រដ្ឋធានីវ៉ាស៊ីនតោន៖ ជាមួយនឹងការលូតលាស់ខាងសេដ្ឋកិច្ចយ៉ាងខ្លាំង រហូតក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ២ នៅលើពិភពលោក ជំរុញឲ្យក្រុងប៉េកាំង ធ្វើយោធូបនីយកម្មយ៉ាងឆាប់រហ័ស ដោយមានគោលបំណង ចង់ឲ្យកម្លាំងយោធា ស្មើ ឬ វ៉ាសហរដ្ឋអាមេរិក ទើបមេទ័ពកំពូលចម្រុះ ដឹកនាំទាំងកងទ័ពជើងគោក អាកាស និង ជើងទឹក បានចេញមុខមកថ្លែងជាចំហ នៅក្នុងសន្និសីទសារព័ត៌មានមួយ ថា ក្រុងវ៉ាស៊ីនតោន នឹងមិនអនុញ្ញាតឲ្យចិន ត្រួតត្រាពិភពលោក ឬ ក្រោយជាមហាអំណាចយោធាលេខ១នោះឡើយ។
សារព័ត៌មាន East Asia Forum បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ថា នៅក្នុងជំនួបតាមអនឡាញជាមួយនឹងប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១នោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានស្នើឲ្យមានរបាំងដ៏រឹងមាំមួយ សម្រាប់ទំនាក់ទំនង រវាងក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង។ សំណើរបស់លោកប្រធានាធិបតី បៃដិន បានឆ្លុះបញ្ចាំង អំពីការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីការប្រឈមុខដាក់គ្នា នាពេលអនាគត អំពីការគណនាខុស ឬ មានឧបទ្ទវហេតុណាមួយកើតឡើង។ ប៉ុន្ដែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ទំនាក់ទំនងរវាងប្រទេសទាំង២ កាន់តែធ្លាក់ចុះខ្លាំង។
បណ្ដាញផ្សព្វផ្សាយល្បីៗរបស់លោកខាងលិច បានរាយការណ៍ ថា លោកឧត្ដមសេនីយ៍ ម៉ាក មីលឡេ (Mark Milley) នាយអគ្គសេនាធិការចម្រុះរបស់កងទ័ពសហរដ្ឋអាមេរិក បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានជាចំហមួយ កាលពីពេលកន្លងទៅនេះ ថា ចិន កាលពីឆ្នាំ២០១៥ បានដាក់គោលដៅ នៅត្រឹមឆ្នាំ២០២៧ នឹងធ្វើឲ្យវិស័យយោធារបស់ខ្លួន ក៏ដូចជា សេដ្ឋកិច្ច តាមឲ្យទាន់សហរដ្ឋអាមេរិក ហើយនៅឆ្នាំ២០៤០ នឹងក្លាយជាមហាអំណាចលេខ១ខាងយោធា នៅលើពិភពលោក។ ការពង្រឹកខ្លួនរបស់ចិន ដោយសារតែមើលឃើញ អំពីសេដ្ឋកិច្ចរីកចម្រើនរបស់ខ្លួន ហើយទិញគ្រឿងសឹក និង បង្កើនកម្លាំងកងទ័ព ដែលទើបនឹងងើបចេញពីកងទ័ពកសិករ។
លោកឧត្ដមសេនីយ៍ ផ្កាយ៤ ដឹកនាំកងទ័ពជើងទឹក ជើងគោក និង កងទ័ពអាកាសរបស់សហរដ្ឋអាមេរិក រូបនេះ បានសង្កត់ធ្ងន់ ថា នៅក្នុងអំឡុងពេលដូចគ្នានេះ សហរដ្ឋអាមេរិក ក៏មិននៅស្ងៀមនោះដែរ។ សហរដ្ឋអាមេរិក នឹងបង្កើនសកម្មភាព កាន់តែខ្លាំងក្លាឡើង ហើយសហរដ្ឋអាមេរិក នឹងមិនអនុញ្ញាតឲ្យចិន នាំមុខ ឬ ក្លាយជាមហាអំណាចលេខ១ នៅលើពិភពលោក នាំមុខសហរដ្ឋអាមេរិក នោះឡើយ។ សហរដ្ឋអាមេរិក នៅតែបន្ដឈរលេខ១ គ្រប់សម័យកាល។
