រុស្ស៊ី បញ្ជូនទាហាន​កេណ្ឌ​ថ្មី​គ្មាន​ការហ្វឹកហាត់​រាប់ម៉ឺន​នាក់ ចូល​សមរភូមិ​ក្ដៅ​

ព័ត៌មានអន្តរជាតិ
0
10


​រដ្ឋធានី​កៀវ​៖ ស្របពេល​ប្រមុខ​យោធា​របស់​ប្រទេស​ន័​រ​វ៉ែ​ស បាន​អះអាង អំពី​ទាហាន​រុស្ស៊ី ប្រហែល ១៨០ ០០០​នាក់ បាន​ស្លាប់ ឬ របួស នៅលើ​សមរភូមិ​ប្រយុទ្ធ​ជាមួយនឹង​កងទ័ព​ការពារ​ទឹកដី​របស់​ក្រុង​កៀវ នោះមក មន្ដ្រីជាន់ខ្ពស់​មួយរូប​របស់​មន្ទីរ​ប​ញ្ច​កោណ នៃ​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក បាន​រាយការណ៍ អំពី​ក្រុង​មូ​ស្គូ កំពុងតែ​បញ្ជូនទាហាន​មានការ​ហ្វឹកហ្វឺន​តិចតួច​បំផុត ទៅ​ប្រយុទ្ធ នៅក្នុង​សមរភូមិ​ក្ដៅ នៅ​ទីក្រុង​បា​ឃ្មូត (Bakhmut) នា​ភាគ​ខាងកើត ប្រទេស​អ៊ុយ​ក្រែ​ន​។​

​សារព័ត៌មាន NV បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​២៤ ខែមករា ថា លោក ជេ​ក ដេ​ត​ឆ៍ (Jack Detsch) អ្នករាយការណ៍ អំពី​គោលនយោបាយ​ការបរទេស បាន​សរសេរ នៅក្នុង​បណ្ដាញ​សង្គម​ធ្វី​ធើរ កាលពី​ថ្ងៃ​ចន្ទ ដោយ​ដកស្រង់​សម្ដី​របស់​មន្ដ្រីជាន់ខ្ពស់​មួយរូប នៃ​មន្ទីរ​បញ្ច​កោណ​របស់​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក ថា ក្រុម​មេបញ្ជាការ​ទាហាន​រុស្ស៊ី កំពុងតែ​បញ្ជូនទាហាន​រាប់ម៉ឺន​នាក់ គ្មាន​ការហ្វឹកហ្វឺន និង ខ្វះខាត​សម្ភារ​សឹក ទៅ​ប្រយុទ្ធ​នៅក្នុង​សមរភូមិ​ក្ដៅ នៅ​ទីក្រុង​បា​ឃ្មូត (Bakhmut) ខេត្ត​ដូ​ណែ​ត​ស្ក៍ (Donetsk)​។ ទាហាន​រាប់ម៉ឺន​នាក់​ទើបនឹង​កេណ្ឌ​មក​ថ្មី​ទាំងនោះ នឹងត្រូវ​បង្កើន​កម្លាំង​ឈរជើង នៅតាម​ទីតាំង​ផ្សេងៗ ស្របពេល​កម្លាំង​កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ចុះខ្សោយ ដោយសារ​ការប្រយុទ្ធ​គ្នា នៅក្នុង​សមរភូមិ​បា​ឃ្មូត​។​



​លោក ជេ​ក ដេ​ត​ឆ៍ (Jack Detsch) បាន​បន្ថែម ថា បើតាម​ការវាយតម្លៃរ​បស់​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង ថា ទាហាន​របស់​រុស្ស៊ី​ទាំងនោះ គ្មាន​ការហ្វឹកហាត់​ឲ្យ​បាន​ដិតដល់ ហើយ​ថែមទាំង​មិនបាន​បំពាក់​គ្រឿង​សឹក ឲ្យ​បាន​គ្រប់គ្រាន់​នោះឡើយ​។ ពួកគេ​ត្រូវបាន​បញ្ជូនទៅ​កាន់​សម​រ​ភូមិ​ប្រយុទ្ធ​ដ៏​ក្ដៅ​បំផុត នៅ​តំបន់​ភាគ​ខាងកើត ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ ទីក្រុង​បា​ឃ្មូត នៅតែ​ជា​ចំណុចក្ដៅ នៅក្នុង​ចំណោម​សមរភូមិ​ប្រយុទ្ធ​នានា នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​កម្លាំង​ទាហាន​រុស្ស៊ី បានកំណត់​គោលដៅ វាយ​ដណ្ដើម​កាន់កាប់​ទីក្រុង​យុទ្ធសាស្ដ្រ​មួយ​នេះ​។ នៅ​មុនពេល​សង្គ្រាម​ផ្ទុះឡើង​នោះ ទីក្រុង​បា​ឃ្មូត មាន​ប្រជាជន​អ៊ុយ​ក្រែ​ន ប្រហែល ៧៣ ០០០​នាក់​រស់នៅ ហើយ​ឥឡូវនេះ ទីក្រុង​មួយ​នេះ ក្លាយជា​សមរភូមិ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​បំផុត​។​

