ប្រទេស​ចិន ចាប់ផ្ដើម​ដំឡើង​សាច់ដុំ​ដាក់​ហ្វីលីពីន បញ្ជា​ឲ្យ​ដក​នាវាចម្បាំង​ចេញពី​សមុទ្រ​ចិន​ខាងត្បូង​

ព័ត៌មានអន្តរជាតិ
0
1


​រដ្ឋធានី​ម៉ានីល​៖ រដ្ឋាភិបាល​ក្រុង​ប៉េកាំង តែងតែ​អះអាង អំពី​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​ទំហំ ៣,៥​លាន​គីឡូ​ម៉ែត្រការ៉េ ស្ទើរតែ​ទាំងស្រុង ជា​ដែន​អធិបតេយ្យភាព​របស់​ចិន ទើប​បង្ក​ឲ្យ​មាន​ជម្លោះ ជាមួយនឹង​ប្រទេស​ជាច្រើន នៅក្នុង​តំបន់​អាស៊ាន ហើយ​ឥឡូវនេះ ប្រទេស​មហា​យក្ស​អាស៊ី​មួយ​នេះ បាន​ប្រាប់​ហ្វីលីពីន ឲ្យ​ដក​នាវាចម្បាំង​របស់ខ្លួន ចេញពី​ដែនសមុទ្រ​មួយ​នេះ​។​

​បណ្ដាញ​ទូរទស្សន៍ CNA បាន​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​៧ ខែសីហា ថា ក្រុង​ប៉េកាំង កាលពី​ថ្ងៃ​ចន្ទ (​ទី​៧ ខែសីហា​) បាន​ប្រាប់​ដល់​ហ្វីលីពីន ឱ្យ​ដក​នាវាចម្បាំង​របស់ខ្លួន ចេញពី​តំបន់ Thomas Shoal ទី​២ ស្ថិតក្នុង​សមុទ្រ​ចិន​ខាងត្បូង ក្រោយពេល​ចិន​បាន​រារាំង​នាវា​ដឹក​សម្ភារៈ​ផ្គត់ផ្គង់​ចំនួន​២​របស់​រដ្ឋាភិបាល​ក្រុង​ម៉ានីល កាលពី​ចុង​សប្តាហ៍​មុននេះ ខណៈ​ភាគី​ទាំងពីរ បាន​អះអាង អំពី​ដែន​អធិបតេយ្យភាព​រៀងៗ​ខ្លួន នៅ​តំបន់​នោះ​។

​ហ្វីលីពីន បាន​ចោទប្រកាន់​ដល់​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ចិន ថា ពួកគេ​បាន​រារាំង និង បាញ់​ទឹក​មកលើ​នាវា​ដឹក​សម្ភារៈ​ផ្គត់ផ្គង់​យោធា​របស់​ហ្វីលីពីន តាម​អ្វីដែល​ក្រុង​ម៉ានីល បាន​អះអាង ថា កាលពី​ថ្ងៃ​សៅរ៍ វា​ជាការ​ចល័ត​កងទ័ព​ជាប្រចាំ និង បេសកកម្ម​ផ្គត់ផ្គង់​សម្ភារៈ​យោធា សម្រាប់​នាវាចម្បាំង​ហ្វីលីពីន ដែលជា​កប៉ាល់​ចាស់​របស់​សហរដ្ឋអាមេរិក នា​សម័យ​សង្គ្រាមលោកលើកទី​ពីរ រស់​នៅលើ​នាវា​ផ្ទុក​យន្តហោះ​នោះ​។​

​ដោយឡែក កង​ឆ្មាំ​សមុទ្រ​ចិន បានបញ្ជាក់ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ថា ប្រទេស​ចិន បាន​និយាយ ថា ខ្លួន​បាន​ប្រាប់​ដល់​រដ្ឋាភិបាល​ក្រុង​ម៉ានីល កុំឱ្យ​បញ្ជូន​កប៉ាល់​ទៅកាន់ Thomas Shoal ទី​២ ហើយ​មិនត្រូវ​បញ្ជូន​សម្ភារៈ​សំណង់ ដែល​ប្រើប្រាស់ សម្រាប់​ការជួសជុល និង ការពង្រឹង​ទ្រង់ទ្រាយ​ធំ ទៅកាន់​នាវាចម្បាំង​នោះឡើយ ព្រោះ​ចិន​បានដឹង​អំពី​ផែនការ​ផ្គត់ផ្គង់ កាលពីពេល​ថ្មីៗ​នេះ​។​
ពាណិជ្ជកម្ម

