ក្រុមអ្នកវិទ្យាសាស្ត្រប្រកាសអាសន្ន ក្រោយពេលមានការរលាយទឹកកក និងកំណើនកម្ពស់ទឹកសមុទ្រ

ព័ត៌មានអន្តរជាតិ
0
466
វានឹងក្លាយជាការប្រកាសអាសន្នដ៏ច្បាស់លាស់បំផុតមួយពីការឡើងកម្តៅផែនដី កំពុងវាយប្រហារមកលើមហាសមុទ្រ និងតំបន់ទឹកកករបស់ពួកយើង។ ក្រុមអ្នកវិទ្យាសាស្រ្ត បានជួបជុំគ្នានៅប្រទេសម៉ូណាកូ ដើម្បីបញ្ចប់របាយការណ៍លើសមុទ្រ និងតំបន់ទឹកកករបស់ពួកយើង។ របាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃពុធនេះ នឹងបង្ហាញថាតើមហាសមុទ្រគឺជាមិត្តល្អរបស់ពួកយើងបែបណា វាកំពុងជួយពួកយើងទប់ទល់នឹងការឡើងសីតុណ្ហភាពខ្ពស់។ប៉ុន្តែរបាយការណ៍នេះ បានធ្វើការព្រមានផងដែរថា ការឡើងកម្តៅផែនដី កំពុងតែធ្វើឲ្យសមុទ្រក្លាយជាការគំរាមកំហែងដ៏ធំមួយដល់មនុស្សលោក។ ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន IPCC ដែលគាំទ្រដោយរដ្ឋាភិបាលម៉ូណាកូ កាលពីឆ្នាំ២០១៥ នឹងផលិតរបាយការណ៍ពិសេសមួយពាក់ព័ន្ធនឹងមហាសមុទ្រ និងតំបន់ទឹកកក ។ អស់រយៈពេល៣ឆ្នាំកន្លងមកនេះ ក្រុមអ្នកវិទ្យាសាស្រ្ត បានពិនិត្យមើលរបាយការណ៍ជាច្រើន ពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ ដែលធ្វើឲ្យប៉ះពាល់ដល់សមុទ្រ តំបន់ប៉ូល និងផ្ទាំងទឹកកក។ របាយការណ៍របស់ពួកគេ នឹងតាមដានលំហូរទឹកចេញពីកំពូលភ្នំទឹកកក ចូលទៅក្នុងសមុទ្រ ហើយនិងវិធីដែលវាធ្វើឲ្យផែនដីក្តៅជាងមុន។ ពួកគេបានរកឃើញពីការគំរាមកំហែងពីការកើនឡើងនីវ៉ូទឹកសមុទ្រ ដែលអាចធ្វើឲ្យគ្រោះថ្នាក់ដល់មនុស្សរាប់រយលាននាក់ មុនដំណាចសតវត្សរ៍នេះ។ ចាប់តាំងពីឆ្នាំ១៩៧០មក មហាសមុទ្ររបស់ពួកយើង បានលេបកម្តៅជាង៩០ភាគរយ ដែលបង្កឡើងដោយសារតែការឡើងកម្តៅផែនដី។ បើសិនជាមហាសមុទ្រមិនលេបកម្តៅទេនោះ នោះផ្ទៃផែនដីរបស់ពួកយើង នឹងត្រូវបំផ្លិចបំផ្លាញទាំងស្រុង ដោយសារតែការកើនឡើងកម្តៅទាំងនេះ។ ទោះបីជាយ៉ាងណាក៏ដោយ មហាសមុទ្ររបស់ពួកយើងបច្ចុប្បន្ន កាន់តែក្តៅជាងមុន ប្រៃជាងមុន និងកាន់តែមានជាតិអាស៊ីតច្រើនជាងមុន៕