ភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក រកឃើញ​ឯកសារ​សំខាន់បំផុត ក្នុងផ្ទះ​អតីត​ប្រធានាធិបតី​ត្រាំ​

ព័ត៌មានអន្តរជាតិ
0
501
រដ្ឋធានី​វ៉ាស៊ីនតោន​៖ ក្រោយ​ការ​ឆ្មក់​ចូល នៅក្នុង​គេហដ្ឋាន​ម៉ា​-​អា​-​ឡា​ហ្គោ (Mar-a-Lago) របស់លោក ដូ​ណា​ល់ ត្រាំ (Donald Trump) អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​នេះ​រួចមក ឥឡូវ​ភ្នាក់ងារ FBI បាន​រកឃើញ​ឯកសារ​សម្ងាត់​បំផុត យក​ចេញពីផ្ទះ​នោះ ប៉ុន្ដែ​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក រូបនេះ បាន​អះអាងថា ការស៊ើបអង្កេត​នេះ មាន​ហេតុផល​ខាង​នយោបាយ​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​១២ ខែសីហា ថា បើតាម​ឯកសារ​របស់​តុលាការ បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​ចៅក្រម​សហព័ន្ធន៍ បាន​បិទ​ដីកា​អនុញ្ញាតឱ្យ​មានការ​ស្វែងរក មិន​ធ្លាប់មាន​ពីមុនមក នៅក្នុង​សប្តាហ៍​នេះ បាន​ឲ្យ​ដឹងថា ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​សហព័ន្ធន៍ ហៅ​កាត់ FBI បាន​រកឃើញ​ឯកសារ​សម្ងាត់​បំផុត ដែល​គេ​បានដាក់​ស្លា​កថា «Top Secret» យក​ចេញពី​គេហដ្ឋាន Mar-a-Lago របស់លោក ដូ​ណា​ល់ ត្រាំ (Donald Trump) អតីត​ប្រធាន​ធិបតី​សហរដ្ឋអាមេរិក ស្ថិតក្នុង​រដ្ឋ​ផ្លរីដា (Florida)​។


​បង្កាន់ដៃ​អចលនទ្រព្យ ដែល​មិនបាន​បិទ​ត្រា ពី​តុលាការ បង្ហាញថា ភ្នាក់ងារ FBI បាន​យក​កំណត់ត្រា ចាត់ថ្នាក់​ចំនួន​១១ ចេញពី​អចលនទ្រព្យ​របស់លោក ដូ​ណា​ល់ ត្រាំ នៅក្នុង​អំឡុងពេល​ស្វែងរក កាលពី​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​នេះ​។​

​កំណត់ត្រា​ដែល​រឹបអូស​បាន រួមមាន មួយចំនួន​ត្រូវបាន​សម្គាល់ថា ជា​ព័ត៌មាន​សម្ងាត់​បំផុត និង ជា «​ព័ត៌មាន​មាន​លក្ខណៈ​រសើប​» ជា​ប្រភេទ​ពិសេស សំដៅលើ​កិច្ចការពារ​អាថ៌កំបាំង​ដ៏​សំខាន់បំផុត​របស់​ប្រទេស ប្រសិនបើ​ឯកសារ​នោះ ត្រូវបាន​បង្ហាញ​ជា​សាធារណៈ នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​សហ​រដ្ឋ​អាមេរិក​។ ទោះជា​យ៉ាងណា កំណត់ត្រា​របស់​តុលាការ មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ជាក់លាក់ អំពី​ឯកសារ ឬ​ព័ត៌មាន អ្វីដែល​ពួកគេ​មាន​នោះឡើយ​។​


​ដីកា​នោះ បានបង្ហាញ​យ៉ាងច្បាស់​ថា ភ្នាក់ងារ​សហព័ន្ធន៍ កំពុងតែ​ស៊ើបអង្កេត លើ​ការរំលោភបំពាន លើ​ច្បាប់​សហព័ន្ធន៍ ចំនួន​៣​ផ្សេងគ្នា រួមទាំង គ្រប់គ្រង​លើ​ការប្រមូលផ្តុំ ការបញ្ជូន ឬ ការបាត់បង់​ព័ត៌មាន​ការពារជាតិ ក្រោម​ច្បាប់​ចារកម្ម​។ រីឯ​លក្ខន្តិកៈ​ផ្សេងៗ​ទៀត​និយាយ អំពី​ការ​លាក់បាំង ការបំផ្លិចបំផ្លាញ ឬ​ការដកចេញ​នូវ​កំណត់ត្រា និង ការបំផ្លាញ ការផ្លាស់ប្តូរ ឬ​ការ​ក្លែងបន្លំ​កំណត់ត្រា នៅក្នុង​ការស៊ើបអង្កេត​របស់​សហព័ន្ធន៍​។​

​ដោយឡែក លោក ដូ​ណា​ល់ ត្រាំ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ថា ឯកសារ​ដែល​រឹបអូស ដោយ​ភ្នាក់ងារ​ត្រូវបាន «​មិន​ចាត់ថ្នាក់​ទាំងអស់​» ហើយ​គាត់​បានប្រកែក​ថា គាត់​នឹង​ប្រគល់​ឯកសារ​ទាំងនោះ ទៅឱ្យ​ក្រសួងយុត្តិធម៌ ប្រសិនបើ​ត្រូវបាន​ចោទសួរ​»៕​