ដំរីមួយហ្វូង ឆ្លងដែនពីថៃ មកលេងស្រុកខ្មែរ តែសំណាងល្អមិនបង្កហានិភ័យដល់មនុស្ស

ព័ត៌មានអន្តរជាតិ
0
346
ខេត្តបាត់ដំបង ៖កាលពីពេល កន្លងទៅថ្មីៗនេះមានរឿងដ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងដោយសារមានសត្វដំរីមួយហ្វូង ប្រមាណជាង១០ក្បាល បានឆ្លងដែនចូលមកកាច់បំបាក់ បារ៉ាស់ដែក បណ្ដាលឲ្យបាក់ខ្ទេចខ្ទីអស់។ ប្រភពព័ត៌មានពីប៉ុស្តិ៍ច្រកតំបន់៤០០ បានបញ្ជាក់ថា នៅម៉ោងប្រមាណជា១០និង១៥នាទីយប់ ដើមសប្តាហ៍កន្លងទៅ គឺមានដំរីមួយហ្វូងប្រមាណជាង១០ក្បាល បានឆ្លងមកពីទឹកដីថៃ ចូលមកកាច់បារ៉ាស់ត្រួតពិនិត្យចំណុចខ្ពស់ខាងលើ និងមានការខូចខាតទាំងស្រុង។ លោកបានបន្តថា នៅក្នុងចំណោមសត្វដំរីទាំងអស់នេះ គឺមានអាឈ្មោល១ក្បាល ទំនងជាចុះប្រេង ដោយបានអុកឡុកប្រជាពលរដ្ឋនៅខេត្ត ច័ន្ទបុរី ព្រមទាំងបានបន្តដំណើរមកដល់តំបន់ក្បែរច្រក ៤០០ ហើយក៏បានវាយបំផ្លាញស្លាកសញ្ញានានាមួយចំនួនតាមដងផ្លូវ នៅលើទឹកដីថៃផងដែរ ដោយការអុកឡុកនេះមានរយៈពេល ជិត១ខែ មកហើយ។ លោកក៏បានបញ្ជាក់ថា នៅយប់កើតហេតុដោយសារតែមានការកាច់បំផ្លាញបែបនេះ កម្លាំងជួរមុខក៏បានផ្ទុះអាវុធប៉ុន្មានគ្រាប់ដែរដើម្បីដេញសត្វទាំងនេះ ឲ្យចូលទៅក្នុងព្រៃវិញ ហើយលោកក៏តែងតែផ្ដាំផ្ញើដល់អ្នកធ្វើដំណើរតាមច្រក៤០០ដែរ គឺមិនឲ្យចេញពីព្រលឹមពេក និងមិនឲ្យវិលត្រឡប់។​ មកវិញនៅពេលល្ងាចពេក ព្រោះខ្លាចជួបនឹងសត្វដំរីនេះ ដោយសារតែវាឧស្សាហ៍ចេញចូលមកលើផ្លូវនេះណាស់។ ដោយឡែកក្រុមអភិរក្សសត្វព្រៃរបស់ភាគីថៃ ក៏កំពុងតាមប្រមាញ់សត្វដំរីនេះដែរ ដើម្បីរកវិធីបង្ក្រាបឲ្យបាន។ ដូច្នេះរាល់បណ្ដាប្រជាពលរដ្ឋ និងអ្នកទេសចរដែលមានបំណងចូលទៅលេងក្នុងទឹកដីថៃតាមច្រក៤០០ ត្រូវបង្កើននូវការប្រុងប្រយ័ត្ន គឺត្រូវត្រឡប់ក្រោយវិញភ្លាម នៅពេលដែលឃើញសត្វដំរីទាំងនេះចេញមកលើផ្លូវ។សូមបញ្ជាក់ថា ច្រក៤០០ គឺជាច្រកមួយ ស្ថិតក្នុងស្រុកសំឡូត ជាប់នឹងព្រំដែនកម្ពុជា-ថៃហើយក៏ជាច្រកមួយដែលមានទីតាំងនៅលើតំបន់ខ្ពស់ផងដែរ ដោយតំបន់នេះពោរពេញដោយជួរភ្នំ និងព្រៃយ៉ាងក្រាស់ថែមទៀតផង៕