ជិត​ដល់​ថ្ងៃ​ជ្រើសរើស​នាយករដ្ឋមន្ដ្រី​ថៃ មេបក្ស​ឈ្នះឆ្នោត ប្រឈមមុខ​នឹង​បញ្ហា​កាន់តែច្រើន​

ព័ត៌មានអន្តរជាតិ
0
0


​រាជធានី​បាងកក​៖ នៅតែ​ត្រឹម​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ សភា​ទាំង​២​របស់​ប្រទេស​ថៃ នឹង​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ដ្រី​ថ្មី ប៉ុន្ដែ​គេ​នៅតែ​មិនទាន់​ដឹង អំពី​ជោគវាសនា​របស់​មេគណ​បក្ស​ឆ្ពោះទៅមុខ ដែល​បានឈ្នះ​ឆ្នោត នៅក្នុង​ការបោះឆ្នោត​សកល កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២៣ ប្រសិនបើ​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត លើក​សំណុំរឿង​របស់គាត់ បញ្ជូន​ទៅកាន់​តុលាការ​ធម្មនុញ្ញ​។​

​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​១១ ខែកក្កដា ថា បើតាម​អតីត​ស្នង​ការរៀបចំ​ការបោះឆ្នោត និង ជា​អ្នកសិក្សា​មួយរូប បាន​ឲ្យ​ដឹង ថា ប្រសិនបើ​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត​ថៃ (EC) បញ្ជូន​សំណុំរឿង ពាក់ព័ន្ធ​នឹង​ការកាន់កាប់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ iTV ពីមុន​របស់លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត ( Pita Limjaroenrat) ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ (Move Forward Party) ហៅ​កាត់ MFP ទៅកាន់​តុលាការ​ធម្មនុញ្ញ​នោះ វា​នឹង​អាចធ្វើ​ឲ្យ​សមាជិក​ព្រឹទ្ធសភា ភាន់ច្រឡំ នៅក្នុង​ការបោះឆ្នោត​ដ៏​សំខាន់ សម្រាប់​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី នៅ​ថ្ងៃ​ព្រហស្បតិ៍ (​ទី​១៣ ខែកក្កដា​)​។​

​លោក ស៊ុម​ឆៃ ស្រ៊ី​ស៊ូ​ត​ធី​យ៉ាក​ន (Somchai Srisutthiyakorn) អតីត​ស្នង​ការរៀបចំ​ការបោះឆ្នោត បានបញ្ជាក់ ថា ប្រសិនបើ​តុលាការ​ធម្មនុញ្ញ ទទួលយក​សំណុំ​រឿងនេះ ទៅ​ពិចារណា​នោះ តុលាការ​អាច​នឹង​បញ្ជា​ឱ្យ​ព្យួរ​តួនាទី​ជា​សមាជិកសភា​របស់លោក ភី​ថា​។ សកម្មភាព​បែបនេះ នឹង​ប៉ះពាល់​ដល់​ការបោះឆ្នោត នៅ​ថ្ងៃ​ព្រហស្បតិ៍ ហើយ​លោក ភី​ថា នឹងមិន​ត្រូវ​អនុញ្ញាតឱ្យ​ចូលក្នុង​សភា នៅក្នុងនាម​ជា​សមាជិកសភា ថ្វីបើ​គាត់ នៅតែ​អាច​ចូល​សភា នៅក្នុងនាម​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី យ៉ាងណាក្ដី​។ សមាជិក​ព្រឹទ្ធសភា អាច​នឹង​លើកឡើង​យក​ហេតុផល​មួយ​នេះ មក​អះអាង អំពី​ការមិន​បោះឆ្នោត​ឲ្យ ព្រោះ​ពួកគេ​ព្រួយបារម្ភ ថា ការបោះឆ្នោត​នេះ នឹង​នាំ​ឲ្យ​មាន​បញ្ហា ដោយសារ​ការចោទប្រកាន់ មកលើ​លោក ភី​ថា អំពី​ការ​មិនមាន​សិទ្ធិ​បោះឆ្នោត​។​
.
​លោក ភី​ថា ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​តែមួយគត់​របស់​គណបក្ស​ឆ្ពោះទៅមុខ ហើយ​គាត់​បាន​រង​ការចោទប្រកាន់ ថា គាត់​ធ្លាប់​កាន់កាប់​ភាគហ៊ុន​ចំនួន ៤២ ០០០​ហ៊ុន នៅក្នុង​ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ iTV ហើយ​ត្រូវបាន​អ្នក​រិះគន់​មួយចំនួន ជឿ ថា វា​ជា​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រតិបត្តិការ ខណៈ​គាត់​បាន​ចុះឈ្មោះ​ជា​បេក្ខភាព នៅក្នុង​ការបោះឆ្នោត នា​ឆ្នាំ​២០១៩​។

