ហេតុ​ការណ៍​ដ៏​គួរ​រន្ធត់​ថត​បាន​ក្នុង​ប្រអប់​ខ្មៅ​មុនពេល​ធ្លាក់​ជើង​ហោះ PSA Flight 182​របស់​អាមេរិក​ស្លាប់​មនុស្ស​១៤៤​នាក់​

ព័ត៌មានអន្តរជាតិ
0
439
​ការថត​បាន​សំឡេង​នៅក្នុង​ប្រអប់​ខ្មៅ​របស់​យន្តហោះ​ធ្លាក់ បានបង្ហាញ​ពី​ការឆ្លើយតប​ជាច្រើន​ពី​ពី​ឡុ​ត ហើយ​ជួនកាល​ពាក្យ​ចុងក្រោយ​ពីលើ​យន្តហោះ មាន​លក្ខណៈ​បែប​ទស្សនៈវិជ្ជា តែ​ជួនកាល​ទៀត វា​បង្ហាញថា ក្រុម​អាកាសយានិក​បាន​តស៊ូ​ដល់​ដង្ហើមចុងក្រោយ​ដើម្បី​ការពារ​គ្រោះមហន្តរាយ​កុំ​ឲ្យ​កើតមានឡើង​។ ពេលខ្លះទៀត ក្រុម​ពី​ឡុ​ត​ហាក់ដូចជា​ខឹងសម្បារ​ខ្លាំងណាស់​នឹង​ស្ថានភាព​អាក្រក់​របស់​ពួកគេ ។ ហេតុការណ៍​ដ៏​គួរ​ឲ្យ​តក់ស្លុត​មួយ ត្រូវ​ថត​បាន​ក្នុង​ប្រអប់​ខ្មៅ នូវ​រឿងរ៉ាវ​កើតឡើង​ចំពោះ​ពី​ឡុ​ត​លើ​ជើងហោះហើរ PSA Flight 182 មុនពេល​យន្តហោះ​របស់​ពួកគេ​ធ្លាក់​សម្លាប់​មនុស្ស​១៤៤​នាក់​កាលពី​ឆ្នាំ​១៩៧៨​។​ ​ការប៉ះទង្គិច​គ្នា​រវាង​យន្តហោះ Boeing 727 និង​យន្តហោះ​ខ្នាតតូច Cessna នាំ​ឲ្យ​មនុស្ស​នៅលើ​យន្តហោះ​ទាំង​២​គ្រឿង​នេះ ស្លាប់​ទាំងអស់ ក៏ដូចជា​មនុស្ស​៧​នាក់​ផ្សេងទៀត​នៅ​ដី​។​ ​នៅ​ថ្ងៃ​ចន្ទ​ទី​២៥ ខែកញ្ញា ឆ្នាំ​១៩៧៨ លោក​កា​ពី​ទែន Martin Kazy បាន​បង្រៀន​ពី​ឡុ​ត David Boswell ឲ្យ​ហោះហើរ​ចេញពី​ទីក្រុង San Diego​រដ្ឋ California សហរដ្ឋអាមេរិក ជាមួយនឹង​យន្តហោះ​ខ្នាតតូច Cessna 172 Skyhawk ។​ ​នៅពេល​តែមួយ​នេះ យន្តហោះ PSA Boeing 727 ដឹក​អ្នកដំណើរ​១២៨​នាក់ និង​ក្រុម​យានិក​៧​នាក់ បាន​បក​ក្រោយ​ឆ្ពោះទៅកាន់​អាកាសយានដ្ឋាន​ក្រុង​ឡូ​សអាន់​ជឺ​ឡេស តាមផ្លូវ​ទៅកាន់​ទីក្រុង San Diego ។ ក្រុម​អាកាសយានិក​នៅលើ​យន្តហោះ​727​ត្រូវបាន​គេ​ជូនដំណឹង​ថា​មាន​យន្តហោះ Cessna​នៅក្នុង​តំបន់​នោះ​ដោយ​អ្នកគ្រប់គ្រង​ជើងហោះហើរ​ក្នុងស្រុក