តម្លៃ​ស្បៀងអាហារ​របស់​ពិភពលោក​នឹង​ធ្លាក់ចុះ ក្រោយ​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ចុះហត្ថលេខា​

ព័ត៌មានអន្តរជាតិ
0
204
រដ្ឋធានី​អង់កា​រ៉ា​៖ រុស្ស៊ី និង អ៊ុយ​ក្រែ​ន បាន​យល់ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដ៏​សំខាន់​ជា​លើកដំបូង សម្រាប់​បើកផ្លូវ នាំ​ឲ្យ​មានការ​នាំចេញ​គ្រាប់​ធញ្ញជាតិ រាប់លាន​តោន ចេញពី​កំពង់ផែ​របស់​អ៊ុយ​ក្រែ​ន នៅ​សមុទ្រ​ខ្មៅ ដែល​ត្រូវ​ជាប់គាំង ដោយសារ​សង្គ្រាម ដើម្បី​នាំទៅ​ផ្គត់​ផ្គង​ដល់​ពិភពលោក ដែល​កំពុងតែជួបប្រទះ​នឹង​គ្រោះ​អត់ឃ្លាន​។​


​សារព័ត៌មាន The Kyiv Independent បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​២២ ខែកក្កដា ថា ក្រោយពេល​មានការ​សម្របសម្រួល ពី​ប្រធានាធិបតី​តួ​ក​គី និង អគ្គលេខាធិការ អង្គការសហប្រជាជាតិ ទើប​ជំរុញ​ឲ្យ​រុស្ស៊ី និង អ៊ុយ​ក្រែ​ន ឈានដល់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ (UN) ដើម្បី​ចាប់ផ្ដើម​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​ឡើងវិញ តាម​ច្រក​សមុទ្រ​ខ្មៅ​។ មន្ដ្រី​ក្រុង​មូ​ស្គូ និង ក្រុង​គៀវ បាន​អង្គុយ នៅ​តុ​ផ្សេងគ្នា ហើយ​ចុះហត្ថលេខា​លើ​ឯកសារ​ដ៏​សំខាន់ សម្រាប់​ការផ្គត់ផ្គង់​ស្បៀងអាហារ​របស់​ពិភពលោក​។ នេះ​ជា​កិច្ចព្រមព្រៀង​លើកដំបូង រវាង​ភាគី​ទាំង​២ ចាប់តាំងពី​មេ​ដឹ​នាំ​វិមាន​ក្រឹម​ឡាំង លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) បាន​បញ្ជា​ឲ្យ​កងទ័ព​រុស្ស៊ី វាយលុក​ឈ្លានពាន ចូលទៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២​។​

​កិច្ចព្រមព្រៀង រវាង​ប្រទេស​អ៊ុយ​ក្រែ​ន និង រុស្ស៊ី កាលពី​ថ្ងៃ​សុក្រ នៅក្នុង​ទីក្រុង​អ៊ី​ស្ដា​ន់​ប៊ូល (Istanbul) ប្រទេស​តួ​ក​គី បានកើត​ឡើង ក្រោម​ការសម្របសម្រួល ពី​រដ្ឋាភិបាល​អង់កា​រ៉ា (Ankara)​។ ចំណែក​ការ​អនុវត្ដ​ន៍​នូវ​កិច្ចព្រមព្រៀង គាំទ្រ ដោយ​អង្គការសហប្រជាជាតិ​នេះ នឹងត្រូវ​អនុវត្ដ នៅក្នុង​រយៈពេល​២​ទៅ​៣​សប្ដាហ៍​ខាងមុខនេះ​។​


​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី លោក ស៊ើ​ហ្គេ សូ​អ៊ី​ហ្គុ (Sergei Shoigu) ក៏បាន​ចូលរួម​ជាមួយនឹង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់​តូ​នី​ញ៉ូ ហ្គូ​ទែ​រ​រ៉ែ​ស (Antonio Guterres) និង​ប្រធានាធិបតី​តួ​ក​គី លោក រេ​សេប តា​យ​យី​ប អេ​ដូ​ហ្គេ​ន (Recep Tayyip Erdogan) នៅក្នុង​ពិធី​ចុះហត្ថលេខា​នេះ ខណៈ​មន្ត្រី​រុស្ស៊ី និង អ៊ុយ​ក្រែ​ន អង្គុយ​នៅ​តុ​ដាច់ដោយឡែក​ពីគ្នា​។​

​ស្រូវ​សាលី រាប់លាន​តោន បាន​ជាប់គាំង​នៅក្នុង​ប្រទេស​ដែល​ហែកហួរ ដោយសារ​សង្គ្រាម​មួយ​នេះ​។ ចំណែក​ក្រុមហ៊ុននាំចេញ​គ្រាប់​ធញ្ញជាតិ នៅក្នុង​ទីក្រុង​កំពង់ផែ​នានា​របស់​អ៊ុយ​ក្រែ​ន ដូចជា ទីក្រុង​អូ​ដេ​សា (Odesa០ មិនអាច​ដឹកជញ្ជូន​ទំនិញ​របស់​ពួកគេ​បាន ដោយសារតែ​សង្គ្រាម​នេះ​។ ជម្លោះ រវាង​ប្រទេសជិតខាង​ទាំង​២ បាន​នាំឱ្យមាន​កង្វះខាត​ស្បៀងអាហារ​ជាស​កល ហើយ​ធ្វើឱ្យ​តម្លៃ​ម្ហូបអាហារ កើនឡើង​ខ្ពស់​។​


​អ៊ុយ​ក្រែ​ន ជា​ប្រទេស​នាំចេញ​ស្រូវ​សាលី​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក​។ ប៉ុន្ដែ​ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម​ឈ្លានពាន​របស់​ក្រុង​មូ​ស្គូ កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ​នោះមក ទាហាន​រុស្ស៊ី​បាន និង កំពុង​រាំងខ្ទប់​សមុទ្រ​ខ្មៅ ជា​កន្លែង​នាំចេញ​គ្រាប់​ធញ្ញជាតិ ពី​កំពង់ផែ​សំខាន់ៗ​របស់​អ៊ុយ​ក្រែ​ន ត្រូវ​ជាប់គាំង​។ ចំណែក​កិច្ចព្រមព្រៀង​នេះ មាន​សារសំខាន់ សម្រាប់​ការផ្គត់ផ្គង់​ស្បៀងអាហារ​របស់​ពិភពលោក ហើយក៏​ជា​កិច្ចព្រមព្រៀង​ដ៏​សំខាន់​លើកដំបូង រវាង​ភាគី​ទាំង​២ ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម​មក​៕​