អាមេរិក​ទទូច កូរ៉េខាងជើង ឲ្យ​ចៀសវាង​ការបង្ក​ហេតុ បន្ទាប់ពី​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​មួយ​គ្រាប់​ទៀត

ព័ត៌មានអន្តរជាតិ
0
302
​កាលពី​ព្រឹក​ថ្ងៃ​ពុធ (២ កញ្ញា​) ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ផ្លោង ដែល​បាន​ធ្លាក់​នៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ជប៉ុន ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​កូរ៉េខាងជើង​ខ្លួនឯង បានប្រកាសថា នឹង​បន្ត​កិច្ចពិភាក្សា​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋអាមេរិក​នោះ ។​សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង នៅ​ថ្ងៃ​ពុធ​នេះ (២ តុលា​) ត្រូវតែ "​ចៀសវាង​ការបង្ក​ហេតុ​" និង​ប្តេជ្ញាចិត្ត​ក្នុង​ការចរចា​នុយក្លេអ៊ែរ បន្ទាប់ពី​ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ផ្លោង ។​ ​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាមេរិក​បាន​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​សារព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៩​ថា «​យើង​សូម​អំពាវនាវ​ឲ្យ (​កូរ៉េខាងជើង​) ចៀសវាង​ពី​ការបង្ក​ហេតុ​, គោរព​តាម​កាតព្វកិច្ច​របស់​ពួកគេ នៅក្រោម​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​បន្ត​ចូលរួម​ក្នុង​ការចរចា​ប្រកបដោយ​ចីរភាព ធានា​សន្តិភាព និង​ស្ថេរភាព​នៅលើ​ឧបទ្វីប​កូរ៉េ និង​សម្រេចបាន​នូវ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​» ។ ​យោងតាម​ប្រភពព័ត៌មាន​ពី​កម្លាំងយោធា​កូរ៉េខាងត្បូង​បានប្រកាស​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា កាំជ្រួច​មី​ស៊ី​ល​របស់​កូរ៉េខាងជើង បាន​បាញ់​នៅ​ជិត​ទីក្រុង វ៉ុ​ន​សាន ឆ្នេរសមុទ្រ​ភាគ​ខាងជើង​របស់​កូរ៉េខាងជើង ។ កាំជ្រួច​មី​ស៊ី​ល​នោះ បាន​ហោះ​បាន​រយៈកម្ពស់​៥៧០ ម៉ា​យល៍ (​ជាង​៩០០​គីឡូម៉ែត្រ​) និង​បាន​ធ្លាក់ចុះ រយៈ​ចម្ងាយ​២៨០ ម៉ា​យ (​ជាង​៤៥០​គីឡូម៉ែត្រ​) ពី​ចំណុច​ដែល​បាន​បាញ់​សាកល្បង​នោះ ។​ ​នៅមុននេះ​បន្តិច ប្រទេស​ជប៉ុន​បានប្រកាសថា ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​មួយ​គ្រាប់ ធ្លាក់​នៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ជប៉ុន ។ ​លោកនាយក​រដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ បាន​ថ្លែងថា មី​ស៊ី​ល​ផ្លោង​នោះ ត្រូវបាន​គេ​បាញ់ ហើយ​លោក​បាន​បន្ទោស​ឧប្បត្តិ​ហេតុនេះ​ថា ជាការ​រំលោភ​លើ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ។​ ​កាលពី​ឆ្នាំ​២០១៨ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​សិង្ហ​បុរី ដែលជា​ទំនាក់ទំនង​កម្រិត​ខ្ពស់​លើកដំបូង​រវាង​ប្រទេស​ទាំងពីរ ។ បន្ត​បន្ទាប់ពី​នោះមក គឺមាន​អម​ទៅដោយ​កិច្ចប្រជុំ​កំពូល​១​ទៀត ក្នុង​ខែកុម្ភៈ នៅ​ឆ្នាំ ២០១៩ នៅ​ទីក្រុង​ហាណូយ តែ​បានបញ្ចប់​ទៅវិញ បន្ទាប់ពី​លោក Trump ចាកចេញ​ភ្លាមៗ ដោយ​លើកឡើង​ពី​ការទាមទារ​របស់​កូរ៉េខាងជើង ដែល​មិនអាច​ទទួលយកបាន ៕ ​