ្រី​សហរដ្ឋអាមេរិក បានបញ្ជាក់ ថា «​យើង​មាន​កម្រិត​ទំនុកចិត្ត លើ​អ្វីដែល​កូរ៉េខាងជើង បានរៀបចំ​។ យើង​ជឿ ថា កូរ៉េខាងជើង អាច​នឹង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​…​ខ្ញុំ​មិនបាន​ប្រាប់​អ្នក អំពី​អ្វីដែល​យើង​គិត ថា កូរ៉េខាងជើង នឹងធ្វើ​នៅថ្ងៃនេះ សម្រាប់​ហេតុផល​ជា​បន្ដ​ន្ទា​ប់​នោះដែរ​»​។​

​មន្ដ្រី​សហរដ្ឋអាមេរិក បានបញ្ជាក់ ថា «​យើង​គិត ថា កូរ៉េខាងជើង កំពុងតែ​គណនា អំពី​កម្រិត​ទទួលបាន ពី​ប្រទេស​ផ្សេងៗ​ទៀត នៅក្នុង​តំបន់ ជាពិសេស រុស្ស៊ី និង​ចិន​។ ខ្ញុំ​គិត ថា អាកប្បកិរិយា​របស់​រុស្ស៊ី និង ចិន មាន​ឥទ្ធិពល លើ​កូរ៉េខាងជើង​។ ចំណែក ក្រុង​វ៉ាស៊ីនតោន ចង់ឃើញ​រុស្ស៊ី និង ចិន ធ្វើ​អ្វី​អាច​រារាំង​ដល់​ក្រុង​ព្យុងយ៉ាង បញ្ឈប់​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​នេះ​»​។​

​សហរដ្ឋអាមេរិក បានស្នើ​សុំ ឲ្យ​កិច្ចប្រជុំ​បើកទ្វារ​របស់​ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ ជា​កន្លែង​ក្រុង​មូ​ស្គូ និង ក្រុង​ប៉េកាំង ក៏​ស្ថិត​ក្នុងចំណោម​សមាជិក​អចិន្ដ្រៃយ៍​ទាំង​៥ មាន​សិទ្ធិអំណាច​វេតូ ដើម្បី​ពិភាក្សា លើ​បញ្ហា​កូរ៉េខាងជើង ក្រោយពេល​ក្រុង​ព្យុងយ៉ាង បាន​បាញ់​មី​ស៊ី​ល​ជាច្រើន​ប្រភេទ ជា​បន្ដបន្ទាប់ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ដោយ​រួមទាំង​មី​ស៊ី​ល​បា​លិ​ស្ទីក​អន្ដរទ្វីប (ICBM) ដែល​កូរ៉េខាងត្បូង និង ជប៉ុន បាន​រកឃើញ កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​កូរ៉េខាងជើង បាន​ជាប់​បម្រាម លើ​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ និង មី​ស៊ី​ល​បា​លិ​ស្ទីក ក្រោម​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្ដិសុខ អង្គការ​សហ​ប្រជា​តិ ដែល​បាន​រឹតបន្ដឹង អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកហើយ ដើម្បី​ព្យាយាម​កាត់បន្ថយ​មូលនិធិ សម្រាប់​កម្មវិធី​អាវុធ​របស់​ក្រុង​ព្យុងយ៉ាង​។​

​កូរ៉េខាងជើង បានចាប់ផ្ដើម​បាញ់​សាកល្បង​មី​ស៊ី​ល នៅ​ឆ្នាំនេះ និង ការបាញ់​សាកល្បង នៅក្នុង​សប្ដាហ៍​នេះ ស្របពេល​កងទ័ព​សហ​រដ្ឋ​អាមេរិក និង កូរ៉េខាងត្បូង បានធ្វើ​សមយុទ្ធ​ទ័ពអាកាស​ទ្រង់ទ្រាយ​ធំ ដោយមាន​ការចូលរួម​ពី​យន្ដហោះ​ចម្បាំង ប្រហែល​ជាង​២៤០​គ្រឿង​។ កូរ៉េខាងជើង បានចាត់ទុក ការធ្វើ​សមយុទ្ធ​នេះ ជាការ​បង្កហេតុ ហើយ​ត្រៀម​ហាត់​សម សម្រាប់​ចូលលុកលុយ ទៅលើ​ប្រទេស​របស់ខ្លួន​។​

​មី​ស៊ី​ល​បា​លិ​ស្ទិ​ក​អន្ដរទ្វីប ស្ថិតក្នុង​ចំណោម​មី​ស៊ី​ល​បា​លិ​ស្ទីក ចំនួន​៣​គ្រាប់ ត្រូវបាន​បាញ់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ពោលគឺ​រំលង​មួយថ្ងៃ ក្រោយ​កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​យ៉ាងតិច​២០​គ្រាប់ ត្រឹមតែ​រយៈពេល​១​ថ្ងៃ​។ នៅក្នុង​ចំណោម​គ្រាប់​មី​ស៊ី​ល​ជាច្រើន​ប្រភេទ​ទាំងនោះ មាន​មី​ស៊ី​ល​មួយ​គ្រាប់ បាន​ធ្លាក់​ជា​លើកដំបូង នៅ​ជិត​ព្រំដែន​សមុទ្រ​របស់​កូរ៉េខាងត្បូង​។​

​ជាការ​ឆ្លើយតប​វិញ​នោះ កូរ៉េខាងត្បូង បាន​បញ្ជូន​យន្ដហោះ​ចម្បាំង​ជាច្រើន​គ្រឿង បាញ់​មី​ស៊ី​ល ពីលើ​អាកាស​ទៅលើ​ដី ស្ថិតក្នុង​ដែនទឹក ភាគ​ខាងជើង ព្រំដែន​សមុទ្រ​។ សកម្មភាព​បែបនេះ បាន​បញ្ឆេះ​កំហឹង​របស់​កូរ៉េខាងជើង ឲ្យ​បន្ដ​បាញ់​តបត កាន់តែ​ច្រើនឡើង បន្ថែមទៀត​។​

​សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានបញ្ជាក់ ថា ពួកគេ​នឹង​ពង្រីក​ពេលវេលា នៃ​ការធ្វើ​សមយុទ្ធ​ទ័ពអាកាស​បន្ថែមទៀត ហើយក៏​មិនបាន​កំណត់ អំពី​ពេលវេលា នឹងត្រូវ​បញ្ចប់​នោះដែរ​។ ការប្រកាស​របស់​សហ​រដ្ឋ​អាមេរិក និង សម្ពន្ធមិត្ត នៅ​អាស៊ី​បូព៌ា​នេះ បានកើត​ឡើង ដោយសារ​ការបាញ់​មី​ស៊ី​ល​បា​លិ​ស្ទីក​អន្ដរទ្វីប​របស់​កូរ៉េខាងជើង ហើយ​ការសម្រេចចិត្ត​របស់​ក្រុង​ព្យុងយ៉ាង នឹង​នាំមក​នូវ​គ្រោះថ្នាក់​បំផុត​៕​