​ច្បាប់រដ្ឋធម្មនុញ្ញ​ថៃ ហាមឃាត់​ដល់​បុគ្គល​ណាមួយ ដែល​គ្រប់គ្រង​ភាគហ៊ុន នៅលើ​បណ្ដាញ​ផ្សព្វផ្សាយ ឈរឈ្មោះ សម្រាប់​ការបោះឆ្នោត​។ ប៉ុន្ដែ​លោក ភី​ថា បាន​បដិសេធ​នូវ​ការចោទប្រកាន់​ទាំងនេះ ដោយ​អះអាង ថា គាត់​គ្រាន់តែ​បម្រើការ ជា​ប្រតិបត្តិ​ករ នៃ​ភាគហ៊ុន​មរតក​គ្រួសារ​របស់គាត់​តែប៉ុណ្ណោះ​។​

​អតីតមន្ដ្រី​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត រូបនេះ បាន​បន្ថែម ថា គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថៃ គួរតែ​កោះហៅ​លោក ភី​ថា ចូលមក​ការពារ​ខ្លួន ប្រឆាំងនឹង​ការចោទប្រកាន់​ទាំងនេះ នៅ​មុនពេល​ស្ថាប័ន​មួយ​នេះ សម្រេច​បញ្ជូន​សំណុំរឿង​របស់គាត់ ទៅកាន់​តុលាការ​ធម្មនុញ្ញ​។​

​លោក អ៊ី​តទី​ប៉ន បួន​ប្រា​ខុង (Ittiporn Boonpracong) ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថៃ (EC) កាលពី​ថ្ងៃ​ចន្ទ បានបញ្ជាក់ ថា EC នៅ​មិនទាន់​បញ្ជូន​សំណុំ​រឿងនេះ ទៅកាន់​តុលាការ​ធម្មនុញ្ញ នៅឡើយ ខណៈ​ក្រុម​ស៊ើបអង្កេត បានត្រឹមតែ​ប្រមូល​សំណុំរឿង​របស់​គណៈកម្មាធិកា​រ​សំខាន់​របស់ EC អំពី​ការរកឃើញ​របស់ខ្លួន​។​

​លោក ចេ​ត ដូ​ណា​វ៉ា​នី​ក (Jade Donavanik) ជា​អ្នកប្រាជ្ញ​ផ្នែក​ច្បាប់ និង ជា​អតីត​ទីប្រឹក្សា​មួយរូប​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ បានបង្ហាញ​ទស្សនៈ​របស់គាត់ ថា ប្រសិនបើ EC រកឃើញ​ហេតុផល សម្រាប់​ការចោទប្រកាន់ ប្រឆាំងនឹង​លោក ភី​ថា នោះ គឺ​ជំហាន​បន្ទាប់ សម្រាប់ EC នឹង​បញ្ជូន​សំណុំ​រឿងនេះ ទៅកាន់​តុលាការ​ធម្មនុញ្ញ​។ ប្រសិនបើ​សំណុំ​រឿងនេះ នឹងត្រូវ​ទទួលយក​នោះ តុលាការ នឹង​ស្នើ​ឲ្យ​ប្រធានសភា​ព្យួរ​លោក ភី​ថា នៅក្នុងនាម​ជា​សមាជិកសភា ដោយ​រង់ចាំ​ការកាត់ក្តី​ជាមុនសិន​។ ប៉ុន្ដែ​បើទោះជា​យ៉ាងណាក៏ដោយ ក៏​លោក ភី​ថា នៅតែ​អាច​ត្រូវ​តែងតាំង​ជា​បេក្ខជន សម្រាប់​ការបោះឆ្នោត​នាយករដ្ឋមន្ដ្រី នៅ​ថ្ងៃ​ព្រហស្បតិ៍ ដដែល​។​

​អ្នកប្រាជ្ញ​ផ្នែក​ច្បាប់ រូបនេះ បាន​បន្ដ ថា នៅក្នុង​ករណីនេះ សមាជិក​ព្រឹទ្ធសភា អាច​សម្រេចចិត្ត មិន​បោះឆ្នោត រហូត​ទាល់តែ​តុលាការ សម្រេច​លើ​សិទ្ធិ​ទទួលបាន​របស់លោក ភី​ថា ។ វិធី​មួយទៀត អាច​នឹង​កើតចេញពី​បញ្ហា សម្រាប់​គណបក្សនយោបាយ នៅក្នុង​ការតែងតាំង​បេក្ខជន​ជំនួស​ផ្សេងទៀត​។ ប៉ុន្ដែ​ករណីនេះ មិន​ងាយស្រួល​នោះឡើយ​។ ខ្ញុំ​មិន​គិត ថា នាយករដ្ឋមន្ត្រី​ថ្មី នឹង​នៅតែ​អាច​បោះឆ្នោត​ជ្រើសរើស នៅ​ថ្ងៃទី​១៣ ខែកក្កដា ដដែល​៕​