​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ប្រាប់​ពី​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​អាមេរិក​- អាល្លឺម៉ង់ មាន​ប្រសិទ្ធ​ភាពខ្លាំង

ព័ត៌មានអន្តរជាតិ
0
4


​រដ្ឋធានី​កៀវ​៖ ទាហាន​របស់​រុស្ស៊ី បាន​វាយប្រហារ​យ៉ាង​សន្ធាប់ ដោយ​មី​ស៊ី​ល និង តាម​អាកាស ប្រឆាំងនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បណ្ដាល​ឲ្យ​ខូចខាត គិត​ជា​ទឹកប្រាក់ អស់​រាប់រយ​ពាន់​លាន​ដុល្លារ ចាប់តាំងពី​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បញ្ជា​ឲ្យ​កងទ័ព​របស់គាត់ ចូលលុកលុយ​ទៅលើ​ប្រទេសជិតខាង កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ រហូតមក ប៉ុន្ដែ​ឥឡូវនេះ កងទ័ព​ការពារ​ទឹកដី​របស់​ក្រុង​កៀវ មានលទ្ធភាព​ការពារ​ដែនអាកាស​រប​ស់​ខ្លួន រហូត​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បាន​អួតអាង អំពី​ប្រសិទ្ធភាព នៃ​ប្រព័ន្ធ​ការពារ​របស់​សហរដ្ឋ​អាមេរិក និង អាល្លឺម៉ង់​។​

​សារព័ត៌មាន មាន​មូលដ្ឋាន នៅ​សិង្ហ​បុរី Channel News Asia បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​៧ ខែសីហា ថា លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​អះអាង កាលពី​ថ្ងៃអាទិត្យ (​ទី​៦ ខែសីហា​) ថា ឥឡូវនេះ អ៊ុយ​ក្រែ​ន កំពុងតែ​មើលឃើញ អំពី​លទ្ធផល​ដ៏​សំខាន់បំផុត ពី​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​សហរដ្ឋអាមេរិក និង អាល្លឺម៉ង់ ថ្វីបើ​មាន​រលក​វាយប្រហារ​តាម​អាកាស ពី​កម្លាំង​ទាហាន​រុស្ស៊ី បាញ់ស្រោច សំដៅ​មកលើ​ជន​ស៊ីវិល និង អគារ​លំនៅឋាន នៅក្នុង​រដ្ឋធានី​កៀវ និង ទីក្រុង​នានា​របស់​អ៊ុយ​ក្រែ​ន យ៉ាងណាក៏ដោយ​។​

​ដោយឡែក មន្ដ្រី​រដ្ឋាភិបាល​ក្រុង​កៀវ បាន​រាយការណ៍ ថា កម្លាំង​ទាហាន​រុស្ស៊ី បាន​បាញ់​ទម្លាក់​ដ្រូ​ន​មួយគ្រឿង ដែល​ហោះ​សំដៅ​មក​វាយប្រហារ​ជា​លើក​ទី​៣ នៅក្នុង​រដ្ឋធានី​មូ​ស្គូ នៅក្នុង​រយៈពេល​១​សប្ដាហ៍​កន្លងមកនេះ ខណៈ​ភាគី​ជម្លោះ​ទាំង​២ បាន​អះអាង អំពី​ការវាយប្រហារ​ស្ពាន​ចំនួន​២ ត​ភ្ជាប់​ពី​ឧបទ្វីប​គ្រី​មៀ (Crimea) ទៅកាន់​ដីគោក​។​

​កម្លាំង​ទាហាន​រុស្ស៊ី និង អ៊ុយ​ក្រែ​ន បាន​បង្កើន​ការវាយប្រហារ ដាក់គ្នា​ទៅវិញទៅមក ប្រឆាំងនឹង​ឃ្លាំង​អាវុធ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ គាំទ្រ​ដល់​សង្គ្រាម ខណៈ​ក្រុង​កៀវ កំពុងតែ​ព្យាយាម​បណ្តេញ​កងកម្លាំង​រុស្ស៊ី ដែល​កាន់កាប់​ទឹកដី​របស់ខ្លួន នៅ​ទូទាំង​ភាគខាងត្បូង និង​ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់តាំងពី​ការឈ្លានពាន​របស់​ក្រុង​មូ​ស្គូ ចាប់តាំងពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ រហូតមក​។​
ពាណិជ្ជកម្ម