​អគ្គសេនាធិការ​កងទ័ព​អ៊ុយ​ក្រែ​ន បាន​រាយការណ៍ ថា រុស្ស៊ី បាន​បាត់បង់​ទាហាន ចំនួន ១២១ ៤៨០​នាក់ ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ រហូតមកដល់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២៣​។​

​ដោយឡែក លោក​ឧត្ដមសេនីយ៍ អេ​រីក គ្រី​ស្ដូ​ហ្វ​ហ័​រ​សេន (Eirik Kristoffersen) ប្រមុខ​កងទ័ព​ន័​រ​វ៉ែ​ស បានបញ្ជាក់ នៅក្នុង​បទសម្ភាសន៍​មួយ ជាមួយនឹង​ទូរទស្សន៍ TV2 ថា «​ការខូចខាត​របស់​រុស្ស៊ី មាន​ស្លាប់ ឬ របួស​ដល់​កងទ័ព ប្រហែល ១៨០ ០០០​នាក់ ខណៈ​អ៊ុយ​ក្រែ​ន ក៏បាន​រង​ការខូចខាត ប្រហែល ១​សែន​នាក់ ហើយ​ជន​ស៊ីវិល ប្រហែល ៣០ ០០០​ត្រូវបាន​សម្លាប់ នៅក្នុង​សង្គ្រាម​នេះ​»​។​

​ន័​រ​វ៉ែ​ស ជា​ប្រទេស​អឺរ៉ុប​ខាងជើង មាន​ព្រំដែន​ជាប់​ជាមួយនឹង​ប្រទេស​រុស្ស៊ី ហើយ​ក្រុង​អូ​ស្លូ បាន​ចូល​ជា​សមាជិក​របស់​អង្គការ​ណា​តូ ចាប់តាំងពី​អង្គការ​សម្ពន្ធមិត្ត​យោធា​ដ៏​ខ្លាំងក្លា​របស់​ពិភពលោក​មួយ​នេះ បាន​បង្កើន​ឡើង នៅក្នុង​អំឡុង​ឆ្នាំ​១៩៤៩​មកម្ល៉េះ​។​

​លោក ម៉ាក មី​ល​ឡេ (Mark Milley) នាយអគ្គសេនាធិការ​ចម្រុះ កងទ័ព​សហរដ្ឋអាមេរិក ធ្លាប់បាន​លើកឡើង កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២២ ថា រុស្ស៊ី បាន​រង​នូវ​ការខូចខាត​កម្លាំង​ទាហាន ទាំង​ស្លាប់ ឬ របួស ប្រហែល​ជាង ១​សែន​នាក់ ខណៈ​អ៊ុយ​ក្រែ​ន មាន​រងគ្រោះថ្នាក់ ប្រហាក់ប្រហែលគ្នា​នេះដែរ​។​

​ទោះជា​យ៉ាងណា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ និង ក្រុង​កៀវ មិនបាន​ផ្ដល់​តួលេខ អំពី​ចំនួន​ការខូចខាត​កម្លាំង​ទ័ព​របស់​ពួកគេ នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ គួរ​ឲ្យ​ទុកចិត្ត​នោះឡើយ​។ ជាមួយគ្នានេះ ក៏​មិនទាន់មាន​ប្រភព​ឯករាជ្យ​ណាមួយ បញ្ជាក់ អំពី​ចំនួន​កងទ័ព​ទាំងសងខាង រងគ្រោះថ្នាក់ ឲ្យ​បានជា​ក់លាក់​នោះដែរ​៕​