​អង្គការ​ណា​តូ នឹងមាន​សមាជិក​កើនឡើង​បន្ថែមទៀត ព្រោះ​ខ្លាច​រុស្ស៊ី​

ព័ត៌មានអន្តរជាតិ
0
1


​រដ្ឋធានី​វី​ល​នី​ស​៖ សង្គ្រាម​របស់​ក្រុង​មូ​ស្គូ នៅលើ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន បាន និង កំពុងតែ​បង្ក​នូវ​ការភ័យខ្លាច ដល់​បណ្ដា​ប្រទេស​នានា នៅ​តំបន់​អឺរ៉ុប ហើយ​មាន​ប្រទេស​ខ្លះ បានរ​ត់ទៅ​ស្នើ​សុំចូល​ជា​សមាជិក​របស់​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ហៅ​កាត់ ណា​តូ (​តាម​ភាសា​អង់គ្លេស​) ឬ អូតង់ (​តាម​ភាសា​បារាំង​) ខណៈ​ឥឡូវ តួ​ក​គី បាន​បើកភ្លើង​ខៀវ ដល់​ប្រទេស​ស៊ុយអែត ឲ្យ​ចូល​រួមរស់​ជាមួយនឹង​អង្គការ​សម្ពន្ធមិត្ត​យោធា​ដ៏​ខ្លាំងក្លា​របស់​ពិភពលោក​មួយ ក្រោយពេល​ប្រទេស​ហ្វាំ​ង​ឡង់​ដ៍ បាន​ក្លាយជា​សមាជិក​ទី​៣១ កាលពី​ខែមេសា ឆ្នាំ​២០២៣​កន្លងទៅ​។​

​សារព័ត៌មាន​របស់​ច​ក្រ​ភព​អង់គ្លេស BBC បាន​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​១១ ខែកក្កដា ថា លោក ជេន​ស៍ ស្ដូ​ល​ថែ​ន​ប៊ឺ​គ (Jens Stoltenberg) អគ្គលេខាធិការ​អង្គការ​ណា​តូ បានបញ្ជាក់ ថា លោក រេ​សេប តា​យ​យី​ប អេ​ដូ​ហ្គេ​ន (Recep Tayyip Erdogan) ប្រធានាធិបតី​តួ​ក​គី បាន​បើកភ្លើង​ខៀវ គាំទ្រ​ដល់​ប្រទេស​ស៊ុយអែត ឲ្យ​ចូល​ជា​សមាជិក​របស់​អង្គការ​សម្ពន្ធមិត្ត​យោធា​របស់​បស្ចិម​លោក​។ ដូច្នេះ​មេដឹកនាំ​តួ​ក​គី នឹង​បញ្ជូន​ការស្នើសុំ​របស់​ប្រទេស​ស៊ុយអែត ទៅកាន់​រដ្ឋសភា​តួ​ក​គី ស្ថិតក្នុង​រដ្ឋធានី​អង់កា​រ៉ា ដើម្បី​ធានា​ដល់​ការធ្វើ​សច្ចាប័ន បើកផ្លូវ​ឲ្យ​ប្រទេស​ណ័​រ​ឌិ​កមួយ​នេះ ក្លាយជា​សមាជិក​ទី​៣២​របស់​អង្គការ​ណា​តូ​។​

​ជាមួយគ្នានេះដែរ លោក អូ​លី​ហ្វ គ្រី​ស្ទើ​ស​សុន (Ulf Kristersson) នាយករដ្ឋមន្ដ្រី​ស៊ុយអែត បាន​ថ្លែង ថា «​ខ្ញុំ​សប្បាយចិត្ត​យ៉ាងខ្លាំង ព្រោះ​វា​ជា​ថ្ងៃ​ដ៏​ល្អ​បំផុត​មួយ សម្រាប់​ស៊ុយអែត​»​។​

​កាលពី​ដំបូង​ឡើយ តួ​ក​គី បាន​រារាំង​ដល់​ការដាក់​ពាក្យស្នើសុំ​របស់​ស៊ុយអែត ចូល​ជា​សមាជិក​របស់​អង្គការ​ណា​តូ អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមកហើយ ដោយ​រដ្ឋាភិបាល​អង់កា​រ៉ា បាន​ចោទប្រកាន់ ដល់​រដ្ឋាភិបាល​ស្ដុក​ខុម (Stockholm) កំពុងតែ​ផ្ដល់​ជម្រក​ស្នាក់នៅ សម្រាប់​កងជីវពលរ​បស់​ជនជាតិ​ឃឺ​ដ (Kurd)​។​

​តួ​ក​គី ជា​សមាជិក​មួយ នៅក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​ទាំង​៣១​របស់​អង្គការ​ណា​តូ ទើប​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា ប្រើប្រាស់​សិទ្ធិ​វេតូ រារាំង​ដល់​ប្រទេស​ថ្មី​ណាមួយ​ចូលរួម នៅក្នុង​អង្គការ​សម្ពន្ធមិត្ត​យោធា​ដ៏​ខ្លាំងក្លា​របស់​បស្ចិម​លោក​មួយ​នេះ​។ ប្រទេស​ហ្វាំ​ង​ឡង់​ដ៍ ក៏​ធ្លាប់​ត្រូវបាន​តួ​ក​គី រារាំង​ផងដែរ មុននឹង​បាន​ក្លាយជា​សមាជិក​ទី​៣១​ផ្លូវការ​របស់​អង្គការ​ណា​តូ​កាលពី​ខែមេសា ឆ្នាំ​២០២៣​។ ប៉ុន្ដែ​ឥឡូវនេះ ប្រទេស​ស៊ុយអែត បានទទួល​សញ្ញា​វិជ្ជមាន សម្រាប់​ដំណើរ​ឆ្ពោះទៅកាន់​សមាជិក​ទី​៣២​របស់​អង្គការ​យោធា​មួយ​នេះ ក្រោយពេល​មាន​កិច្ចព្រមព្រៀង រវាង​ក្រុង​អង់កា​រ៉ា និង ក្រុង​ហែល​ស៊ីន​គី (Helsinki) កាលពី​ល្ងាច ថ្ងៃ​ចន្ទ​។​

​ជា​ប្រតិកម្ម​ទៅនឹង​ព័ត៌មាន​ដ៏​ល្អ​មួយ​នេះ លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក បានបញ្ជាក់ ថា គាត់​ស្វាគមន៍ ចំពោះ​ការប្តេជ្ញាចិត្ត​របស់​ប្រធានាធិបតី​តួ​ក​គី លោក អេ​ដូ​ហ្គេ​ន សម្រាប់​ដំណើរការ​«​ផ្តល់​សច្ចាប័ន​ដ៏​ឆាប់រហ័ស​» នៅពេលនេះ​។​

​សេត​វិមាន​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ថា «​ខ្ញុំ​ត្រៀមខ្លួន​រួចរាល់​អស់ហើយ សម្រាប់​ធ្វើការ​ជាមួយនឹង​លោក​ប្រធានាធិបតី អេ​ដូ​ហ្គេ​ន និង ប្រទេស​តួ​ក​គី ដើម្បី​ពង្រឹង​នូវ​កិច្ចការពារ និង ការទប់ស្កាត់ នៅក្នុង​តំបន់​អឺរ៉ុប​-​អា​ត្ល​ង់​ទិ​ក (Euro-Atlantic)​។ ខ្ញុំ​ក៏​ទន្ទឹងរង់ចាំ​ស្វាគមន៍ ចំពោះ​លោកនាយក​រដ្ឋមន្ត្រី គ្រី​ស្ទើ​ស​សុន និង ប្រទេស​ស៊ុយអែត នឹង​ក្លាយជា​សម្ពន្ធមិត្ត​របស់​អង្គការ​ណា​តូ​»​។​

​លោក អាន​ណា​ឡែ​ន ប៊ែ​រ​បក់ខ៍ (Annalen Baerbock) រដ្ឋមន្ដ្រី ក្រសួងការបរទេស​អា​ល្លឺ​ម៉​ង បានបញ្ជាក់ នៅលើ​បណ្ដាញ​សង្គម​ធ្វី​ធើរ ថា «​ណា​តូ​នឹង​សមាជិក​ទី​៣២ ហើយ​យើង​ធ្វើ​រួមគ្នា យើង​នឹងមាន​សុវត្ថិភាព​»​។​

