ក្រុ​ង​មូ​ស្គូ​ដកខ្លួន​ថយ​៤​ថ្ងៃ ផ្ដាស់​ប្ដូរ​គំនិត​មក​ចូលរួម​អនុវត្ដ​កិច្ចព្រមព្រៀង​ឡើងវិញ​

ព័ត៌មានអន្តរជាតិ
0
98


​រដ្ឋធានី​មូ​ស្គូ​៖ ក្រោយ​ការដកខ្លួន ចេញពី​កិច្ចព្រមព្រៀង​នាំ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន ចេញ​តាម​ច្រក​សមុទ្រ​ខ្មៅ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​អង្គការសហប្រជាជាតិ និង តួ​ក​គី បានត្រឹមតែ​រយៈពេល​៤​ថ្ងៃ ក៏​ព្រម​ផ្លាស់ប្ដូរ​គំនិត ងាក​មក​បន្ដ​អនុវត្ដ​កិច្ចព្រមព្រៀង​នោះ​ឡើងវិញ​។​

​សារព័ត៌មាន CNN បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​២ ខែវិច្ឆិកា ថា ក្រសួងការពារជាតិ​រុស្ស៊ី បានបញ្ជាក់ ថា ក្រុង​មូ​ស្គូ បានទទួល​ការធានា​យ៉ាង​ពេញលេញ ពី​ក្រុង​កៀវ ជុំវិញ​ការមិន​ចល័ត​ទ័ព នៅតាម​ច្រករបៀង​សមុទ្រ​ខ្មៅ​។ ដោយសារ​តែមាន​ការធានា​បែបនេះ ទើប​ក្រុង​មូ​ស្គូ ព្រមព្រៀង នឹងចូលរួម​អនុវត្ដ​កិច្ចព្រមព្រៀង​នាំ​គ្រាប់​ធញ្ញជាតិ ចេញពី​កំពង់ផែ​នានា​របស់​អ៊ុយ​ក្រែ​ន នៅ​សមុទ្រ​ខ្មៅ ក្រោម​គំនិត​ផ្ដួចផ្ដើមឡើង ដោយ​អង្គការសហប្រជាជាតិ និង តួ​ក​គី​។​

​ការងា​កមក​ចូលរួម​អនុវត្ដ​កិច្ចព្រមព្រៀង​ឡើងវិញ​របស់​រុស្ស៊ី នឹង​នាំ​ឲ្យ​មាន​សុវត្ថិភាព ដល់​ការនាំចេញ​គ្រាប់​ធញ្ញជាតិ ពី​អ៊ុយ​ក្រែ​ន តាម​ច្រករបៀង​សមុទ្រ​ខ្មៅ​។ ចំណែក​ការដឹកនាំ​ធញ្ញជាតិ នឹងត្រូវ​បន្ដដំណើរ​ការឡើង​វិញ ចាប់ពី​ថ្ងៃ​ពុធ តទៅ​។​

​ក្រសួងការពារជាតិ​រុស្ស៊ី បានបញ្ជាក់ ថា ក្រុង​មូ​ស្គូ នឹងចូលរួម​អនុវត្ដ​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ ក៏​ដោយសារតែ​ខ្លួន​បានទទួល​ការធានា​យ៉ាងពិត​ប្រាកដ ពី​ក្រុង​កៀវ ថា អ៊ុយ​ក្រែ​ន នឹងមិន​ប្រើប្រាស់​ច្រករបៀង​សមុទ្រ​ខ្មៅ សម្រាប់​ប្រតិ​ប​ត្ដិ​ការ​យោធា ប្រឆាំងនឹង​រុស្ស៊ី នោះឡើយ​។​

​លោក រេ​សេប តា​យ​យី​ប អេ​ដូ​ហ្គេ​ន (Recep Tayyip Erdogan) ប្រធានាធិបតី​តួ​ក​គី បានបញ្ជាក់ នៅមុននេះ ថា លោក ស៊ើ​រ​ហ្គេ ស៊យ​ហ្គុ (Sergei Shoigu) រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​រុស្ស៊ី បាន​ប្រាប់​ដល់​សម​ភាគី​តួ​ក​គី​របស់គាត់ ថា កិច្ចព្រមព្រៀង​នាំ​គ្រាប់​ធញ្ញជាតិ ក្រោម​គំនិត​ផ្ដួចផ្ដើម ពី​អង្គការសហប្រជាជាតិ និង តួ​ក​គី នឹង​បន្ដ​ប្រតិ​ប​ត្ដិ​ការ​ឡើងវិញ ចាប់ពី​ត្រឹម​ពាក់កណ្ដាល​ថ្ងៃ​ពុធ តទៅ​។​