​ប្រទេស​ចិន ក៏បាន​ជំរុញ​ឲ្យ​ហ្វីលីពីន ឱ្យ​រក្សា​ភាព​ដូចដើម ចំពោះ​តំបន់ Thomas Shoal ទី​២ ហើយ​ចិន​បាន​អនុញ្ញាតឱ្យ​ដឹកជញ្ជូន​តែ​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ រួមទាំង​អាហារ ទៅកាន់​កប៉ាល់​នោះ ដោយ​បន្ថែម ថា ឆ្មាំ​សមុទ្រ​ចិន បាន​ប្រើប្រាស់​កាណុង​បាញ់​ទឹក ដើម្បី​ចៀសវាង​នូវ​ការប៉ះទង្គិច ពី​ការស្ទាក់ចាប់ ដោយផ្ទាល់ តែប៉ុណ្ណោះ​។​

​នៅក្នុង​ឆ្នាំ​១៩៩៩ ហ្វីលីពីន បាន​បញ្ឈប់​នាវាចម្បាំង ដោយ​ចេតនា ដើម្បី​កាន់កាប់​របស់ខ្លួន នៅលើ​ថ្ម​ប៉ប្រះ​ទឹក Thomas Shoal ទី​២ ហើយ​វា​ជា​ផ្នែក​មួយ នៃ​កោះ Spratly ស្ថិតក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​ប្រទេស​ចិន កាលពី​ចុង​សប្តាហ៍​មុន បាន​អះអាងថា ចិន មាន​អធិបតេយ្យភាព មិនអាច​ប្រកែក​បាន នៅ​តំបន់​នោះ ហើយ​ក្រុង​ប៉េកាំង បាន​ជំរុញ​ឱ្យ​ហ្វីលីពីន បញ្ឈប់​ធ្វើ​សកម្មភាព​រំលោភបំពាន នៅក្នុង​ដែនទឹក​នេះ​។​

​ដោយឡែក លោក ហ្វ័​រ​ឌី​ណង់​ដ៍ ម៉ា​កូ​ស (Ferdinand Marcos Jr) ប្រធានាធិបតី​ហ្វីលីពីន បានបញ្ជាក់ កាលពី​ថ្ងៃ​ចន្ទ ថា ប្រទេស​ហ្វីលីពីន នៅតែ​បន្ត​អះអាង អំពី​អធិបតេយ្យភាព និង សិទ្ធិ​ដែនដី​របស់ខ្លួន បើទោះជា​មាន​បញ្ហា​ប្រឈម នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង យ៉ាងណាក៏ដោយ​។ ប្រទេស​ហ្វីលីពីន ក៏​នៅតែ​បន្ត​តវ៉ា ប្រឆាំងនឹង​ប្រទេស​ចិន​។


​បើទោះជា​យ៉ាងណា គ្មាន​នរណាម្នាក់ រងរបួស នៅក្នុង​ឧបទ្ទវហេតុ​ដែនសមុទ្រ ក្រោយពេល​កង​ឆ្មាំ​សមុទ្រ​ចិន បាន​បាញ់​ទឹក​ដាក់​លើ​នាវាចម្បាំង​របស់​ហ្វីលីពីន​នោះឡើយ​។ ប៉ុន្តែ​ហ្វីលីពីន​កំពុងតែ​គិត​អំពី​ជំហាន​បន្ទាប់ សម្រាប់​ការផ្គត់ផ្គង់​ជាថ្មី​ដល់​កងទ័ព​របស់ខ្លួន​។​

​ប្រទេស​ចិន តែងតែ​ទាមទារ​ដែន​អធិបតេយ្យភាព ស្ទើរតែ​ទាំងអស់ នៃ​សមុទ្រ​ចិន​ខាងត្បូង និង កោះ Spratly ដោយមាន​កូន​កោះ​ជាច្រើន ថ្ម​ប៉ប្រះ​ទឹក និង ច្រាំង​ថ្ម​ចោត ស្ថិតនៅ​កណ្តាល​សមុទ្រ​ចិន​ខាងត្បូង និង នៅតាម​បណ្តោយ​ផ្លូវ​ដឹកជញ្ជូន​សំខាន់ៗ​ទាំងនេះ​។ ជាមួយគ្នានេះ មាន​ប្រទេស​ជាច្រើន ទាមទារ​យក​ជា​កម្មសិទ្ធិ​របស់ខ្លួន រួមមាន ចិន វៀតណាម តៃវ៉ាន់ ប្រ៊ុយណេ ម៉ាឡេស៊ី និង​ហ្វីលីពីន​៕​