រុស្ស៊ី ចុះហត្ថលេខា​ជាមួយ​អ៊ុយ​ក្រែ​ន​ភ្លាម វា.យប្រ.ហារ​ដោយ​មី​ស៊ី​ល​ភ្លែត​

ព័ត៌មានអន្តរជាតិ
0
236
​រដ្ឋធានី​គៀវ (Kyiv) ៖ ថ្វីបើ​រដ្ឋាភិបាល​ក្រុង​មូ​ស្គ និង ក្រុង​គៀវ កាលពី​ថ្ងៃ​សុក្រ បាន​ចុះ​កិច្ចព្រមព្រៀង តាម​ផែនការ​របស់​អង្គការសហប្រជាជាតិ ដើម្បី​បង្កើន​សុវត្ថិភាព នៅក្នុង​ការនាំចេញ​គ្រាប់​ធញ្ញជាតិ ចេញពី​សមុទ្រ​ខ្មៅ យកទៅ​ផ្គត់ផ្គង់​ដល់​ពិភពលោក ដែល​កំពុងតែ​ប្រឈមមុខ​នឹង​កង្វះខាត​ស្បៀងអាហារ និង​ការកើតឡើង​តម្លៃ​ម្ហូបអាហារ​យ៉ាងណាក្ដី ប៉ុន្ដែ​មិន​ដល់​រយៈពេល​មួយថ្ងៃ​ស្រួលបួល​ផង កម្លាំង​ទាហាន​រុស្ស៊ី បាន​វាយប្រហារ​ដោយ​មី​ស៊ី​ល​ភ្លាមៗ​តែម្ដង​។​

​សារព័ត៌មាន International Business Times បានចេញ​ផ្សាយ កាលពី​រាត្រី ថ្ងៃអាទិត្យ ទី​២៤ ខែកក្កដា ថា អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃអាទិត្យ កំពុងតែ​ជំរុញ​ឲ្យ​មា​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ចាប់ផ្តើម​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​ឡើងវិញ ពី​កំពង់ផែ​សមុទ្រ​ខ្មៅ​របស់ខ្លួន ក្រោម​កិច្ចព្រមព្រៀង ដើម្បី​កាត់បន្ថយ​នូវ​ការខ្វះខាត​ស្បៀងអាហារ​របស់​ពិភពលោក​។ ប៉ុន្តែ​ការវាយប្រហារ កាលពី​ថ្ងៃ​សៅ ក៏បាន​ព្រមាន​ថា ការដឹកជញ្ជូន​នឹងរង​ផលប៉ះពាល់ ប្រសិនបើ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី ទៅលើ​ទីក្រុង Odesa បន្ដ​កើតឡើង​បន្ថែមទៀត​។​


​លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​ថ្កោលទោស​ដល់​ការវាយប្រហារ​របស់​រុស្ស៊ី កាលពី​ថ្ងៃ​សៅរ៍ ថា នេះ​ជា​អំពើ​ព្រៃផ្សៃ ហើយ​សកម្មភាព​បែបនេះ កំពុងតែ​បង្ហាញថា រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ មិនគួរ​ឲ្យ​ជឿទុកចិត្ត​បាន នៅក្នុង​ការអនុវត្ត​នូវ​កិច្ចព្រមព្រៀង ក្រោម​ការសម្របសម្រួល ពី​ប្រទេស​តួ​ក​គី និង អង្គការសហប្រជាជាតិ (UN)​។ ការវាយប្រហារ​នេះ បានកើត​ឡើង ត្រឹមតែ​មួយថ្ងៃ ក្រោយពេល​ក្រុង​មូ​ស្គូ និង ក្រុង​គៀវ បាន​ចុះហត្ថលេខា លើ​ផែនការ​នាំចេញ​គ្រាប់​ធញ្ញជាតិ ពី​កំពង់ផែ​សមុទ្រ​ខ្មៅ នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​បណ្ដាញ​ទូរទស្សន៍​សាធារណៈ Suspilne បាន​ដកស្រង់​សម្តី​របស់​យោធា​អ៊ុយ​ក្រែ​ន មក​ផ្សាយ​ថា ការវាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល​របស់​រុស្ស៊ី មិនបាន​ធ្លាក់ចំ​កន្លែង​ស្តុក​គ្រាប់​ធញ្ញជាតិ នៅក្នុង​កំពង់ផែ Odesa ឬ ក៏បង្ក​ឱ្យមាន​ការខូចខាត​អ្វី​ធំដុំ​នោះទេ​។ រីឯ​រដ្ឋាភិបាល​ក្រុង​គៀវ បាន​អះអាងថា ការរៀបចំ សម្រាប់​បន្ត​ការនាំចេញ​គ្រាប់​ធញ្ញជាតិ ក៏​កំពុងតែ​ដំណើរការ តាម​កិច្ចព្រមព្រៀង នៅក្នុង​ទីក្រុង​អ៊ី​ស្ដង់​ប៊ូល ប្រទេស​តួ​ក​គី ក្រោម​ការសម្របសម្រួល ពី​អង្គការសហប្រជាជាតិ និង តួ​ក​គី​។​


