ទម្លាយ​បណ្ដឹង ហង្ស សម្បើម​ស័​ក្ដ ស្របគ្នា ហេង នរៈ​កក្កដា លូកដៃ​ក្នុង​ជម្លោះ

សិល្បៈកម្សាន្ត
0
776
ម​ក​ទល់​ពេលនេះ តារា​សម្ដែង លោក ហង្ស សម្បើម​ស័​ក្ដ បានធ្វើអោយ​មានការ​ភ្ញាក់ផ្អើល​នៅក្នុង​ស្រទាប់​មហាជន​យ៉ាងខ្លាំង ដោយសារតែ​លោក​បាន​បង្ហោះ​សារ​យ៉ាង​រសើប​ចោទថា​ផលិតកម្ម​មហាហង្ស​មិន​ព្រម​បើក​លុយ​អោយ​លោក​ដូចគ្នា​នឹង​តារា​សម្ដែង​កញ្ញា ណាក់ ស្រី​ណា ដែល​ធ្លាប់​វាយប្រហារ​ផលិតកម្ម​មហាហង្ស​កន្លងមក​។ យ៉ាងណាមិញ ការ​បង្ហោះ​របស់លោក​បាន​ធ្វើអោយ​លោក អ៊ិន សុ​ភិន បង្ហោះ​ជា​ចំហរ​នូវ​បណ្ដឹង​ដែល​ចេញ​ដោយ​មេធាវី ដោយ​ក្នុង​បណ្ដឹង​នោះ បាន​អះអាងថា​លោក ហង្ស សម្បើម​ស័​ក្ដ មិន​មក​បំពេញការងារ​ថត​រឿង​«​សង្គ្រាម​មរតក​»​ធ្វើអោយ​ភាពយន្ត​មួយ​នេះ​ត្រូវ​កាត់​ឈុត​ចោល ស្របគ្នា​ដែល​លោក​ហេង នរៈ​កក្កដា ក៏បាន​បង្ហោះ​សារ​លូក​មាត់​ក្ដៅៗ​។​ លោក អ៊ិន សុ​ភិន ចាងហ្វាង​ផលិតកម្ម​មហាហង្ស បាន​អះអាងថា ហេតុផល​ដែល​ខាង​មហាហង្ស​មិន​ព្រម​បើក​លុយ​៥០​ភាគរយ​អោយ​លោក ហង្ស សម្បើម​ស័​ក្ដ គឺ​បណ្ដាលមកពី​លោក​មិន​បានមក​ថត​ភាពយន្ត​រឿង​«​សង្គ្រាម​មរតក​»​អោយ​ចប់សព្វគ្រប់​តាម​អ្វីដែល​បាន​ព្រមព្រៀង​នោះទេ ដោយ​ភាពយន្ត​ទាំងមូល​មាន​ចំនួន​៥០​ភាគ តែ​ភាពយឺតយ៉ាវ ដែល​បណ្ដាលមកពី​លោក ហង្ស សម្បើម​ស័​ក្ដ មិនមាន​ពេល​ថត​អោយ​គ្រប់គ្រាន់ ទើប​ធ្វើអោយ​ក្រុមហ៊ុន​សម្រេចចិត្ត​កាត់​ប្លង់​មួយចំនួន​ចោល ហើយ​ថត​បានតែ​៣៨​ភាគ​អោយ​ខាង​ទូរទស្សន៍​។ លោក​បាន​បញ្ចេញ​ឯកសារ​បណ្ដឹង​មួយ ដែល​មេធាវី​តំណាងអោយ ក្រុមហ៊ុន បាន​ជូនដំណឹង​អោយ​លោក ហង្ស សម្បើម​ស័​ក្ដ មក​បំពេញការងារ​អោយ​ចប់សព្វគ្រប់ ដើម្បី​កុំ​អោយមាន​ការសង​ថ្លៃ​ខូចខាត​របស់​ផលិតកម្ម ឬ​ត្រូវ​បង្កក​ប្រាក់កម្រៃ​មិនទាន់​បើក​។ យ៉ាងណាមិញ លោ​កថា​ខ្លួន​សុខចិត្ត​ដំកល់​បណ្ដឹង​នោះ ដោយ​នៅតែ​ប្រកាន់​ជំហរ​បើក​លុយ​អោយ​គ្រប់​ដដែល ដោយ​គ្រាន់តែ​សម្រេចចិត្ត​បង្កក​អោយ​យូ​រប​ន្ដិ​ត​ប៉ុណ្ណោះ ដើម្បីអោយ​បានដឹង​ថាបើ​ពេល​ថត​រឿង​ធ្វើបាប​ផលិតករ គឺ​ផលិតករ​ត្រូវអោយ​ធ្វើបាប​វិញ​ពេល​សុំ​បើក​លុយ​។ ប៉ុន្តែ​ផ្អែក​តាម​ការ​បង្ហោះ​ធ្វើអោយប៉ះពាល់​ដល់​កិ​ត្ត​យស​របស់លោក និង​ក្រុមហ៊ុន​របស់លោក​នេះ គឺ​លោក​នឹងធ្វើ​តាមច្បាប់ ដោយសារតែ​អះអាងថា លោក​ហង្ស សម្បើម​ស័​ក្ដ ក៏​ធ្វើអោយ​ភាពយន្ត​រឿង​«​សង្គ្រាម​មរតក​»​របស់លោក​ខាតបង់​ជាច្រើន​ព្រោះតែ​ការ​រវល់​មិន​ថត​បាន​ទៀងទាត់​។ លោក​ថា​តួ​ដែល​ក្រុមហ៊ុន​ពិបាក​លុយ គឺ​សំដៅ​តែ​តួ​ដែល​ធ្វើអោយ​ក្រុម​ផលិតករ​ពិបាក​ប៉ុណ្ណោះ ដោយ​លោក​បាន​អះអាងថា បើ​តួ​ដែល​មក​ថត​ទៀងទាត់​ក៏​ខាង​ផលិតកម្ម​ពិបាក​លុយ​ដែរ ប្រហែលជា​ខាង​ផលិតកម្ម​ត្រូវ​បិទទ្វារ​ហើយ​។ ស្រដៀង នឹង​ការលើកឡើង​ខាងលើ លោក ហេង នរៈ​កក្កដា បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​កថា​«​ខ្ញុំ​សូម​បញ្ចេញយោបល់​បន្តិច សំរាប់​ខ្ញុំ​ថត​អោយ​ផលិតកម្ម (​មហាហង្ស​) ខ្ញុំ​ដូចជា​អត់​ដែលមាន​បញ្ហា​កើតឡើង​ចឹ​ង​សោះ ចុះ​មិច​គេ​គ្រប់ៗ​គ្នា​មាន​បញ្ហា​រហូត​ចឹ​ង​? ដូច​រាល់ថ្ងៃនេះ​ចឹ​ង ខ្ញុំ​កំពុង​បំពេញការងារ​អោយ​ផលិតកម្ម (​មហាហង្ស​) គឺ​ខ្ញុំ​កំពុងតែ​ថត​រឿង​(​ព្រលឹង​) ខ្ញុំ​និយាយ​ដោយស្មោះ​ត្រង់ ខ្ញុំ​ថត​អោយ​គាត់​ខ្ញុំ​ស៊ី​ថ្ងៃ ហើយ​កុងត្រា​បាន​និយាយថា ថត​ចប់​បាន​មួយអាទិត្យ​បើក​លុយ មែន​! ខ្ញុំ​ថត​ចប់​បាន​មួយអាទិត្យ​ខ្ញុំ​បាន​បើក​លុយ​ទាំងអស់​មែន ហើយ​ស្រួល​ធ្វើការ​ជាមួយ​ខាង​ពួកគាត់​ទៀត​.! តែ​មិច​បាន​ពួកគាត់​តែងតែមាន​បញ្ហា​រហូត​ចឹ​ង​? តែ​សំរាប់​ខ្ញុំ​គឺ​វា​មិនដែល​មានរឿង​អី​កើតឡើង​សោះ អ្វីដែល​សំខាន់បំផុត គឺ​យើង​ត្រូវ​មក​ថត​អោយទាន់​ពេលវេលា គោរព​តាម​លក្ខខណ្ឌ​ក្នុង​កុងត្រា​នឹង​តាម​នៅ​អ្វីដែល​យើង​និយាយ​គ្នា​..! ខ្ញុំ​សង្ឃឹមថា​ភាគី​ទាំងសងខាង​នឹង​ដោះស្រាយ​បញ្ហា​នេះ​បាន​ឆាប់ៗ​នេះ​?»​។ គេ​មិនទាន់​ដឹងថា​តើ តារា​សម្ដែង លោក ហង្ស សម្បើម​ស័​ក្ដ នឹងមាន​ប្រតិកម្ម​ចំពោះ​ការ​វាយបក​ខាងលើ​យ៉ាងណា​នោះទេ ក្រោយពី​សារ​ដែល​លោក​ប្រកាស​ទារលុយ​ផលិតកម្ម​មហាហង្ស បាន​ក្លាយជា​ប្រធានបទ​ដ៏​រសើប​នៅក្នុង​ពេលនេះ​៕