​ទន្ទឹមគ្នានេះ លោក រី​ស៊ី ស៊ូ​ណាក់ (Rishi Sunak) នាយករដ្ឋមន្ដ្រី​ចក្រភព​អង់គ្លេស បាន​ថ្លែង ថា ការចូលរួម​របស់​ស៊ុយអែត ជាមួយនឹង​អង្គការ​ណា​តូ នឹងធ្វើ​ឲ្យ​យើងទាំងអស់គ្នា កាន់​តែមាន​សុវត្ថិភាព​បន្ថែមទៀត​។​

​លោក ជេន​ស៍ ស្ដូ​ល​ថែ​ន​ប៊ឺ​គ ប្រមុខ​អង្គការ​ណា​តូ បានប្រកាស ថា កិច្ចព្រមព្រៀង កាលពី​ល្ងាច ថ្ងៃ​ចន្ទ នេះ បានកើត​ឡើង ក្រោយពេល​មានការ​ចរចា​គ្នា រវាង​ប្រធានាធិបតី​តួ​ក​គី និង មេដឹកនាំ​ស៊ុយអែត នៅក្នុង​រដ្ឋធានី​វិល​នី​ស (Vilnius) ប្រទេស​លី​ទុយ​អា​នី (Lithuanian) ជា​កន្លែង​ដែល​អង្គការ​ណា​តូ បើក​កិច្ចប្រជុំ​កំពូល​របស់ខ្លួន​។ កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ​កំពូល​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​ណា​តូ នេះ នឹង​ផ្ដោត​យ៉ាងសំខាន់​បំផុត សម្រាប់​គាំទ្រ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន នៅក្នុង​ការធ្វើ​សង្គ្រាម​ទប់ទល់​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​។​
​ប្រទេស​ស៊ុយអែត និង ហ្វាំ​ង​ឡង់​ដ៍ ដែលមាន​ព្រំដែន​ប្រវែង​១៣៤០​គីឡូម៉ែត្រ ជាប់​ជាមួយនឹង​រុស្ស៊ី ធ្លាប់តែ​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​អព្យាក្រឹតភាព អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមកហើយ​។ ប៉ុន្ដែ​ប្រទេស​ណ័​រ​ឌិ​ក​ទាំង​២​នេះ (Nordic ឬ Norden ជា​តំបន់​ភូមិសាស្ដ្រ និង វប្បធម៌ នៅ​តំបន់​អឺរ៉ុប​ខាងជើង និង អា​ត្ល​ង់​ទិ​ក​ខាងជើង ដោយ​រាប់បញ្ចូល​ទាំង​រដ្ឋ​អធិបតេយ្យភាព ដូចជា ដា​ណា​ម៉ាក ហ្វាំ​ង​ឡង់​ដ៍ ន័​រ​វ៉ែ​ស ហើយ​ដែនដី​ស្វ័យភាព​កោះ​ហ្វា​រ៉ូ (Faroe) និង ហ្គ្រី​ន​ឡែ​ន​ដ៍ ( Greenland) ព្រមទាំង​តំបន់​ស្វ័យភាព​អា​ឡែ​ន​ដ៍ «Åland» ) បាន​បោះបង់ចោល​នូវ​គោលនយោបាយ​របស់ខ្លួន ហើយ​បានដាក់​ពាក្យស្នើសុំ ចូល​ជា​សមាជិក​របស់​អង្គការ​ណា​តូ នៅក្នុង​ខែឧសភា ឆ្នាំ​២០២២ ក្រោយពេល​រុស្ស៊ី បាន​លើកទ័ព​ចូល​ឈ្លានពាន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២​។ ប្រទេស​ហ្វាំ​ង​ឡង់​ដ៍ បាន​ក្លាយជា​សមាជិក​ទី​៣១​របស់​អង្គការ​ណា​តូ ជា​ផ្លូវការ នៅក្នុង​ខែមេសា ឆ្នាំ​២០២៣៕