ប្រទេសអ៊ីរ៉ង គំរាមបាញ់មីស៊ីលទៅលើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ
0
414
មេបញ្ជាការឆ្មាំបដិវត្ដអ៊ីរ៉ង់លោក Amir Ali Hajizadeh បាននិយាយនៅថ្ងៃអាទិត្យនេះថា មូលដ្ឋានទ័ព និងនាវាដឹកយន្តហោះរបស់អាមេរិកនៅក្នុងតំបន់ជុំវិញប្រទេសអ៊ីរ៉ង់ គឺស្ថិតនៅក្នុងរង្វង់គ្របដណ្តប់របស់គ្រាប់មីស៊ីលពួកគេ។ ការលើកឡើងនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានធ្វើការចោទប្រកាន់ប្រទេសអ៊ីរ៉ង់ថាជាអ្នកនៅក្រោយខ្នងការវាយប្រហារទៅលើស្ថានីយ៍ប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។
លោក Amir Ali Hajizadeh
លោក  Amir Ali Hajizadeh បាននិយាយថា​ “គ្រប់គ្នាគួរតែដឹងថា គ្រប់មូលដ្ឋានទ័ព និងនាវាដឹកយន្តហោះទាំងអស់របស់អាមេរិកដែលស្ថិតនៅចំណាយ ២,០០០គីឡូម៉ែត្រជុំវិញប្រទេសអ៊ីរ៉ង់ គឺស្ថិតនៅក្នុងរង្វង់នៃការវាយប្រហាររបស់មីស៊ីលពួកយើង​។”
លោក Amir Ali Hajizadeh
រដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក លោក Mike Pompeo បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់យ៉ាងបើកចំហរ​​ ថាជាអ្នកដែលនៅពីក្រោយការវាយប្រហាររបស់ពួកឧទ្ទាម Houthi និងបានច្រានចោលការពាក់ព័ន្ធរបស់ប្រទេសយេម៉ែន ព្រមទាំងបានធ្វើការថ្កោលទោសទីក្រុង Tehran ចំពោះការធ្វើការទូតមិនពិត។ លោក Pompeo បាននិយាយនៅក្នុងបណ្តាញសង្គម Twitter ថា គ្មានភស្តុតាងណាមួយដែលបញ្ជាក់ថាការវាយប្រហារមានការពាក់ព័ន្ធនិងប្រទេសយេម៉ែននោះទេ ។
លោក Mike pPmpeop
យោងទៅតាមទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សម្តីមេបញ្ជាការរូបនោះផងដែរថា “អ៊ីរ៉ង់តែងតែត្រៀមខ្លួនជានិច្ចសម្រាប់ការធ្វើសង្គ្រាមយ៉ាងពេញលេញ”។ គួរបញ្ជាក់ផងដែរថា ភាពចម្រូងចម្រាស់នេះកើតឡើងដោយសារតែការវាយប្រហារទៅលើស្ថានីយ៍ប្រេងដ៏ធំមួយនៅក្នុងពិភពលោកដែលស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃសៅរ៏កន្លងទៅនេះ។ ការវាយប្រហារនេះត្រូវបានគេដឹងថាជាស្នាដៃរបស់ក្រុមឧទ្ទាម Houthi ប្រទេសយេម៉ែន ប៉ុន្តែសហរដ្ឋអាមេរិកបានធ្វើការចោទប្រកាន់ថាជាស្នាដៃរបស់ប្រទេសអ៊ីរ៉ង់៕