តើ​ក្រុង​ប៉េកាំង​គ្រាន់តែ​បំភ័យ ឬធ្វើពិតជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ប្រធានសភា​សហរដ្ឋអាមេរិក​?

ព័ត៌មានអន្តរជាតិ
0
142
រដ្ឋធានី​វ៉ាស៊ីនតោន​៖ ស្របពេល​លោកស្រី ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក កំពុងតែ​បោះជំហាន មក​ជាន់​ទឹកដី នៃ​បណ្ដា​ប្រទេស​ជាច្រើន នៅ​តំបន់​អាស៊ី​នោះ ក៏​ជា​សកម្មភាព​មួយ កំពុងតែ​ធ្វើ​ឲ្យ​ចិន ក្ដៅក្រហាយ និង ព្រមាន​អំពី​ផលវិបាក​នានា ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី មកកាន់​តៃវ៉ាន់ ហើយ​ការព្រមាន​យ៉ាងខ្លាំង​របស់​ប្រធានាធិបតី លោក ស៊ី ជិន​ពីង (Xi Jinping) នោះ ក៏​បង្កើត​នូវ​សំណួរ ជាច្រើន ចោទ​សួរថា តើ​ក្រុង​ប៉េកាំង គ្រា​តែ​បង្កើត​នូវ​វោហារសាស្ដ្រ​គំរាមកំហែង និង បំភិតបំភ័យ​ដល់​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ណា​ស៊ី ផែ​ឡូ​ស៊ី ឬក៏​បង្កើតជា​សង្គ្រាម ប្រឆាំងនឹង​ក្រុង​វ៉ាស៊ីនតោន​?


​បណ្ដាញ​ព័ត៌មាន​អន្ដរជាតិ គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៊ី RT បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​១ ខែសីហា ថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​ថ្មីៗ​នេះ សហរដ្ឋអាមេរិក បាន​ដកខ្លួន ចេញពី​កិច្ចព្រមព្រៀង​សន្តិសុខ​ជាមួយ​បច្ចាមិត្ត​សំខាន់ៗ​របស់ខ្លួន ដោយបាន​កំណត់ នៅក្នុង​សកម្មភាព​កើនឡើង មិនអាច​គ្រប់គ្រង​បាន​។

​ក្រុង​វ៉ាស៊ីនតោន បានធ្វើឱ្យ​ជនជាតិ​អាមេរិក ស្ថិតនៅ​លើផ្លូវ ឆ្ពោះទៅរក​សង្គ្រាម ជាមួយ​ប្រទេស​បច្ចាមិត្ត​ជាច្រើន ដូចជា រុស្ស៊ី និង អ៊ីរ៉ង់ ជាដើម​។ ប៉ុន្ដែ​ឥឡូវនេះ ក្រុង​វ៉ាស៊ីនតោន ក៏​កំពុងតែ​បោះជំហាន ឆ្ពោះទៅរក​សង្គ្រាម ដោយ​ជាយថាហេតុ ជាមួយនឹង​ប្រទេស​ចិន ដោយ​ការបោះបង់ចោល​នូវ​គោលនយោបាយ​ចិន​តែមួយ​។ ចំណែក ក្រុង​ប៉េកាំង ក៏​កំពុងតែ​ព្រមាន អំពី​ការឆ្លើយតប​ផ្នែក​យោធា ដែល​មិន​ធ្លាប់មាន​ពីមុនមក ប្រសិនបើ​លោកស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក ធ្វើដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច នៅ​តៃវ៉ាន់ តាម​ការគ្រោងទុក​នោះ​។​

