ព្យុះ​នយោបាយ​បន្ដ​បោក​មកលើ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា ឲ្យ​បោះបង់​តំណែង​រដ្ឋមន្ដ្រី​ការពារជាតិ​

ព័ត៌មានអន្តរជាតិ
0
138
រាជធានី​បាងកក​៖ ថ្វីបើ​លោក​ឧត្ដមសេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា នៅតែ​អាច​បន្ដ​កាន់តំណែង​ជា​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ថៃ ក្រោយពេល​ពេល​តុលាការ​ធម្មនុញ្ញ​របស់​ប្រទេស​អាស៊ាន​មួយ​នេះ បានសម្រេច ដកហូត​តំណែង​នាយករដ្ឋមន្ដ្រី ចេញពី​គាត់​យ៉ាងណាក្ដី ប៉ុន្ដែ​សម្ពាធ​កាន់តែ​ធ្ងន់​ជំរុញ​ឲ្យ​លោក​ឧត្ដមសេនីយ៍ បន្ដ​បោះបង់​តំណែង​កំពូល​ចុងក្រោយ​មួយ​នេះ​បន្ថែមទៀត​។​

​សារព័ត៌មាន Bangkok Post បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​២៦ ខែសីហា ថា លោក​ឧត្ដមសេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា (Prayut Chan-o-cha) បា​អះអាងថា លោក​នឹង​នៅតែ​បន្ដការងារ ក្នុងឋានៈ​ជា​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ថៃ ថ្វីបើ​មានការ​អំពាវ​នាវទាមទារ​ឲ្យ​គាត់ ចុះ​ចេញពី​តំណែង​ចុងក្រោយ​មួយ​នេះ​យ៉ាងណាក្ដី​។​


​បើតាម​ប្រភពព័ត៌មាន ពី​ក្រសួងការពារជាតិ​ថៃ បាន​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ កាលពី​ថ្ងៃ​ព្រហស្បតិ៍ មិនបាន​ចូលមក​បម្រើ​ការងារ នៅក្នុង​ក្រសួងការពារជាតិ នោះទេ​។ ប្រភព​ដដែល​នោះ បាន​អះអាង​ទៀតថា គាត់​បាន​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ការពារជាតិ ពី​ចម្ងាយ តាមរយៈ​វីដេអូ​ទូរគមនាគមន៍ នៅក្នុង​អ្វីដែល​ត្រូវគេ​មើលឃើញថា ជាការ​បន្ធូរបន្ថយ​ស​ម្ពា​ធ ដែល​កំពុង​កើនឡើង មកលើ​គាត់ នៅក្នុង​ការទាមទារ​ឲ្យ​ចុះ​ចេញពី​តំណែង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ ក៏មាន​ការអញ្ជើញ ចូលរួម​ពី​រដ្ឋលេខាធិការ​អចិន្ត្រៃយ៍​របស់​ក្រសួងការពារជាតិ អគ្គមេបញ្ជាការ​រង​ក​ង​យោធពល​ភូមិន្ទ​ថៃ មេបញ្ជាការ​កងទ័ពជើងទឹក និង ទ័ពអាកាស ព្រមទាំង​នាយទាហានជាន់ខ្ពស់ ផងដែរ​។

​ថ្លែង​បន្ទាប់ពី​កិច្ចប្រជុំ​នោះ អ្នកនាំពាក្យ ក្រសួងការពារជាតិ លោក​ឧ​ត្ត​ម​សេនីយ៍ កុង​ជៀប តាន​ត្រា​វ៉ា​និ​ច (Kongcheep Tantrawanich) បានបញ្ជាក់ ថា «​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ បាន​ប្រាប់​អ្នកចូលរួម កុំឱ្យ​ព្រួយបារម្ភ អំពី​គាត់ ហើយ​ថា គាត់​នឹង​បន្ត​ធ្វើការ ក្នុងនាម​ជា​រដ្ឋមន្ត្រី​ការពារជាតិដដែល​។​


​លោក​ឧ​ត្ត​ម​សេនីយ៍ កុង​ជៀប តាន​ត្រា​វ៉ា​និ​ច (Kongcheep Tantrawanich) បាន​សង្កត់ធ្ងន់ ថា «​លោក​ឧត្ដមសេនីយ៍ Prayut អាច ឬ​មិនអាច​វិលត្រឡប់ មក​បំពេញការងារ នៅក្នុង​ក្រសួងការពារជាតិ វា​អាស្រ័យ​លើ​ការងារ​»​។​

​លោក​ឧត្ដមសេនីយ៍ ណា​រុង ផាន់ ចិត​កែវ​ថេ (Narongphan Jitkaewthae) អគ្គមេបញ្ជាការ​កងទ័ព​ថៃ បាន​ទម្លាក់​ការគាំទ្រ​របស់គាត់ ទៅលើ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ (Prayut) ក្រោយពេល​តុលាការ​ធម្មនុញ្ញ​ថៃ ដកហូត​មុខតំណែង​នាយករដ្ឋមន្ដ្រី ពី​លោក ប្រា​យុទ្ធ កាលពី​ថ្ងៃទី​២៤ ខែសីហា​។ ប៉ុន្ដែ​មេទ័ព​កំពូល​ថៃ រូបនេះ នៅតែ​អះអាងថា លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ សម​នឹង​ទទួលបាន​នូវ​ការសរសើរ ចំពោះ​ការគោរព តាម​ដីកា​របស់​តុលាការ​ធម្មនុញ្ញ​ថៃ​។​


​លោក​ឧត្ដមសេនីយ៍ ណា​រុង ផាន់ ចិត​កែវ​ថេ បាន​បញ្ជាក់ថា «​លោក​សូម​កោតសរសើរ អំពី​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង ការ​អនុវត្ដ​ន៍​ច្បាប់​… នៅពេល​ស្ថាប័ន​តុលាការ ប្រាប់​ទៅ​ស្ថាប័ន​នីតិ​ប្រតិ​ប​ត្ដិ អំពី​អ្វី​ត្រូវធ្វើ គឺ​ស្ថាប័ន​នីតិ​ប្រតិ​ប​ត្ដិ បានបង្ហាញ អំពី​សុច្ឆន្ទៈ​ត្រូវ​អនុវត្ដ​។ ដូច្នេះ​លោក​ឧត្ដមសេនីយ៍ ប្រា​យុទ្ធ សម​នឹង​ទទួលបាន​នូវ​ការកោតសរសើរ ចំពោះ​ការធ្វើជា​សុភាពបុរស និង ធ្វើជា​គំរូ​»៕​