លោក អូ​ឡែ​សាន​ដឺរ គូ​ប្រា​កូវ (Oleksandr Kubrakov) រដ្ឋមន្ដ្រីក្រសួង​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ុយ​ក្រែ​ន បានបញ្ជាក់ នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថា « ឥឡូវនេះ យើង​បន្ត​រៀបចំ​បច្ចេកទេស សម្រាប់​ការនាំចេញ​ផលិតផល​កសិកម្ម ចេញពី​កំពង់ផែ​របស់​យើង​»​។​

មន្ដ្រី​យោធា​រុស្ស៊ី វិញ បាន​អួតអាង​ថា កម្លាំង​ទាហាន​របស់ខ្លួន បាន​វាយប្រហារ​ទៅលើ​នាវាចម្បាំង​របស់​ក្រុង​គៀវ និង ឃ្លាំង​ស្ដុក​គ្រឿង​សព្វាវុធ នៅក្នុង​ទីក្រុង​កំពង់ផែ Odesa របស់​អ៊ុយ​ក្រែ​ន ដោយបាន​បំផ្លិចបំផ្លាញ​គ្រឿង​សព្វាវុធ​អស់​ជាច្រើន ដែល​បាន​ផ្គត់ផ្គង់ ដោយ​លោកខាងលិច​។​



​រុស្ស៊ី និង អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​សុក្រ បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ ក្រោម​វត្ដ​មាន​របស់លោក រ៉េ​សេប តា​យ​យី​ប អេ​ដូ​ហ្គេ​ន (Recep Tayyip Erdogan) ប្រធានាធិបតី​តួ​ក​គី និង លោក អង់​តូ​នី​ញ៉ូ ហ្គូ​ទែ​រ​រ៉ែ​ស ប្រមុខ UN ។ នេះ​ជា​កិច្ចព្រមព្រៀង​ដ៏​សំខាន់​មួយ រវាង​ក្រុង​មូ​ស្គូ និង ក្រុង​គៀវ ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ មក ហើយក៏​ជាស​ញ្ញា បង្ហាញ​ពី​ការ​បំបែក​ភាពទាល់ច្រក​ជា​លើកដំបូង ដើម្បី​ដោះស្រាយ​ការកើនឡើង​នូវ​តម្លៃ​ស្បៀងអាហារ​របស់​ពិភពលោក និង គ្រោះ​អត់​ឃាន​ផងដែរ​។ ដោយឡែក​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់លោក Zelensky ប្រធានាធិបតី​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃអាទិត្យ បាន​ព្រមាន​ថា ការវាយប្រហារ មកលើ​ទីក្រុង Odesa ជា​សញ្ញា​ថា ប្រហែលជា​គ្មាន​បញ្ហា​នោះឡើយ​៕​