ពិតជា​មិនធម្មតា​! ក្រុម​ឈ្មួញ​អាមេរិក​ឡាទីន​ប្រើប្រាស់​នាវាមុជទឹក​ដឹក​អាភៀន​តម្លៃ​១២១​លាន​ដុល្លារ​មកកាន់​អឺរ៉ុប​

ព័ត៌មានអន្តរជាតិ
0
292
​ ក្រុម​អាជ្ញាធរ​អេ​ស្ប៉ា​ញ​ចាប់បាន​រឹបអូស​បាន​នាវាមុជទឹក​រត់ពន្ធ​អាភៀន​ជា​លើកដំបូង​មិន​ធ្លាប់​ដែលមាន​ពីមុនមក ពេលដែល​វា​បើក​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​។​ ​ក្រុម​ពង្រឹង​ច្បាប់ បាន​ប៉ាន់ប្រមាណ​ថា ពួកគេ​រឹបអូស​បាន​សារធាតុ​កូកាអ៊ីន​ទម្ងន់​៣​តោន​ដែលមាន​តម្លៃ​ជិត​១២១​លាន​ដុល្លារ ពី​នាវាមុជទឹក​ប្រវែង​៦៥​ហ្វ៊ូ​ត ដែល​ត្រូវបាន​ស្កាត់​បាន​កាលពី​ថ្ងៃអាទិត្យ នៅ​តំបន់​ភាគ​ពាយព្យ​នៃ​តំបន់​ស្វយ័ត​ហ្គា​លី​សៀ ប្រទេស​អេ​ស្ប៉ា​ញ​។​ ​បុគ្គលិក​ជនជាតិ​អេក្វាទ័រ​២​នាក់​ក្នុងចំណោម​ក្រុម​នាវិក​៣​នាក់ ត្រូវបាន​ចាប់ខ្លួន​ដោយ​ក្រុមនគរបាល ក្រោយ​ពួកគេ​ព្យាយាម​ចោះ​រន្ធ​ពន្លិច​នាវា​នេះ​ចោល​។ បុរស​ទី​៣ គឺជា​ជនជាតិ​អេ​ស្ប៉ា​ញ ដែល​បច្ចុប្បន្នកំពុងរ​ត់​គេចខ្លួន​។​ ​នាវាមុជទឹក​មួយគ្រឿង​នេះ ត្រូវបាន​តាមដាន ខណៈពេលដែល​វា​បើក​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ចេញពី​ប្រទេស​កូ​ឡុំ​ប៊ី ឆ្ពោះ​មកកាន់​អឺរ៉ុប គឺជា​ដំណើរ​ដ៏​វែងឆ្ងាយ​មួយ​មាន​ចម្ងាយ​រហូតដល់​៧.៦៩០​គ​.​ម​។​ ​ភាពស្មុគស្មាញ​របស់​នា​វា​មុជទឹក​មួយគ្រឿង​នេះ ធ្វើ​ឲ្យ​ក្រុម​អាជ្ញាធរ​ពិបាក​ក្នុងការ​តាម​ចាប់ ខណៈពេលដែល​ក្រុម​ជួញ​ជួញដូរ​គ្រឿងញៀន​អាមេរិក​ខាងត្បូង ប្រើ​វិធីសាស្ត្រ​ដ៏​គគ្លើន ក្នុងការ​ចែកចាយ​ទំនិញ​របស់​ពួកគេ​នៅ​ទូទាំង​សកលលោក​។​ ​ប្រភពព័ត៌មាន​ដែល​នៅ​ជិត​នឹង​ការស៊ើបអង្កេត​មួយ​នេះ បាន​ឲ្យ​ដឹងថា ក្រុម​ដែល​នៅ​ពីក្រោយ​ការដឹកជញ្ជូន​អាភៀន​នេះ គឺមាន​ខ្នង​ក្រាស់ ដោយសារតែ​នាវាមុជទឹក​ដឹក​អាភៀន​នេះ មានតម្លៃ​យ៉ាងហោចណាស់​ក៏​២.៧​លាន​ដុល្លារ​ដែរ​។​ ​ក្រុម​អាជ្ញាធរ​អេ​ស្ប៉ា​ញ បាន​និយាយថា វា​គឺជា​លើកដំបូង​ហើយ​ដែល​នាវាមុជទឹក ត្រូវបាន​ប្រើប្រាស់​ដើម្បី​រត់ពន្ធ​អាភៀន​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​។ ក្រុម​មុជទឹក បាន​ទាញ​ចេញ​កញ្ចប់​កូកាអ៊ីន ចេញពី​នាវាមុជទឹក​នេះ កាលពី​ថ្ងៃ​ចន្ទ​។​ ​ក្រុមនគរបាល​អេ​ស្ប៉ា​ញ បាន​តាមដាន​នាវាមុជទឹក​នេះ ដោយ​សម្របសម្រួល​ជាមួយ​ក្រុមនគរបាល​អ​ន្ត​រ​ជាតិ ដែល​បានដឹង​ពី​ផ្លូវ​បើក​របស់​នាវាមុជទឹក ក្រោយពេល​វា​ឈប់​នៅ​តំបន់​ឆ្នេរសមុទ្រ​ព័រ​ទុយ​ហ្គា​ល់​។​ ​កាសែត​អេ​ស្ប៉ា​ញ ABC​បាន​រាយការណ៍​ថា ទីភ្នាក់ងារ​របស់​ពួកគេ បាន​តាន​ដាន​នាវាមុជទឹក​នេះ ចាប់តាំងពី​ថ្ងៃទី​១៥ ខែវិច្ឆិកា​នេះ​មកម្ល៉េះ​។​ ​ក្រុម​នាវិក បាន​បោះបង់ចោល​នាវាមុជទឹក ដែល​បាន​ផលិត​នៅ​ប្រទេស​គុយ​យ៉ាន និង​ប្រទេស​ស៊ូ​រី​ណា​ម អាមេរិក​ឡាទីន​នេះ​ចោល​នៅ​កោះ​អា​ដាន់ ជិត​ខេត្ត​ប៉ូ​ន​តេ​វេ​ដ្រា ប្រទេស​អេ​ស្ប៉ា​ញ​។​ ​ក្រុមមន្ត្រី​មិនអាច​និយាយបាន​នោះទេ​ថា​តើ​ប្រទេស​មួយណា​ដែល​នាវាមុជទឹក​មួយ​នេះ បាន​ចាកចេញ ប៉ុន្តែ​សារព័ត៌មាន បាន​រាយការណ៍​ថា ក្រុមនគរបាល​សង្ស័យ​ថា​វា​បាន​ចេញពី​ប្រទេស​កូ​ឡុំ​ប៊ី​។​ ​ក្រុមនគរបាល​មានការ​លំបាក​ខ្លាំងណាស់​ក្នុងការ​ស្រង់​នាវាមុជទឹក​ដែល​លិច​មួយ​នេះ​ដើម្បី​អូស​មកកាន់​កំពុងផែរ ដោយសារតែ​ស្ថានភាព​ខ្យល់​បក់​ខ្លាំង និង​ភ្លៀង​ធ្លាក់​ខ្លាំង ៕​