តារាម៉ូដែលថៃដ៏ស្រស់ស្អាតម្នាក់ បានស្លាប់យ៉ាងអាថ៌កំបាំង

ព័ត៌មានអន្តរជាតិ
0
449
អាថ៌កំបាំងនៃការស្លាប់របស់តារាម៉ូដែលថៃដ៏ស្រស់ស្អាតម្នាក់ ក្រោយសាកសពរបស់នាង ត្រូវបានគេប្រទះឃើញលើកចូលជណ្តើរយន្តនៃអគារផ្ទះល្វែងស្ថិតនៅក្នុងទីក្រុងបាងកក តែគេសង្ស័យថា វាអាចជាជាករណីចាប់រំលោភរួចហើយយកទៅបោះចោល។​ នាង Thitim Noraphanpiphat ដែលមានឈ្មោះក្រៅថា  'Bell' អាយុ២៥ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងរបៀងអគារផ្ទះល្វែងកាលពីព្រឹកថ្ងៃអង្គារ ប៉ុន្តែក្រុមនគរបាល បាននិយាយថា វាហាក់ដូចលឿនពេកហើយក្នុងការកំណត់ឈ្មោះ ឬអត្តសញ្ញាណជនសង្ស័យណាម្នាក់នោះ។ រូបភាពវីដេអូកាមេរ៉ាសុវត្ថិភាពឃើញ បុរសម្នាក់ បានលីសាកសពរបស់នាងចូលទៅក្នុងជណ្តើរយន្ត រួចដាក់នាងចុះនៅលើកម្រាលឥដ្ឋ ហើយបន្ទាប់មកក៏ដើរចេញទៅបាត់។​ នៅក្នុងវីដេអូកាមេរ៉ាសុវត្ថិភាព ឃើញនាង Noraphanpiphat ទន់ខ្លួនដូចសំឡី ពេលដែលនាងត្រូវបានអូសចូលទៅក្នុងជណ្តើរយន្តដោយបុរសម្នាក់។ លោក Surakit Sitiwilai គឺជាអធិការនគរបាលសង្កាត់ Bukkhalo បាននិយាយប្រាប់សារព័ត៌មានថៃថា ពួកគេកំពុងរង់ចាំលទ្ធផលនៃការពិនិត្យសាកសពជាមុនសិន។ សាកសពរបស់នារីរងគ្រោះ មិនឃើញមានរបួសស្នាមអ្វីនោះទេ ហើយអត្តសញ្ញាណរបស់ជនសង្ស័យ ក៏មិនត្រូវបានដឹងភ្លាមនោះដែរ។ ដោយឡែក បុរសម្នាក់ ដែលត្រូវបានសួរចម្លើយដោយក្រុមនគរបាល បានអះអាងថា លោកបាននាំតារាម៉ូដែលម្នាក់នេះ ទៅកាន់ផ្ទះរបស់លោក ក្រោយនាងស្រវឹងស្រាខ្លាំងពេក ពិបាកប្រាប់លោកថានាងរស់នៅកន្លែងណា បន្ទាប់ពីមានកម្មវិធីនៅកន្លែងដែលពួកគេទាំង២ធ្វើការ។ លោកបានប្រាប់នគរបាលថា នាងបានសន្លប់ មុនពេលដែលគាត់អាចដឹងថានាងរស់នៅកន្លែងណា រួចក៏ឲ្យនាងដេកនៅលើគ្រែរបស់គាត់ និងទូរស័ព្ទហៅមិត្តរបស់នាងឲ្យមកទទួលយកនាង។ បុរសម្នាក់នេះ ដែលត្រូវបានក្រុមនគរបាលដោះលែងឲ្យមានសេរីភាពវិញ ក្រោយសាកសួរចម្លើយនោះ បានសារភាពថា គាត់បាននាំនាង Noraphanpiphat ទៅកាន់របៀងអគារផ្ទះល្វែងពិតមែន ខណៈពេលដែលនាងនៅតែសន្លប់ ប៉ុន្តែលោកនិយាយថា លោកមិនបានធ្វើអ្វីខុសនោះទេ។ នៅក្នុងការបង្ហោះសារតាមព័ត៌មានសង្គម លោកច្រានចោលថា លោកមិនបានធ្វើអ្វីលើនាង ឬធ្វើឲ្យមានឈឺចាប់ ឬឲ្យនាង Noraphanpiphat ប្រើគ្រឿងញៀននោះទេ។ លោកនិយាយថា លោកសន្យាថា លោកនឹងមិនរត់នោះទេ ដោយសារតែលោកគ្មានកំហុស។ លោកអាចជាអ្នកជាប់ដានគេ ប៉ុន្តែលោកគឺជាសុភាពបុរសពិតៗ។ សូមបញ្ជាក់ថា នាង Noraphanpiphat មានអ្នកដើរតាម៧៣.០០០នាក់នៅលើបណ្តាញសង្គម Instagram នៅពេលដែលនាងស្លាប់ ហើយក្រុមអ្នកគាំទ្ររបស់នាង បានសម្តែងនូវការកាន់ទុក្ខ ចំពោះការស្លាប់របស់នាង៕