​ប្រធាន​តំបន់​គ្រី​មៀ លើក​បន្តុប​ដោយ​រុស្ស៊ី បាន​អះអាង ថា ស្ពាន Chonhar (​ឆុន​ហារ​) ត​ភ្ជាប់​ទៅកាន់​ឧបទ្វីប ដែល​ត្រូវបាន​ក្រុង​មូ​ស្គូ រឹប​អូ​យក​ពី​អ៊ុយ​ក្រែ​ន កាលពី​អំឡុង​ឆ្នាំ​២០១៤ បាន​រង​ការខូចខាត ដោយ​ការវាយប្រហារ​ពី​មី​ស៊ី​ល​។ ចំណែក​ផ្លូវ​មួយទៀត នៅក្នុង​ចំណោម​ផ្លូវ​ទាំងបី ត​ភ្ជាប់ រវាង​តំបន់​គ្រី​មេ និង តំបន់​មួយចំនួន​របស់​អ៊ុយ​ក្រែ​ន ដែល​រុស្ស៊ី បាន​កាន់កាប់ នៅ​ជិត​ទីក្រុង Henichesk (​ហេ​នី​ឆេ​ស្ក៍​) បាន​រង​នូវ​ការបាញ់​ផ្លោង ហើយ​អ្នកបើកបរ ជា​ជន​ស៊ីវិល​ម្នាក់ បាន​រងរបួស​។​

​លោក​ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បានបញ្ជាក់ នៅក្នុង​សុន្ទរកថា​ជា​វីដេអូ នា​ពេលយប់​របស់គាត់ កាលពី​ថ្ងៃអាទិត្យ ថា ប្រព័ន្ធ​ការពារ​ដែនអាកាស​ទំនើ​បៗ​របស់​បស្ចិមប្រទេស រួមទាំង Patriot ផលិត​ដោយ​សហរដ្ឋអាមេរិក និង IRIS-T របស់​អាល្លឺម៉ង់ កំពុង​បង្ហាញឱ្យឃើញ អំពី​ប្រសិទ្ធភាព​ខ្ពស់ ហើយ​បានផ្តល់​លទ្ធផល​ដ៏​គួរឱ្យកត់សម្គាល់​រួចមកហើយ​ដែរ​។ អ៊ុយ​ក្រែ​ន បាន​បាញ់​ទម្លាក់​មី​ស៊ី​ល​ទំនើបៗ​របស់​រុស្ស៊ី កាលពី​សប្តាហ៍​មុន ដោយ​រួមទាំង មី​ស៊ី​ល​ជាច្រើន​ប្រភេទ ចំនួន​៦៥​ប្រភេទ និង ដ្រូ​ន​វាយប្រហារ ចំនួន​១៧៨​គ្រឿង រួមទាំង ដ្រូ​ន​អត្ដ​ឃាត Shaheds ចំនួន​៨៧​គ្រឿង​។​


​កងទ័ព​អ៊ុយ​ក្រែ​ន បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍ កាលពី​ល្ងាច ថ្ងៃអាទិត្យ ថា ទាហាន​រុស្ស៊ី បាន​បាញ់​មី​ស៊ី​ល ចំនួន​៣០​លើក និង ការវាយប្រហារ​តាម​អាកាស ចំនួន​៤៨​លើក​។ ការវាយប្រហារ​នេះ បាន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់ និង រងរបួស នៅក្នុង​ចំណោម​ជន​ស៊ីវិល​។ រីឯ​សំណង់​លំនៅឋាន និង ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល បាន​រង​ការបំផ្លិចបំផ្លាញ​។​

