ជប៉ុន​បង្កើត​រថយន្ត​គ្មាន​មនុស្ស​បើក​ដែល​អាច​តាមដាន​សុខភាព​អ្នកដំណើរ ឬ​ទូរស័ព្ទ​សុំ​ជំនួយ​បន្ទាន់​

ព័ត៌មានអន្តរជាតិ
0
344
​ក្រុមហ៊ុន​ផលិត​រថយន្ត Mitsubishi បាន​អះអាងថា រថយន្ត​គ្មាន​មនុស្ស​បើក​ដែល​អាច​ត្រួតពិនិត្យ និង​ប្រតិកម្ម​ចំ​ពើ​សុខភាព​អ្នកដំណើរ​បាន​នោះ នឹងធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​ហើយ​នៅ​ឆ្នាំ​២០៣០​ខាងមុខ​។​ ​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ អាច​នឹង​និយាយប្រាប់​ឲ្យ​អ្នកដំណើរ​យកចិត្ត​ទុក ឬ​នៅពេលដែល​សុខភាព​របស់​ពួកគេ​មាន​បញ្ហា​ភ្លាមៗ ដូចជា​ករណី​ជំងឺ​គាំងបេះដូង តាមរយៈ​ការតាមដាន​សញ្ញា​ចាំបាច់​របស់​ពួកគេ​។​ ​ក្រុមហ៊ុន​បាន​និយាយថា បើសិនជា​នរណាម្នាក់​ធ្លាក់ខ្លួន​ឈឺ ខណៈពេល​កំពុង​នៅលើ​រថយន្ត វា​នឹង​អាច​ចត​លើ​ចិញ្ចើមផ្លូវ​ភ្លាម ហើយ​និង​ទូរស័ព្ទ​ទៅកាន់​ក្រុម​វេជ្ជបណ្ឌិត ឬ​ទូរស័ព្ទ​សុំ​ជំនួយ​បន្ទាន់​។​ ​ខណៈពេល​នោះដែរ ក្រុមហ៊ុន​រថយន្ត​ជប៉ុន​មួយ​នេះ បានបង្ហាញ​រថយន្ត​គ្មាន​មនុស្ស​បើក​ប្រភេទ​ថ្មី ម៉ាក “EMIRAI S” អំឡុង​ពិព័រណ៍​រថយន្ត Tokyo Motor Show ដែលមាន​រយៈពេល​ចាប់ពី​ថ្ងៃទី​២៤ ខែតុលា រហូតដល់​ថ្ងៃទី​៤ ខែវិច្ឆិកា​។​ ​ការ​រចនា​រថយន្ត EMIRAI S ឃើញ​មាន​បង្ហាញ​សេន​សឺ ដែល​អាច​គ្រប់គ្រង ឬ​តាមដាន​សុខភាព និង​សុខមាលភាព​របស់​អ្នកដំណើរ និង​ផ្លាស់ប្តូរ Setting​ក្នុង​រថយន្ត ដើម្បី​ជាការ​ឆ្លើយតប​។​ ​យោងតាម​ការអះអាង​ពី​មន្ត្រី​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Mitsubishi​លោក Hiroshi Onishi បាន​ឲ្យ​ដឹងថា រថយន្ត​គ្មាន​មនុស្ស​បើក ដូចជា​រថយន្ត EMIRAI S នឹង​អាចជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ជាច្រើន​នៅក្នុង​សង្គម​បច្ចុប្បន្ន​។​ ​លោក​បន្តថា អ្វីដែល​យើង​បាន​ជួបប្រទះ​នៅពេល​បច្ចុប្បន្ននេះ គឺមាន​នូវ​គ្រោះថ្នាក់​កើនឡើង​ច្រើន​ពាក់ព័ន្ធ​នឹង​តៃកុង​ឡាន​ចាស់ៗ​។​ ​លោក Onishi បាន​បញ្ជាក់ថា រថយន្ត EMIRAI S នឹង​ប្រើប្រាស់​សេន​សឺ​ដើម្បី​តាមដាន​សញ្ញា​ចាំបាច់​របស់​អ្នកដំណើរ​របស់​ពួកគេ ។​ ​លោក​បន្តថា បើសិនជា​វា​រកឃើញ​អ្នកបើក​មិន​យកចិត្តទុកដាក់ ឬ​មិនមាន​អារម្មណ៍​មិន​ស្រួលខ្លួន វា​នឹង​ស្វែងរក​ការសង្គ្រោះ​បន្ទាន់ ឬ​ឈប់​រថយន្ត​ភ្លាម​នៅលើ​ចិញ្ចើមផ្លូវ ហើយ​និង​ទូរស័ព្ទ​ហៅ​គ្រូពេទ្យ បើសិនជា​ចាំបាច់​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ គេ​មិនបាន​ដឹក​ច្បាស់​នោះទេ​ថា​តើ​រថយន្ត​ដ៏​ទំនើប​នេះ​នឹង​ដាក់លក់​ក្នុងតម្លៃ​ប៉ុន្មាន​នោះទេ​៕​