តៃវ៉ាន់​ត្រៀមខ្លួន​ការពារ​ដឹក​ដី តែ​មិន​ចង់​បង្ក​សង្គ្រា.ម​ជាមួយ​ចិន

ព័ត៌មានអន្តរជាតិ
0
135
ទីក្រុង​តៃប៉ិ​៖ ស្របពេល​ចិន​កំពុងតែ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ ចំនួន​៦​កន្លែង ដោយ​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់​នោះ ក្រសួងការពារជាតិ​ដែន​កោះ​មួយ​នេះ បាន​អះអាងថា ក្រុង​តៃប៉ិ មិន​ចង់​បង្កើន​ជម្លោះ​នោះឡើយ ហើយ​តៃវ៉ាន់ នៅតែ​ប្ដេជ្ញា​ការពារ​សេរីភាព លទ្ធិប្រជាធិបតេយ្យ សន្ដិសុខ និង ស្ថិរភាព​របស់ខ្លួន​។​



​សារព័ត៌មាន​ឥណ្ឌា Republic World បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​៥ ខែសីហា ថា ក្រសួងការពារជាតិ​តៃវ៉ាន់ បាន​បញ្ជាក់ថា «​យើង​មិន​បង្កើន​នូវ​ជម្លោះ ប៉ុន្ដែ​យើង​ការពារ​សេរីភាព ប្រជាធិបតេយ្យ ស្ថិរភាព និង សន្ដិសុខ នៅ​ជុំវិញ​តំបន់​របស់​យើង​។ កងកម្លាំង​របស់​យើង កំពុង​ប្រុង​ជើងការ និង តាមដាន​យ៉ាង​ដិតដល់​នូវ​សមយុទ្ធ​យោធា​របស់​ចិន​»​។​



​ក្រសួងការពារជាតិ​តៃវ៉ាន់ បាន​សង្កត់ធ្ងន់ថា តៃវ៉ាន់ នឹង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ នៃ​ការត្រៀមខ្លួន​ធ្វើសង្គ្រាម ប្រឆាំងនឹង​ការឈ្លានពាន​។ ប៉ុន្តែ​តៃវ៉ាន់ នឹងមិន​ស្វែងរក​ការបង្ក​សង្គ្រាម​ទេ និង មិន​ធ្វើ​អាកប្បកិរិយា បង្ក​ភាព​តានតឹង ឬ​ជម្លោះ​នោះឡើយ​។ តៃវ៉ាន់ បានធ្វើ​សមយុទ្ធ​ការពារ​ជន​ស៊ីវិល នៅក្នុង​ករណី​មាន​សង្គ្រាម និង​បានរៀបចំ​កន្លែង​ការពារ​ខ្លួន បញ្ចៀស​ពី​ការវាយប្រហារ​តាមផ្លូវ​អាកាស នៅ​ទូទាំង​ដែន​កោះ​មួយ​នេះ​។​

​ក្រសួងការពារជាតិ​តៃវ៉ាន់ បាន​បន្ថែមថា អាកប្បកិរិយា​មិន​សម​ហេតុផល​របស់​យោធា​ចិន កំពុង​តែមាន​គោលបំណង ផ្លាស់ប្តូរ​ស្ថានការណ៍​បច្ចុប្បន្ន រំខាន​ដល់​សន្តិភាព និង ស្ថិរភាព នៅក្នុង​តំបន់​។ ប៉ុន្ដែ​កងទ័ព​តៃវ៉ាន់ នឹង​រក្សា​នូវ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សម្ពន្ធមិត្ត នៅក្នុង​តំបន់ ហើយ​ពង្រឹង​នូវ​ការសម្របសម្រួល សម្រាប់​ទប់ស្កាត់​នូវ​ការឡើង​កម្តៅ នាពេលនេះ​៕​