​សហរដ្ឋអាមេរិក និង ចិន​បាន​បង្កើត​នូវ​ទំនាក់ទំនង​ការទូត​ពេញលេញ នៅក្នុង​ទសវត្សរ៍ ឆ្នាំ ១៩៧០ ខណៈ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​ប្តូរ​នូវ​ការទទួលស្គាល់​ការទូត​របស់ខ្លួន ចេញពី​ទីក្រុង​តៃប៉ិ ទៅកាន់​ទីក្រុង​ប៉េកាំង​។ ជាមួយគ្នានេះដែរ ក្រុង​វ៉ាស៊ីនតោន ក៏បាន​ប្តេជ្ញាចិត្ត ចំពោះ​គោលនយោបាយ​ចិន​តែមួយ ដែល​ចែងថា មាន​ប្រទេស​ចិន​តែមួយ ហើយ​តៃវ៉ាន់ ជា​ផ្នែក​មួយ នៃ​ប្រទេស​មហា​យក្ស នៅ​អាស៊ី​មួយ​នេះ​។ ប៉ុន្ដែ​ទោះជា​យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក កំពុងតែ​ជួយ​ពង្រឹងសមត្ថភាព ដល់​កងទ័ព​តៃវ៉ាន់ នៅក្នុង​ការដើរ​តួ ជា​រដ្ឋ​ឯករាជ្យ​មួយ តាមរយៈ​ផ្គត់ផ្គង់​គ្រឿងយុទ្ធោបករណ៍​ទំនើបៗ សម្រាប់​ការពារ​ទឹកដី​របស់​ពួកគេ​។ ដូច្នេះ សម្រាប់​៤​ទសវត្សរ៍​កន្លងមក​នេះ សន្ដិភាព រវាង​សហរដ្ឋអាមេរិក និង មហា​យក្ស​ចិន បាន​ឈរលើ​គោលនយោបាយ​មិន​ច្បាស់លាស់ ជា​យុទ្ធសាស្ត្រ ទៅលើ​ស្ថានភាព​របស់​តៃវ៉ាន់​។​


​សហរដ្ឋអាមេរិក និង​ចិន បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​«​ឧបសគ្គ​រារាំង​» គ្រប់ពេលវេលា​។ ចំណែក​ក្រុង​វ៉ាស៊ីនតោន បាន​ខិតខំ រារាំង​ដល់​ក្រុង​ប៉េកាំង បញ្ចៀស​នូវ​ការបង្រួបបង្រួម​ជាតិ ដោយ​ការបង្ខិតបង្ខំ​ដល់​តៃវ៉ាន់​។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក ក៏​តែងតែ​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​ទំនើបៗ ដល់​ដែន​កោះ​មួយ​នេះ ដើម្បី​បង្កើន​នូវ​សមត្ថភាព​ការពារ ខណៈ​ចិន​ធ្វើឱ្យ​តៃវ៉ាន់ គិត​ទ្វេដង អំពី​ការ​បំបែក​ខ្លួន​ជា​ផ្លូវការ ក្រោម​ការគំរាមកំហែង ពី​អន្តរាគមន៍​យោធា មកលើ​ដែន​កោះ​មួយ​នេះ​។ ប៉ុន្ដែ​ស្របពេល​ក្រុង​ប៉េកាំង កាន់តែ​រឹងមាំ និង មាន​អានុភាព​ខ្លាំងក្លា​ផ្នែក​យោធា​ផង​នោះ ការខិតខំ​ប្រឹងប្រែងរ​បស់​សហរដ្ឋអាមេរិក បាន​រារាំង​ដល់​ប្រទេស​ចិន នៅក្នុង​ការប្រើប្រាស់​កម្លាំង​ទ័ព ជំនួស​មកវិញ​នូវ​ការបង្ក​ហេតុ​។​