​លោក​ប្រធានាធិបតី​តួ​ក​គី បាន​ប្រាប់​ដល់​សភា ថា ការដឹកនាំ​ជញ្ជូន​គ្រាប់​ធញ្ញជាតិ ចេញពី​កំពង់ផែ​នានា​របស់​អ៊ុយ​ក្រែ​ន នៅតាម​ច្រក​សមុទ្រ​ខ្មៅ នឹង​ចាប់ផ្ដើម​បន្ដ​ឡើងវិញ ចាប់ពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ពុធ ទី​២ ខែវិច្ឆិកា វេលា​ក្នុង​តំបន់ តាម​ការគ្រោងទុក​។​

​រុស្ស៊ី កាលពី​ថ្ង​អាទិត្យ សប្ដាហ៍​មុន បានប្រកាស​ដកខ្លួន ចេញពី​កិច្ចព្រមព្រៀង​ផ្ដួចផ្ដើម​គំនិត ដោយ​អង្គការសហប្រជាជាតិ និង តួ​ក​គី ក្រោយពេល​ក្រុង​មូ​ស្គូ បាន​ចោទប្រកាន់​ទៅលើ​ក្រុង​កៀវ ពី​ការវាយប្រហារ ទៅលើ​មូលដ្ឋាន​កងទ័ពជើងទឹក​របស់ខ្លួន នៅ​ឧបទ្វីប​គ្រី ដែល​រឹបអូស​បាន​ពី​អ៊ុយ​ក្រែ​ន កាលពី​ឆ្នាំ​២០១៤ ហើយ​ការសម្រេចចិត្ត​របស់​រុស្ស៊ី បានធ្វើ​ឲ្យ​តម្លៃ​គ្រាប់​ធញ្ញជាតិ ហក់​ឡើង​ប្រហែល​៥​ភាគរយ​។​

​បណ្ដា​ផ្សព្វផ្សាយ​ល្បីៗ​របស់​ពិភពលោក បាន​រាយការណ៍ ថា រហូតមកដល់​ពេលនេះ អង្គការសហប្រជាជាតិ សហគមន៍​អឺរ៉ុប តួ​ក​គី និង​អ៊ុយ​ក្រែ​ន កំពុងតែ​ព្យាយាម ដាក់​គំនាប​ទៅលើ​រុស្ស៊ី ដើម្បី​ធ្វើយ៉ាងណា ជំរុញឱ្យមាន​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន ដឹក​តាម​នាវា​ចំនួន​១៦​គ្រឿង អាច​ចាកចេញ តាម​ច្រក​សមុទ្រ​ខ្មៅ ប្រកប ដោយ​សុវត្ថិភាព ខណៈ​ក្រុង​មូ​ស្គូ បាន​ដកខ្លួន ចេញពី​ការធានា​សន្តិសុខ ក្រោយ​ការវាយប្រហារ ដោយ​ដ្រូ​ន មកលើ​មូលដ្ឋាន​កងទ័ព​របស់​រុស្ស៊ី ប្រចាំ​សមុទ្រ​ខ្មៅ​។​

​លោក អង់​តូ​នី​ញ៉ូ ហ្គូ​ទែ​រ៉េ​ស (Antonio Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ថ្លែង ថា លោក​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ការសម្រេចចិត្ត​របស់​រុស្ស៊ី ហើយ​លោក​កំពុងតែ​ព្យាយាម​ស្ដារ​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ នៅក្នុង​បំណង​ជួយ​កាត់បន្ថយ​បញ្ហា​វិបត្តិ​ស្បៀងអាហារ នៅលើ​ពិភពលោក​។

​ជាមួយនឹង​ការប្រកាស​របស់​រុស្ស៊ី ដកខ្លួន​ចេញ​កិច្ចព្រមព្រៀង​នាំ​គ្រាប់​ធញ្ញជាតិ តាម​ច្រក​សមុទ្រ​ខ្មៅ ត្រឹមតែ​មួយថ្ងៃ​ក្រោយមក តម្លៃ​ស្បៀងអាហារ បាន​ឡើងថ្លៃ រហូតដល់​ជិត​៦​ភាគរយ កាលពី​ថ្ងៃ​ចន្ទ ទី​៣១ ខែតុលា​។ អ៊ុយ​ក្រែ​ន និង រុស្ស៊ី ជា​ប្រទេស​នាំចេញ​ស្រូវ​សាលី​ដ៏​ធំ​បំផុត​មួយ នៅលើ​សកលលោក​។ ចាប់តាំងពី​ថ្ងៃអាទិត្យ មុននេះ​មក ក្រោយពេល​រុស្ស៊ី បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​សន្តិសុខ នាំ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន ទៅកាន់​ទីផ្សារ​របស់​ពិភពលោក មិនមាន​កប៉ាល់​ដឹក​គ្រាប់​ធញ្ញជាតិ​ណាមួយ ហ៊ាន​ចាក​ចេញពី​កំពង់​ផៃ​នោះឡើយ​៕​