រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា ខឹង​ក្រុម​ចលនា​តស៊ូ​ស្ទាក់​បាញ់​ក្បួន​កងទ័ព បិទ​ខ្ទប់​រដ្ឋ​រ៉ា​ឃី​ន​មិន​ឲ្យ​ចេញចូល​

ព័ត៌មានអន្តរជាតិ
0
48



​រដ្ឋធានី​ណៃ​ពិដោរ​៖ របប​យោធា​មី​យ៉ាន់​ម៉ា បាន​បិទ​ខ្ទប់​រដ្ឋ​រ៉ា​ឃី​ន (Rakhine) ស្ថិតនៅ​ភាគ​ខាងលិច ប្រទេស​ភូមា ធ្វើ​ឲ្យ​ទីក្រុង​សីត​ត្វេ (Sittwe) ដែលជា​ទីក្រុង​ធំ​របស់​រដ្ឋ​មួយ​នេះ ខ្វះខាត​ស្បៀងអាហារ និង ថ្នាំសង្កូវ ក្រោយពេល​មានការ​ប្រយុទ្ធ​គ្នា​ជាថ្មី រវាង​កម្លាំង​ទាហាន​រដ្ឋាភិបាល និង ក្រុម​ចលនា​ប្រឆាំង​។​

​សារព័ត៌មាន​របស់​ភូមា The Irrawaddy បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ដោយ​ដកស្រង់​សម្ដី​របស់​អ្នក​រស់ក្នុង​ទីក្រុង Sittwe ដែល​បាន​អះអាង ថា របប​គ្រប់គ្រង​យោធា នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា (​ឬ​ភូមា​) បាន​ឡោមព័ទ្ធ​ទីក្រុង​ធំ​របស់​រដ្ឋ​រ៉ា​ឃី​ន ឲ្យ​នៅ​ដាច់​ពី​គេ អស់​រយៈពេល​ជាង​២​សប្ដាហ៍​កន្លងមកហើយ​។ ការហ៊ុមព័ទ្ធ​របស់​ក​ម្លាំ​ង​ទាហាន នៃ​របប​សឹក កំពុងតែ​ធ្វើឱ្យ​អ្នកស្រុក និង ប្រជាជន​ជាច្រើន បាន​បាត់​បង់ជីវិត នៅ​ទូទាំង​រដ្ឋ​រ៉ា​ឃី​ន​។​

​ក្រុម​អ្នកស្រុក បានបញ្ជាក់ ថា ទីក្រុង​សីត​ត្វេ ត្រូវបាន​ហ៊ុមព័ទ្ធ ដោយ​របប​យោធា ក្រោយ​ការវាយប្រហារ កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ប្រឆាំងនឹង​ក្បួន​យោធា​របស់​មី​យ៉ាន់​ម៉ា ឆ្លងកាត់​តាមផ្លូវ​ចម្ងាយ​១៥​គីឡូម៉ែត្រ ចេញពី​ទីក្រុង​សីត​ត្វេ ទៅកាន់​ទីក្រុង​ប៉ុនណា​គ្យុ​ន​( Ponnagyun)​។​

​អ្នករស់នៅ​ក្នុង​ក្រុង​សីត​ត្វេ បាន​ប្រាប់​ដល់​សារព័ត៌មាន​ភូមា The Irrawaddy ថា «​ការបិទ​ទីក្រុង​នេះ មាន​រយៈពេល​១​សប្ដាហ៍​កន្លងមកហើយ​។ តម្លៃ​ម្ហូបអាហារ កំពុងតែ​ឡើងថ្លៃ​ខ្ពស់ ហើយ​អ្នកស្រុក មិនអាច​ចាកចេញ​ពី​ក្រុង​នេះ​បាន​។ ចំណែក​ប្រជាជន​រស់នៅ​តំបន់​ផ្សេងៗ នៃ​រដ្ឋ​រ៉ា​ឃី​ន ក៏​មិនអាច​ចេញចូល មក​ក្នុង​ទីក្រុង​នេះ​បានដែរ​។ ខ្ញុំ​មិនអាច​ស្រមើស្រមៃ ថា នឹងមាន​អ្វី​កើតឡើង​នោះដែរ ប្រសិនបើ​ស្ថានការណ៍​បែបនេះ នៅតែ​បន្ដ​»​។​