​ទោះជា​យ៉ាងណាក៏ដោយ រហូតមកដល់​ពេលនេះ ក្រុង​ប៉េកាំង មើលឃើញ​នូវ​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រារាំង​ដល់​គោលនយោបាយ​ចិន​តែមួយ នៅក្នុង​បរិបទ​កាន់តែ​ទូលំទូលាយ ជុំវិញ​ការស្ទាក់ស្ទើរ​របស់​សហ​រដ្ឋ​អាមេរិក នៅក្នុង​ការ​សម្រប​ខ្លួន ទៅនឹង​ពហុ​ប៉ូល​របស់​ពិភពលោក ហើយ​ការដោះស្រាយ​ទំនាក់ទំនង​ជាមួយ​មហា​អំណាច​ផ្សេងៗ​ទៀត​។​


​លើសពីនេះ​ទៀត សហរដ្ឋអាមេរិក បាន និង កំពុងតែ​បង្កើន​នូវ​កិច្ចសហប្រតិបត្ដិការ​យោធា​ជាមួយនឹង​តៃវ៉ាន់ កាន់តែខ្លាំង​ឡើង ខណៈ​ក្រុង​វ៉ាស៊ីនតោន បាន​ជំរុញឱ្យមាន​ការពង្រីក​តំណាង​របស់​តៃវ៉ាន់ នៅក្នុង​ប្រព័ន្ធ​អន្តរជាតិ ជា​ឧទាហរណ៍ ដោយ​គាំទ្រ​ដល់​ការចូលរួម​របស់​តៃវ៉ាន់ នៅក្នុង​ប្រព័ន្ធ​របស់​អង្គការសហប្រជាជាតិ ជាដើម​។ ការដាក់កំហិត​លើ​ការផ្លាស់ប្តូរ​ជា​ផ្លូវការ ជាមួយ​ក្រុង​តៃប៉ិ ត្រូវបាន​បន្ធូរបន្ថយ ហើយ​មន្ត្រី​របស់​សហរ​ដ្ឋ​មេ​រិ​ក​ជាច្រើន​នាក់ ក៏បាន​ទៅធ្វើ​ទស្សនកិច្ច នៅលើ​ដែន​កោះ​មួយ​នេះ ជា​ញឹកញាប់ ជាង​ពេលមុនៗ​។ នេះ​ជា​អ្វីដែល​សមាជិកសភា​សហ​រដ្ឋ​អាមេរិក​មួយចំនួន បាន​សាទរ​ថា វា​ជាការ​គាំទ្រ ចំពោះ​អធិបតេយ្យភាព​របស់​តៃវ៉ាន់​។

​ជាមួយគ្នានេះដែរ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សហរដ្ឋ​អាមេរិក បាន​និយាយ​ស្តីបន្ទោស អំពី​គោលនយោបាយ​ចិន​តែមួយ និង អំពាវនាវ​ដល់​តៃវ៉ាន់ ឲ្យ​ប្រកាស​ឯករាជ្យ​។ លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក បានប្រកាស​ជាច្រើនលើក​រួចមកហើយ នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ​ថា ក្រុង​វ៉ាស៊ីនតោន នឹង​ការពារ​តៃវ៉ាន់ ប្រសិនបើ​ចិន​ហ៊ាន​លើក​កងទ័ព វាយប្រហារ​ទៅលើ​ដែន​កោះ​មួយ​នេះ​។ ការលើកឡើង​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក ធ្វើ​ឲ្យ​មានការ​ស្រាយ អំពី​គោលនយោបាយ​មិន​ច្បាស់លាស់ ជា​យុទ្ធសាស្ត្រ អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមកហើយ អំពី​របៀប ដែល​សហរដ្ឋអាមេរិក នឹង​ឆ្លើយតប​។​