លោកឧត្ដមសេនីយ៍ បានបន្ថែម ថា មេរៀន នៃសង្គ្រាមរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ធ្វើឲ្យអាមេរិក កំពុងតែសិក្សា អំពីបញ្ហានេះ។ កងទ័ពសហរដ្ឋអាមេរិក ជាម៉ាស៊ីនសង្គ្រាម បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់សង្គ្រាម និង ការប្រយុទ្ធនៅក្នុងសង្គ្រាម។ ដោយឡែក ការវាយលុកទៅលើតៃវ៉ាន់ នឹងធ្វើឲ្យចិន ខូចខាតនូវមហិច្ឆតា ដែលចិញ្ចឹមចិត្ត អស់រយៈពេលជាយូរមកហើយនោះ។
លោកឧត្ដមសេនីយ៍ ផ្កាយ៤ នាយអគ្គសេនាធិការចម្រុះកងទ័ពសហរដ្ឋអាមេរិក បានបន្ដ ថា កងទ័ពរំដោះប្រជាជនចិន អាចបាញ់ផ្លោង ឬ វាយប្រហារ តាមអាកាស សំដៅទៅលើកោះតៃវ៉ាន់ បាន។ ប៉ុន្ដែពួកគេ អាចប្រឈមមុខ នឹងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុត ប្រសិនបើពួកគេហ៊ាន ឆ្លងកាត់សមុទ្រចិន វាយលុកចូលដណ្ដើមកាន់កាប់ដែនកោះមួយនេះ ព្រោះទាហានចិន មិនធ្លាប់មានបទពិសោធន៍ ធ្វើសង្គ្រាម ឆ្លងកាត់សមុទ្រដ៏ធំល្វឹងល្វើយបែបនេះឡើយ។
សង្គ្រាមរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន បានផ្ដល់ជាមេរៀនយ៉ាងសំខាន់ៗជាច្រើន សម្រាប់តៃវ៉ាន់ ត្រូវរៀនសូត្រ ហើយសូម្បីតែសហរដ្ឋអាមេរិក កងទ័ពចិន និង ប្រទេសផ្សេងៗទៀត ក៏ត្រូវតែរៀនសូត្រផងដែរ។ ចំណែក កងទ័ពរំដោះប្រជាជនចិន មិនធ្លាប់ចូលប្រឡូក នៅក្នុងសង្គ្រាមនោះឡើយ ចាប់តាំងពីការផ្ទុះជម្លោះជាមួយនឹងវៀតណាម នៅក្នុងអំឡុងឆ្នាំ១៩៧៩ រហូតមក។
ដោយឡែក តៃវ៉ាន់ មានភូមិសាស្ដ្រដ៏ល្អបំផុត សម្រាប់កងទ័ពរបស់ដែនកោះមួយនេះ ដោយសារវាសម្បូរទៅដោយភ្នំ និង ព្រៃឈើ។ ប៉ុន្ដែភូមិសាស្ដ្ររបស់ដែនកោះគ្រប់គ្រងដោយខ្លួនឯងមួយនេះ ពិតជាមានការលំបាកខ្លាំងបំផុត នៅក្នុងធ្វើសង្គ្រាម វាយដណ្ដើមកាន់កាប់ ពីកងទ័ពរំដោះប្រជាជនចិន ខណៈកម្លាំងទាហានរបស់ប្រទេសមហាយក្សអាស៊ីមួយនេះ មិនមានបទពិសោធន៍ច្រើន នៅក្នុងការធ្វើសង្គ្រាម ឆ្លងកាត់សមុទ្រចិន។ ដូច្នេះ បើសិនបើចិនឈ្លានពានកោះតៃវ៉ាន់ នឹងជួបគ្រោះអាសន្នធំ។
លោក ចន ក័រនីន (John Cornyn) សមាជិក ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបញ្ជាក់ ថា ការចំណាយទៅលើការឈ្លានពាន នៅលើកោះតៃវ៉ាន់ នឹងត្រូវខាតបង់ច្រើនខ្លាំងណាស់។
លោក អេនដ័រ ហ្វគ រ៉ាស្មូសសេន (Anders Fogh Rasmussen) អតីតអគ្គលេខាធិការ អង្គការណាតូ និង ជាអតីតនាយករដ្ឋមន្ដ្រីដាណឺម៉ាក បានបញ្ជាក់ កាលពីថ្ងៃទី៦ ខែមករា នៅក្នុងទីក្រុងតៃប៉ិ ថា ការចំណាយលើការឈ្លានពាន ប្រឆាំងនឹងតៃវ៉ាន់ នឹងត្រូវខាតបង់ខ្ពស់ខ្លាំងណាស់។ ដូច្នេះមេដឹកនាំក្រុងប៉េកាំង ត្រូវតែគិតគូរ យ៉ាងហោចណាស់ឲ្យបានពីរដងផងដែរ។ ចំណែកសម្ពន្ធមិត្តទាំងអស់របស់តៃវ៉ាន់ រួមទាំងបណ្តាប្រទេស នៅអឺរ៉ុប អាចនឹងដើរតួនាទីជាអាជ្ញាកណ្តាល»៕