រកឃើញ​កោះ​ថ្មី​ចំនួន​៥​ក្រោយ​ការ​រលាយ​ភ្នំ​ទឹកកក​នៅ​តំបន់​ដាច់ស្រយាល​ក្នុង​មហាសមុទ្រ​អាក់​ទិ​ក​

ព័ត៌មានអន្តរជាតិ
0
343
​ កងទ័ពជើងទឹក​រុស្ស៊ី​បាន​អះអាងថា ពួកគេ​បាន​រកឃើញ​កោះ​ថ្មី​ចំនួន​៥ ក្រោយពី​មានការ​រលាយ​ផ្ទាំង​ទឹកកក នៅ​តំបន់​ដាច់ស្រយាល​ក្នុង​មហាសមុទ្រ​អាក់​ទិ​ក ។​ ​កោះ​ទាំងនេះ ធ្លាប់​ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​ដំបូង​កាលពី​ឆ្នាំ​២០១៦ ប៉ុន្តែ​មិនត្រូវ​បាន​គេ​បញ្ជាក់ថា​មាន​នៅលើ​ផែនទី​នោះទេ រហូតមក​ទល់នឹង​ពេលនេះ​។​ ​ការរុករក​កាលពី​ខែសីហា និង​ខែកញ្ញា ក៏បាន​ប្រទះឃើញ​កោះ​ទាំងនេះ ហើយ​ឥឡូវ​គេ​មិនទាន់​ដាក់ឈ្មោះ​ឲ្យ​វា​នោះទេ ក្រោយ​កាលពីមុន​វា​លាក់ខ្លួន​នៅក្រោម​ភ្នំ​ទឹកកក​។​ ​នាយ​ឧ​ត្ត​មនា​វី​ឯក​រុស្ស៊ី លោក Alexander Moiseyev បាន​និយាយថា ភាគច្រើន​ការបង្ហាញ​ខ្លួន​របស់​កោះ​ទាំងនេះ គឺ​បណ្តាលមកពី​ការផ្លាស់ប្តូរ​ស្ថានភាព​ទឹកកក​។​ ​លោក​បន្តថា កាលពីមុន​ផ្ទាំង​ទឹកកក​ទាំងនេះ យើង​គិតថា​វា​ជា​ផ្នែក​មួយ​របស់​ភ្នំ​ទឹកកក​យ៉ាង​ធំ​ប៉ុណ្ណោះ ដោយ​មិន​ធ្លាប់​គិតថា វា​គឺជា​កោះ​នោះទេ ។ ការ​រលាយ ការបាក់​ស្រុត និង​ការផ្លាស់ប្តូរ​សីតុណ្ហភាព នាំ​ឲ្យ​យើង​រកឃើញ​កោះ​ទាំងនេះ​។​​កោះ​ទាំង​៥​នេះ មាន​ទំហំ​ចន្លោះ​ពី​៩៦៩០​ហ្វ៊ូ​ត និង​៥៨៦.៦៣០​ហ្វ៊ូ​ត​។​ ​ទូរទស្សន៍ CNN​បាន​រាយការណ៍​ថា កោះ​ថ្មី​ដែល​ទើប​រកឃើញ​ទាំង​៥​នេះ ស្ថិតនៅ​ជិត​ផ្ទាំង​ទឹកកក Vylki នៅ​ជិត​តំបន់ឆ្នេរ​សមុទ្រ Novaya Zemlya ដែលជា​ប្រជុំ​កោះ​ដ៏​ដាច់ស្រយាល​មួយ​នៃ​មហាសមុទ្រ​អាក់​ទិ​ក និង​ស្ថិតនៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​រុស្ស៊ី​។​ ​ដោយឡែក របាយការណ៍​មួយ​ស្តីពី​ការឡើង​កម្តៅ​ផែនដី​របស់​អង្គការសហប្រជាជាតិ ដែល​បានចេញ​ផ្សាយ​កាលពី​ខែ​មុន បាន​ឲ្យ​ដឹងថា ផ្ទាំង​ទឹកកក បាន​បាត់បង់​នៅក្នុង​មហាសមុទ្រ​អាក់​ទិ​ក អំឡុងពេល​ចាប់តាំងពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៩ ពោលគឺ​ច្រើនជាង​អំឡុងពេល​តែមួយ ដែល​ធ្លាប់បាន​កត់ត្រា​ទុក​៕​