ព្រីហ្គោ​ហ្ស៊ី​ន លើកទ័ព​ចូល​ក្រុង ទើប​រដ្ឋមន្ដ្រី​ការពារជាតិ​រុស្ស៊ី ទៅសួរសុខទុក្ខ​ទាហាន​នៅ​សមរភូមិ​

ព័ត៌មានអន្តរជាតិ
0
1


​រដ្ឋធានី​កៀវ​៖ ដោយសារតែ​ការ​ត្អូញត្អែរ​របស់​ថៅកែ​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​វ៉ា​គ​ណឺ​រ (Wagner) អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមក នៅតែ​មិនសូវ​អើពើ ជាមួយនឹង​សំណើ​របស់គាត់ អំពី​ការផ្គត់ផ្គង់​គ្រឿង​សព្វាវុធ និង សម្ភារ​យោធា ក៏ដូចជា ការស្លាប់​ទាហាន​របស់​ខ្លួន​រាប់ម៉ឺន​នាក់ នៅលើ​សមរភូមិ ទើប​ជំរុញ​ឲ្យ​គាត់ ឈានដល់​ការបញ្ជា​កងកម្លាំងប្រដាប់អាវុធ​របស់ខ្លួន សម្រុកចូល​ទៅក្នុង​ប្រទេស​រុស្ស៊ី វិញ ប៉ុន្ដែ​ឥឡូវនេះ ក៏មាន​សេចក្ដីរាយការណ៍ អំពី​ការចុះទៅ​សួរសុខទុក្ខ​ដល់​កងទ័ព ពី​ប្រមុខ​ការពារជាតិ​របស់​ក្រុង​មូ​ស្គូ​។

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​រសៀល ថ្ងៃ​ចន្ទ ទី​២៦ ខែមិថុនា ឆ្នាំ​២០២៣ ថា លោក ស៊ើ​រ​ហ្គេ សយ​ហ្គូ (Sergei Shoigu) រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​រុស្ស៊ី បាន​ចុះទៅ​សួរសុខទុក្ខ​ដល់​កម្លាំង​ទាហាន​របស់ខ្លួន កំពុងតែ​ធ្វើសង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ នេះ​ជាការ​បង្ហាញមុខ ជា​សាធារណៈ​លើកដំបូង​របស់​ប្រមុខ​ការពារជាតិ​រុស្ស៊ី ចាប់តាំងពី​ការបះបោរ​របស់​កម្លាំង​ទាហាន​ស៊ីឈ្នួល​វ៉ា​គ​ណឺ​រ បាន​ផ្ទុះឡើង កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ថ្មីៗ​នេះ​។​

​ដោយឡែក លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បានបញ្ជាក់ ថា គាត់​បាន​ពិភាក្សាគ្នា​តាម​ទូរស័ព្ទ ជាមួយនឹង​សម​ភាគី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) អំពី​ព្រឹ​តិ្ដ​ការណ៍​វិ​វ​ឌ្ឍ​ចុងក្រោយ នៅក្នុង​ប្រទេស​រុស្ស៊ី​។ ការបះបោ​របស់​កម្លាំង​ទាហាន​ស៊ីឈ្នួល Wagner កំពុងតែ​បង្ហាញ អំពី​ភាពទន់ខ្សោយ នៃ​របប​គ្រប់គ្រង​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​។​

​លោក យ៉ែ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៊ី​ន ស្ថាបនិក​ទាហាន​ស៊ីឈ្នួល​របស់​រុស្ស៊ី Wagner បាន​កើតមាន​ជម្លោះ ជាមួយនឹង​ក្រសួងការពារជាតិ​រុស្ស៊ី អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមកហើយ ជុំវិញ​បរាជ័យ នៅក្នុង​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន​។ ប៉ុន្ដែ​ជម្លោះ​នេះ កាន់តែ​ទុំ​ជោរ​ទៅ រហូត​ឈានដល់​ការបះបោរ​ឡើង កាលពី​ថ្ងៃ​សុក្រ ទី​២៣ ខែមិថុនា ឆ្នាំ​២០២៣​។

​សារព័ត៌មាន គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៊ី RIA បាន​រាយការណ៍ ថា ក្រសួងការពារជាតិ​រុស្ស៊ី បានប្រកាស​យ៉ាងច្បាស់ ថា លោក សយ​ហ្គូ នៅតែ​ជា​រដ្ឋមន្ដ្រី​ដដែល​។ ប៉ុន្ដែ​សេចក្ដីរាយការណ៍​នោះ មិនបាន​បញ្ជាក់ អំពី​ពេលវេលា និង ទីកន្លែង ដែល​លោក​រដ្ឋមន្ដ្រី បានធ្វើ​ដំណើរ​ទៅ​ជួប​ជាមួយនឹង​មេបញ្ជាការ នៅ​តំបន់​ប្រតិ​ប​ត្ដិ​ការ​ខាងលិច​នោះឡើយ​៕​