​បើទោះជា​យ៉ាងណា រុស្ស៊ី បាន​ច្រានចោល អំពី​ការកំណត់​គោលដៅ វាយប្រហារ​ទៅលើ​មន្ទីរពេទ្យ​ស៊ីវិល និង មន្ទីរពេទ្យ​យោធា នៅក្នុង​ប្រតិ​ប​ត្ដិ​ការ​ពិសេស​ទ្រង់ទ្រាយ​ធំ​របស់ខ្លួន ដែល​បានសម្លាប់​មនុស្ស រាប់ម៉ឺន​នាក់ ជម្លៀស​មនុស្ស​រាប់លាន​នាក់ និង ការបំផ្លិចបំផ្លាញ​ទីក្រុង​នានា នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ដោយឡែក នៅក្នុង​ប្រទេស​រុស្ស៊ី ឯណោះ​វិញ អាកាសយានដ្ឋាន​វី​នូ​កូ​វ៉ូ (Vnukovo) របស់​ទីក្រុង​មូ​ស្គូ បាន​ផ្អាក​ជើងហោះហើរ កាលពី​ថ្ងៃអាទិត្យ ដោយ​លើកឡើង អំពី​ហេតុផល​មិន​ជាក់លាក់​នៅ​ខាងក្រៅ​ការគ្រប់គ្រង​របស់ខ្លួន​។ អភិបាលក្រុង​ម៉ូស្គូ លោក ស៊ើ​រ​ហ្គេ សូប​យ៉ា​នី​ន Sergei Sobyanin បាន​អះអាង ថា យន្តហោះ​គ្មាន​មនុស្ស​បើក ឬ ដ្រូ​ន​មួយគ្រឿង ត្រូវបាន​បាញ់​ទម្លាក់ នៅ​ភាគខាងត្បូង នៃ​រដ្ឋធានី​មូ​ស្គូ​។​

​ក្រសួងការពារជាតិ​រុស្ស៊ី បានបញ្ជាក់ នៅមុននេះ ថា រុស្ស៊ី បាន​វាយប្រហារ ដោយ​ជោគជ័យ​ទៅលើ​មូលដ្ឋាន​ទ័ពអាកាស​អ៊ុយ​ក្រែ​ន នៅ​តំបន់​ភាគ​ខាងលិច Rivne (​រី​វ​ណេ​) និង Khmelnytskyi (​ខ្មែ​ល​នី​ត​ស្គី​) ហើយ​តំបន់​ហ្សា​ប៉ូ​រី​សហ្សា (Zaporizhzhia) នា​ភាគខាងត្បូង​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។ ទាហាន​រុស្ស៊ី បាន​វាយប្រហារ​ជា​ក្រុម ដោយ​ប្រើប្រាស់​អាវុធ​ដ៏​ជាក់លាក់ រយៈ​ចម្ងាយ​ឆ្ងាយ និង វាយប្រហារ​ពី​សមុទ្រ ហើយ​គោលដៅ​ទាំងអស់ ត្រូវបាន​កម្ទេច​។​


​មន្ត្រីជាន់ខ្ពស់ មកពី​ប្រទេស​ចំនួន​៤០ រួមមាន សហរដ្ឋអាមេរិក ចិន និង ឥណ្ឌា​…​ជាដើម បាន​ជួប​ពិភាក្សាគ្នា នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ស្វះ​ស្វែងរក​ពិធី​ដោះស្រាយ​ជម្លោះ រវាង​ប្រទេស​រុស្ស៊ី និង អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​កិច្ចប្រជុំ​នេះ បានបញ្ចប់​ទៅដោយ​មិនមាន​សកម្មភាព​ជាក់ស្តែង លើសពី​ការប្តេជ្ញាចិត្ត នៅក្នុង​ការពិគ្រោះ​យោបល់​បន្ថែមទៀត​នោះទេ​។​

​កិច្ចប្រជុំ​នេះ ក្លាយជា​ផ្នែក​មួយ នៃ​ការជំរុញ​ការទូត ដោយ​អ៊ុយ​ក្រែ​ន សម្រាប់​ការកសាង​នូវ​ការគាំទ្រ​លើសពី​អ្នកគាំទ្រ​របស់លោក​ខាងលិច​ស្នូល​របស់​ក្រុង​កៀវ ។ លោក អេ​ន​ឌ្រី យើរ​ម៉ាក (Andriy Yermak) ប្រធាន​ខុទ្ទកាល័យ​របស់លោក​ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បាន​អះអាង ថា ការពិភាក្សា មាន​ផលិតភាព​ខ្លាំង ប៉ុន្តែ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​នោះឡើយ​៕