យ៉ាងហោចណាស់មនុស្សចំនួន៣៥នាក់បានស្លាប់ ដោយសារតែខ្យល់ព្យុះនៅប្រទេសជប៉ុន

ព័ត៌មានអន្តរជាតិ
0
434
បើតាមក្រុមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះរាប់ម៉ឺននាក់បានធ្វើការសង្គ្រោះ និងស្វែងរកតាំងពីព្រឹកព្រលឹម ថ្ងៃចន្ទ ទី១៤ តុលា ដើម្បីទៅដល់ប្រជាជនដែលជាប់ខ្លួននៅតំបន់រងគ្រោះដោយការបាក់ដី និងទឹកជំនន់នៅប្រទេសជប៉ុនដែលត្រូវបានបង្កឡើង ដោយខ្យល់ព្យុះដ៏ខ្លាំងដែលរហូត ដល់ពេលនេះបានសម្លាប់មនុស្ស ៣៥ នាក់ និងបង្កអោយបាត់ខ្លួនយ៉ាងតិចណាស់ ១១ នាក់ ។ ខ្យល់ព្យុះហា ហ្គី ប៊ីស ( Hagibis ) នេះបានធ្វើដំណើររសាយទៅឆ្ងាយចេញពីប្រទេស ជប៉ុន កាលពីព្រឹក ថ្ងៃអាទិត្យ ប៉ុន្តែខណៈដែលវាបានបក់បោកកាត់ តំបន់តូក្យូនិងបានបង្កការបំផ្លិចបំផ្លាញ នៅតំបន់ជុំវិញនៃទីក្រុងនេះ ។ អ្នកជួយសង្គ្រោះជាង ១០០.០០០នាក់ ដោយរួមទាំងកងទ័ព៣១.០០០ នាក់ បានស្វែងរកអ្នកនៅរស់តាមគំនរកម្ទេចកម្ទីបាក់បែកពេញមួយយប់ថ្ងៃអាទិត្យ ដល់ថ្ងៃ ចន្ទ និងបានព្យាយាមទៅដល់ ប្រជាជន ដែល ជាប់ នៅ តំបន់រងគ្រោះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យ បាក់ដី និងបង្កទឹកជំនន់ដែលបានធ្វើឱ្យទឹកទន្លេឡើងហូរហៀរច្រាំង ។ ការបំផ្លិចបំផ្លាញ ដោយ ខ្យល់ព្យុះនេះបានបង្ខំការប្រកួតកីឡាបាល់ឱបពិភពលោក និង កីឡាមួយចំនួនទៀតនៅជប៉ុន ត្រូវបានលុបចោល ។ ទឹកទន្លេបានឡើងហូរហៀច្រាំងទន្លេ នៅទីតាំងជាច្រើនរួមទាំងនៅទីក្រុងណាហ្កាណូនៅភាគកណ្តាលនៃប្រទេស ជប៉ុន ដោយមានការបាក់ជញ្ជាំង ទំនប់ទឹក ទន្លេមួយកន្លែង ដោយបណ្តាល អោយទឹកហូរចេញពីទន្លេបង្កការជន់លិច សង្កាត់ប្រជាជនរស់នៅ និងទឹកជន់លិចផ្ទះរហូតដល់ជាន់ ទី ២ ។ កងទ័ព និង ឧទ្ធម្ភាគចក្រសង្គ្រោះបានជួយសង្គ្រោះពួកអ្នកនៅរស់ពីដំបូលផ្ទះ នៅទីតាំងជាច្រើន ប៉ុន្តែនៅទីក្រុង ហ្វុយ គូ ស៊ីម៉ា ស្ត្រីម្នាក់បានស្លាប់ បន្ទាប់ពីធ្លាក់ពីខ្សែឧបករណ៍សង្គ្រោះ នៃឧទ្ធម្ភាគចក្រសង្គ្រោះមួយ ក្នុងពេលមានការសង្គ្រោះនៅទីក្រុងនេះ ។ នៅកន្លែងផ្សេងទៀត ក្រុមអ្នកជួយ សង្គ្រោះបានធ្វើ ប្រតិបត្តិការសង្គ្រោះដោយប្រើទូក ដើម្បីជម្លៀសមនុស្សរាប់រយនាក់ចេញពីផ្ទះរបស់ពួកគេ ដែលត្រូវបានទឹកជន់លិចនៅទីក្រុង កា វ៉ា ហ្គោ អេ ភាគពាយព្យ នៃទីក្រុងតូក្យូ ។