រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ ក្រុងប៉េកាំង កំពុងតែបង្កើនការបង្កើតឃ្លាំងអាវុធនុយក្លេអ៊ែរ ហើយត្រូវបានក្រសួងការពារជាតិសហរដ្ឋអាមេរិក បានព្យាករ ថា ចិន នឹងមានក្បាលគ្រាប់នុយក្លេអ៊ែរ រហូតដល់ ១ ៥០០គ្រាប់។
សារព័ត៌មានរបស់ឥណ្ឌា Hindustan Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ថា មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃអង្គារ បានចេញសេចក្ដីរាយការណ៍របស់ខ្លួន ថា ចិនទំនងជាអាចនឹងមានឃ្លាំងស្ដុកក្បាលគ្រាប់នុយក្លេអ៊ែរ រហូតដល់ ១ ៥០០គ្រាប់ នៅក្នុងឆ្នាំ២០៣៥ ប្រសិនក្រុងប៉េកាំង បន្តបង្កើនល្បឿនបង្កើតនុយក្លេអ៊ែរ ដូចបច្ចុប្បន្ន។ តួលេខនេះ បានបង្ហាញ អំពីការព្រួយបារម្ភរបស់អាមេរិក អំពីការកើនឡើងមហិច្ឆតារបស់ចិន សម្រាប់ការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន បើទោះជាការព្យាករណ៍មិនបង្ហាញ ថា ចិនកំពុងតែបង្កើនល្បឿនអភិវឌ្ឍន៍ក្បាលគ្រាប់ឲ្យលឿនហួសពីនេះបន្ថែមទៀតយ៉ាងណាក៏ដោយ។
មន្ដ្រីជាន់ខ្ពស់ ក្រសួងការពារជាតិសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីរបាយការណ៍ប្រចាំឆ្នាំរបស់មន្ទីរបញ្ចកោណ ជុំវិញសកម្មភាពរបស់យោធាចិន បានបង្ហាញ ថា បច្ចុប្បន្ន ចិន មានក្បាលគ្រាប់នុយក្លេអ៊ែរ នៅក្នុងស្ដុក ជាង៤០០គ្រាប់។ ប៉ុន្ដែបើតាមការព្យាករណ៍នេះ បង្ហាញ ថា ចិនអាចនឹងមានក្បាលគ្រាបនុយក្លេអ៊ែរ ជាង ១ ០០០គ្រាប់ នៅឆ្នាំ២០៣៥ ដោយផ្អែកលើល្បឿនផលិត គ្មានការប្រែប្រួល នាពេលសព្វថ្ងៃ។
ទោះជាយ៉ាងណា ក្រុងប៉េកាំង ធ្លាប់លើកឡើងជារឿយៗ ថា ចិនមានក្បាលគ្រាប់នុយក្លេអ៊ែរតិចខ្លាំងណាស់ បើធៀបទៅនឹងរុស្ស៊ី ហើយសហរដ្ឋអាមេរិក។ ប៉ុន្ដែចិន ត្រៀមខ្លួនជាស្រេច សម្រាប់កិច្ចសន្ទនា ប្រសិនបើក្រុងវ៉ាស៊ីនតោន យល់ព្រមកាត់បន្ថយចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ឱ្យនៅត្រឹមកម្រិត ស្មើនឹងចិន។
បើតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល (Stockholm International Peace Research Institute (SIPRI) បានឲ្យដឹង ថា សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា មានស្ដុកក្បាលគ្រាប់នុយក្លេអ៊ែរ ៣ ៧០០គ្រាប់។ ប៉ុន្ដែក្នុងចំណោមក្បាលគ្រាប់នុយក្លេអ៊ែរទាំងនោះ មានចំនួន ១ ៧៤០គ្រាប់ បានដាក់ពង្រាយរួចជាស្រេចហើយ៕