ផ្ទះ​ខ្មោចលង​ដាច់​ផ្ងារ​ជាងគេ​បំផុត​នៅ​អង់គ្លេស​លក់ដាច់​ក្នុងតម្លៃ​២៤​ម៉ឺន​ផោន​

ព័ត៌មានអន្តរជាតិ
0
325
​ ផ្ទះ​ខ្មោចលង​ដាច់​ផ្ងារ​ជាងគេ​បំផុត​នៅ​ចក្រភព​អង់គ្លេស នៅ​ទីបំផុត​បាន​លក់ដាច់​ហើយ​ក្នុងតម្លៃ​២៤​ម៉ឺន​ផោន រយៈពេល​ជិត​៣​ឆ្នាំ​ក្រោយពេល​ដាក់​លក់ឡៃ​ឡុង​លើ​ទីផ្សារ ថ្វីត្បិតតែ​មាន​សេចក្តីរាយការណ៍​ថា នៅតែមាន​ព្រលឹង​វិញ្ញាណ​ខ្មោច​រុញ​មនុស្ស​ឲ្យ​ធ្លាក់ចុះ​ពី​ជណ្តើរ​ក៏ដោយ​។​ ​ផ្ទះ​ខ្មោច​មាន​បន្ទប់ដេក​២ ដែល​គេ​ហៅ​ឈ្មោះ The Cage នេះ ស្ថិតនៅ​ទីក្រុង St Osyth នៃ​ស្រុក Essex ជា​កន្លែង​ដែល​គេ​ទើប​រកឃើញ​សាកសព​ជនអន្តោប្រវេសន៍​ចិន និង​វៀតណាម​កាលពីពេល​ថ្មីៗ​នេះ និង​ជា​ផ្ទះមួយ​ខ្នង​ធ្លាប់​ធ្វើជា​គុក តាំងពី​មជ្ឈិមសម័យ រហូតដល់​ឆ្នាំ​១៩០៨ ហើយ​និង​ជា​ផ្ទះ​ដែល​ល្បីល្បាញ​បំផុត​រឿង​ខ្មោចលង​ដាច់​ព្រលឹង ក្រោយ​ពេលដែល​ម្ចាស់ផ្ទះ គឺ​លោកស្រី Vanessa Mitchell បានសម្រេច​ចិត្ត​បោះបង់​ផ្ទះ​ចោល ដោយសារតែ​ឃើញ​ដានជើង សូរសំឡេង​ក្តុងក្តាំង និង​ស្រមោល​នៅក្នុង​ផ្ទះ​រួចមក​នោះ​។​ ​លោកស្រី Mitchell បានដាក់​ផ្ទះ​នេះ​លក់​ក្នុងតម្លៃ​តែ​១៨​ម៉ឺន​ផោន​ប៉ុណ្ណោះ កាលពី​ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ក្រោយពេល​បិសាច​ពពែ ត្រូវបាន​ថត​ជាប់​នៅក្នុង​កាមេរ៉ា​សុវត្ថិភាព ហើយ​គ្រូ​ចាប់​ខ្មោច ត្រូវបាន​ថត​ជាប់​រូបលោក ប្រែក្លាយជា​យាយ​ធ្មប់​ទៅវិញ កាលពី​ថ្ងៃ​មករា ឆ្នាំ​២០១៨​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ពេលនេះ ផ្ទះ​ខ្មោច​មួយ​ខ្នង​នេះ​បាន​លក់​លើស​តម្លៃ​ដាក់លក់​៦​ម៉ឺន​ផោន ថ្វីត្បិតតែ​មាន​សេចក្តីរាយការណ៍​ពី​ព្រលឹង​ខ្មោច​ស្រី​នៅតាម​បង្អួច​ជាន​លើ វត្ថុ​ហោះ និង​ទ្វារ​របើក​ដោយ​អាថ៌កំបាំង​ក៏ដោយ​។​ ​លោក John Fraser ដែលជា​គ្រូ​ចាប់​ខ្មោច និង​មកពី​វិទ្យាស្ថាន​ស្រាវជ្រាវ​ចិត្តសាស្ត្រ​សង្គម បានធ្វើ​បទសម្ភាសន៍​ជាមួយ​មនុស្ស​៣​នាក់​ដែល​ធ្លាប់​ជួប​ខ្មោចលង​នៅផ្ទះ​ខ្មោច The Cage ។​ ​គួរ​ឲ្យ​ដឹងថា អ្នកស្រី Vanessa Mitchell បាន​ទាក់ទង​ទៅ​គ្រូ​ចាប់​ខ្មោច​កាលពី​ឆ្នាំ ២០១០ ក្រោយ​ពេលដែល​អ្នកស្រី​មិនអាច​ទ្រាំទ្រ​នឹង​ព្រលឹង​ខ្មោច និង​សំឡេង​រំខាន​នៅក្នុង​ផ្ទះមួយ​នេះ​។​ ​អ្នកស្រី បាន​រំឭកថា នៅ​ថ្ងៃ​ដំបូង​ដែល​អ្នកស្រី​បាន​ជាន់​ជើង​លើផ្ទះ​នេះ អ្នកស្រី បានឃើញ​ស្រមោល​មនុស្ស​ប្រុស​ចម្លែក​ម្នាក់ ដើរ​ចេញពី​បន្ទប់ដេក ឆ្ពោះទៅកាន់​បន្ទប់ទទួលភ្ញៀវ ធ្វើ​ឲ្យ​អ្នកស្រី​ភ័យ​ឡើង​បាស់សក់​តែម្តង​៕