នាវាចម្បាំង​ចិន និង តៃវ៉ាន់ បញ្ចេញ​សកម្មភាព ដូច​ឆ្មា​ចាប់​កណ្ដុរ​

ព័ត៌មានអន្តរជាតិ
0
150
ទីក្រុង​តៃប៉ិ​៖ មុន​ការបិទ​បញ្ចប់​នូវ​ការធ្វើ​សមយុទ្ធ​យោធា​ដ៏​ធំ​បំផុត​របស់​ក្រុង​ប៉េកាំង មិន​ធ្លាប់មាន​ពីមុន​មកនេះ ដើម្បី​ជាការ​ប្រតិកម្ម ប្រឆាំងនឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ណាន​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក នោះ កង​នាវាចម្បាំង​របស់​ចិន និង តៃវ៉ាន់ រាប់សិប​គ្រឿង បាន​បញ្ចេញ​សកម្មភាព នៅតាម​តំបន់​សមុទ្រ ប្រៀបដូចជា «​រឿង​ឆ្មា ដេញចាប់​កណ្ដុរ​»​។​


​ទីភ្នាក់ងារសារព័ត៌មាន​របស់​ចក្រភព​អង់គ្លេស Reuters បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​៨ ខែសីហា ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី ប្រធានសភា​សហរដ្ឋអាមេរិក កាលពី​សប្ដាហ៍​មុន មកកាន់​ក្រុង​តៃប៉ិ បានធ្វើ​ឲ្យ​ចិន ខឹងសម្បា​យ៉ាងខ្លាំង ដោយសារតែ​ក្រុង​ប៉េកាំង តែងតែ​ចាត់ទុក​ដែន​កោះ​តៃវ៉ាន់ ជា​ផ្នែក​មួយ នៃ​ទឹកដី​របស់ខ្លួន​។ ជាការ​ប្រតិកម្ម ដោយ​កំហឹង​នោះ ចិន​បានធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ មិន​ធ្លាប់មាន​ពីមុនមក ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ រហូតដល់​ថ្ងៃទី​៧ ខែសីហា ដោយមាន​ទាំង​បាញ់​ផ្លោង​មី​ស៊ី​ល​ជាច្រើន​គ្រាប់ ហោះ​រំលង​ទីក្រុង​តៃប៉ិ របស់​តៃវ៉ាន់ ជា​លើកដំបូង ហើយ​ថែមទាំង​កាត់ផ្តាច់​ទំនាក់ទំនង​ផ្នែក​ខ្លះ នៃ​កិច្ចសន្ទនា​គ្នា​ជាមួយ​ក្រុង​វ៉ាស៊ីនតោន ថែម​ទៀតផង​។ ជាមួយគ្នានេះដែរ នាវាចម្បាំង ប្រហែល​១០​គ្រឿង បានធ្វើ​នាវាចរណ៍ ចេញពី​ប្រទេស​ចិន និង តៃវ៉ាន់ បាន​បើកបរ នៅ​ជិត​ច្រក​សមុទ្រ​តៃវ៉ាន់ ហើយ​នាវា​របស់​ចិន មួយចំនួន បាន​ឆ្លងកាត់​ខ្សែបន្ទាត់​មធ្យម​។​


​ក្រសួងការពារជាតិ​តៃវ៉ាន់ បាន​អះអាងថា ក្រុង​តៃប៉ិ បានឃើញ​នាវាចម្បាំង​របស់​ចិន ចំនួន​១៤ គ្រឿង និង យន្តហោះ​ចិន ចំនួន ៦៦ គ្រឿង ខណៈ​ក្រុង​ប៉េកាំង បន្តធ្វើ​សមយុទ្ធ​យោធា នៅ​តំបន់​សមុទ្រ និង នៅ​ជុំវិញ​ច្រក​សមុទ្រ​តៃវ៉ាន់ កាលពី​ថ្ងៃអាទិត្យ​។ ចិន បាន និង កំពុងតែ​ធ្វើ​សមយុទ្ធ​យោធា ជុំវិញ​កោះ​តៃវ៉ាន់ ដើម្បី​ឆ្លើយតប​ទៅនឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ប្រធានសភា​អាមេរិក Nancy Pelosi មកកាន់​ទីក្រុង​តៃប៉ិ​។​


​ក្រសួងការពារជាតិ​តៃវ៉ាន់ បានបញ្ជាក់​ទៀតថា នាវា​យោធា យន្តហោះ និង យន្តហោះ​គ្មាន​មនុស្ស​បើក​ជាច្រើន​របស់​ចិន កំពុងតែ​រៀបចំ ធ្វើ​ដូចជា​វាយប្រហារ​លើ​កោះ​តៃវ៉ាន់​។ ចំណែក​កងទ័ព​របស់​ខ្លួន បាន​បញ្ជូន​យន្តហោះ និង នាវាចម្បាំង សម្រាប់​ការ​ប្រតិកម្ម​ដ៏​សមស្រប ជុំវិញ​សកម្មភាព​របស់​ចិន​៕​