​ព្រឹ​ត្ដិ​ការណ៍​ទាំងនេះ បានកើត​ឡើង ខណៈ​ការប្រកួតប្រជែង​ផ្នែក​យោធា និង សេដ្ឋកិច្ច កំពុងតែ​កើនឡើង គួបផ្សំ​នឹង​កិច្ចខិតខំ​ប្រឹងប្រែង កាន់តែ​ទូលំទូលាយ នៅក្នុង​ការធ្វើឱ្យ​ចិន មាន​អស្ថិរភាព​ផ្ទៃក្នុង​។ ទោះជា​យ៉ាងណាក៏ដោយ ដូច​រាល់​លើក ក្រុង​វ៉ាស៊ីនតោន តែងតែ​ប្រកាសថា សហរដ្ឋអាមេរិក មិន​ស្វែងរក​ការប្រឈមមុខ​ដាក់គ្នា​ជា​មួ​ទីក្រុង​ប៉េកាំង នោះឡើយ​។ ប៉ុន្តែ​ក្រុង​វ៉ាស៊ីនតោន គ្រាន់តែ​ឈរលើ​តម្លៃ​របស់​សហរដ្ឋអាមេរិក តែប៉ុណ្ណោះ​។ នេះ​គឺ​ស្របគ្នា​ជាមួយនឹង​គោល​គំនិត​យ៉ាង​ទូលំទូលាយ នៃ​អនុត្តរភាព​របស់​សហ​រដ្ឋ​អាមេរិក ដែល​នៅ​ក្នុងនោះ​មាន​ទាំង​គោលនយោបាយ​ដ៏​អាក្រក់ សម្រាប់​ជំរុញ​សកលភាវូបនីយកម្ម គាំទ្រ​ដោយ​សប្បុរស​សម្រាប់​លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ផងដែរ​។​

​ឥឡូវនេះ លោកស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក កំពុងតែ​ធ្វើដំណើរ​បំពេញ​ទស្សនកិច្ច នៅក្នុង​ទ្វីបអាស៊ី រួមមាន ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និង ជប៉ុន …​ជាដើម​។ ជាមួយគ្នានេះ គេ​រំពឹងថា លោកស្រី នឹង​ទៅធ្វើ​ទស្សនកិច្ច នៅលើ​កោះ​តៃវ៉ាន់ នៅក្នុង​សប្តាហ៍​នេះ​។ នេះ​ជាការ​ធ្វើដំណើរ​លើកដំបូង​របស់​មន្ដ្រីជាន់ខ្ពស់​ជាប់ឆ្នោត​របស់​សហរដ្ឋ​អាមេរិក នៅក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមកនេះ​។


​តើ​ក្រុង​ប៉េកាំង គួរ​បកស្រាយ និង ឆ្លើយតប​យ៉ាងណា ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ​? តើ​លោកស្រី Pelosi គ្រាន់តែ​បញ្ឆោត ដើម្បី​ទាក់ទាញ​នូវ​ការយកចិត្ត​ទុក ឬមួយ​នេះ​ជា​ផ្នែក​មួយ នៃ​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក ក្នុង​គោលបំណង​បំបែក​តៃវ៉ាន់ ជា​បណ្តើរៗ ពី​ប្រទេស​ចិន ឬ​យ៉ាងណា​?

​ដោយឡែក ក្រុង​ប៉េកាំង បាន​ព្រមាន អំពី​ផលវិបាក​ធ្ងន់ធ្ងរ​បំផុត ប្រសិនបើ​លោកស្រី Pelosi ធ្វើដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច នៅ​តៃវ៉ាន់​។ ប្រការនេះ នាំឱ្យ​មនុស្ស​ជាច្រើន​ជឿថា ក្រុង​ប៉េកាំង គ្រាន់តែ​និយាយ​បំភិតបំភ័យ និង គំរាមកំហែង​តែប៉ុណ្ណោះ ព្រោះថា ការប្រថុយប្រថាន​នឹង​សង្គ្រាម​ជាមួយ​ក្រុង​វ៉ាស៊ីនតោន ជុំវិញ​ដំណើរ​របស់​មន្ដ្រីជាន់ខ្ពស់​លំដាប់​ទី​២​របស់​សហរដ្ឋអាមេរិក មិនមាន​លក្ខណៈ​សមាមាត្រ ឬ​សម​ហេតុផល​នោះឡើយ​៕​