ហើយ​បានធ្វើការ​ក្រើនរំឭក​ឲ្យ​មានការ​ប្រុងប្រយ័ត្ន តែ​រយៈពេល​ប៉ុន្មាន​នាទី​មុនពេល​ធ្លាក់ ពួកគេ​មើលមិនឃើញ​យន្តហោះ​ខ្នាតតូច​មួយ​នោះទេ​។​ ​ការពិភាក្សា​លើ​សេចក្តីរាយការណ៍​ពាក់ព័ន្ធ​នឹង​យន្តហោះ Cessna លោក Robert Fox គឺជា​សហ​ពី​ឡុ​ត អាច​ឮ​និយាយថា “​ឥឡូវ ខ្ញុំ​មិនឃើញ​គាត់​នោះទេ​”​ហើយ​បន្ទាប់មក​ក៏​ព្យាករណ៍​ជាមួយ​លោក​កា​ពី​ទែន James McFeron ពី​កន្លែង​ដែល​យន្តហោះ​ខ្នាតតូច​នោះ​នៅ​។ លោក Fox បាន​និយាយថា “​តើ​យើង​ពិតជា​ច្បាស់​ពី​យន្តហោះ Cessna​ឬ​?”​ហើយ​លោក Martin Wahne​ដែលជា​វិស្វករ​ជើងហោះហើរ បាន​ឆ្លើយថា “​ប្រហែល​ហើយ​”​។ មាន​អ្នក​សើច​យ៉ាងច្បាស់ មុនពេល​ដែល​លោក​កា​ពី​ទែន McFeron បាន​និយាយថា “​ខ្ញុំ​បានឃើញ​គាត់ ប្រហែលជា​គាត់​នៅ​ពីក្រោយ​ពួកយើង​ហើយ ឥឡូវនេះ​”​។​ ​ប៉ុន្តែ​តាមពិត​គឺ​យន្តហោះ Cessna​នៅ​ពីមុខ​យន្តហោះ 727​សោះ ហើយ​នៅ​ពីក្រោម​តែ​បន្តិច​ប៉ុណ្ណោះ​។ ប៉ុន្មាន​វិនាទី​ក្រោយមក សំឡេង​ប៉ះទង្គិច​គ្នា ក៏បាន​ថត​ជាប់​ដោយ​ប្រអប់​ខ្មៅ​។​ ​លោក McFeron​បាន​និយាយថា “​តើ​យើង​ត្រូវធ្វើ​ម៉េច​?” ហើយ​លោក Fox បាន​ឆ្លើយថា “​យើង​ត្រូវគេ​បុក​ហើយ​។ យើង​ត្រូវគេ​បុក​ពិតមែន​”​។​ ​បន្ទាប់មក លោក McFeron បាន​និយាយ​ទៅកាន់​អ្នកគ្រប់គ្រង​ចរាចរណ៍​អាកាស​ថា “​អ្នកគ្រប់គ្រង យន្តហោះ​យើង​នឹង​ធ្លាក់​ហើយ នេះ​គឺជា​ជើងហោះហើរ PSA”​។ ហើយ​បន្ទាប់មក​លោក​ក៏បាន​និយាយទៀតថា “​អូ​! កូនៗ​!”​។ ក្រោយមកទៀត លោក​ក៏បាន​និយាយប្រាប់​ក្រុម​អ្នកដំណើរ​ថា “​ប្រុងប្រៀប​ខ្លួន​” មុន​ពេលឮ​សំឡេង​មនុស្ស​ម្នាក់​និយាយ​នៅក្នុង​បន្ទប់​ពី​ឡុ​ត​ថា “​ម៉ាក់​ខ្ញុំ​ស្រលាញ់​ម៉ាក់​” មុន​ពេលដែល​យន្តហោះ​ធ្លាក់​ដល់​ដី​។​ ​សូមបញ្ជាក់ថា នៅពេលនោះ ជើងហោះហើរ PSA Flight 182 បាន​ក្លាយជា​គ្រោះមហន្តរាយ​ធ្លាក់​យន្តហោះ​ស្លាប់​មនុស្ស​ច្រើន​បំផុត​របស់​អាមេរិក​៕ ​