​ការបិទ​ទីក្រុង Sittwe ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង ការដឹក​ជ​ញ​ជញ្ជូន នៃ​រដ្ឋ​រ៉ា​ឃី​ន កំពុងតែ​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​របស់​អ្នកស្រុក ប្រឈម​នឹង​ការលំបាក​ខ្លាំង​។ ឥឡូវ ប្រជាជន​រស់នៅក្នុងរ​ដ្ឋ​នេះ កំពុងតែ​ប្រឈម​នឹង​ការខ្វះខាត​សម្ភារ​ប្រើប្រាស់ រួមទាំង ស្បៀងអាហារ និង ថ្នាំពេទ្យ ខណៈ​តម្លៃ​ក៏​កំពុងតែ​ឡើងថ្លៃ​ខ្លាំង​ខ្ពស់​។​

​ផ្លូវ​ចូលទៅក្នុង​ក្រុង​ស៊ីត​ត្វេ ត្រូវបាន​បិទ ដោយ​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​រដ្ឋាភិបាល នៅ​ជិត​ចំណតរថយន្ត​ក្រុង ធ្វើដំណើរ​ទៅកាន់​ទី​ឆ្ងាយ ត្រូវ​គ្រប់គ្រង​ដោយ​កងវរសេនាតូច​ក​ង​អាវុធហត្ថ​។ បើ​ប្រភពពី​កងទ័ព បាន​អះអាង ថា សូម្បីតែ​គ្រូបង្រៀន មកពី​ក្រុង​ស៊ីត​ត្វេ ដែល​ធ្វើការ នៅ​សាលា​កងទ័ព ក៏​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​នោះដែរ​។​

​ប្រពន្ធ​ទាហាន នៃ​របប​សឹក មួយចំនួន រស់នៅក្នុង​ទីក្រុង​សីត​ត្វេ បាន​ប្រាប់​ដល់​អ្នកសារព័ត៌មាន ថា «​ខ្ញុំ​ឮថា ផ្លូវ​ចូលមកក្នុង​ទីក្រុង​នេះ នៅតែ​បន្ដ​បិទ​ដោយ​ប៉េអឹម​។ ចំណែក​កុមារ នៅតែ​មិនអាច​ធ្វើដំណើរ ទៅ​សាលារៀន អស់​រយៈពេល​១​សប្ដាហ៍​កន្លងមកហើយ ដោយសារតែ​គ្រូបង្រៀន​របស់​ពួកគេ មិនអាច​ធ្វើដំណើរ ឆ្លង​ការ​ប៉ុស្ដិ៍​ត្រួតពិនិត្យ​ទាំង​នោះបាន​។​

​ចាប់តាំងពី​ការ​វាយ​ប្រយុទ្ធ​គ្នា​ជាថ្មី បាន​ផ្ទុះឡើង កាលពី​ខែសីហា រហូតមក រវាង​យោធា​មី​យ៉ាន់​ម៉ា និង កងទ័ព​ជនជាតិភាគតិច​អា​រ៉ា​កាន់ (Rakhine Arakan) នៅ​រដ្ឋ​រ៉ា​ឃី​ន ហៅ​កាត់ AA របប​សឹក បាន​បិទផ្លូវ​ទាំង​ទឹក និង គោក ស្ថិតក្នុង​សង្កាត់​ប៊ូ​ធី​ដោ​ង (Buthidaung), មោង​ដាវ (Maungdaw) និង ក្រុង​រ៉ា​ថេ​ដោ​ង (Rathedaung) ស្ថិតនៅ​ភាគ​ខាងជើង​រដ្ឋ​រ៉ា​ឃី​ន (Rakhine) ក៏ដូចជា សង្កាត់​ប៉ា​ឡេ​ត្វា (Paletwa) រដ្ឋ​ឈី​ន (Chin) ។ របប​សឹក បានដាក់​បម្រាម​លើ​ការផ្គត់ផ្គង់​ស៊ីម៉ងត៍ ជី និង ថ្នាំពេទ្យ នៅក្នុង​តំបន់​នោះ ដោយ​គ្មាន​ហេតុផល​៕​