រថយន្ត​ភី​ក​អាប់​អគ្គិសនី​ក្រុមហ៊ុន Tesla ធ្វើ​ឲ្យ​អ្នកសារព័ត៌មាន​មមាញឹក​ខ្លាំង

ព័ត៌មានអន្តរជាតិ
0
297
​ កាលពីពេល​កន្លងទៅនេះ ក្រុមហ៊ុន Tesla ទើប​បង្ហាញ​នូវ​រថយន្ត​ភី​ក​អាប់​ដើរ​ដោយ​ថាមពល​អគ្គិសនី Cybertruck របស់ខ្លួន ដែល​រថយន្ត​ស៊េរី​ថ្មី​នេះ​មាន​រូបរាង​ដូច​ទៅនឹង​រថយន្ត​ជ័យ​របស់​ក្មេង​លេង ថែមទាំង​មាន​កំហុស​មួយទៀត​នៅត្រង់ថា វា​ភ្លាត់ស្នៀត​ឱ្យ​បែក​កញ្ចក់​នៅពេល​កំពុង​ធ្វើតេស្ត​គ្រាប់​បាល់​ដែក​នៅលើ​ឆាក​ថ្ងៃ​បង្ហាញខ្លួន ទាំង​ដែល​ការពិត​វា​ធ្វើ​ពី​ដែក​អ៊ី​ណុ​ក​អា​ចរង​គ្រាប់កាំភ្លើង​ប្រភេទ 9mm បាន ហើយក៏​ដូចគ្នា​ជាមួយ​ដែក​ធ្វើ​យាន Starship របស់ SpaceX ដែរ​។ និយាយ​រួម​គឺ​វា​មិន​ស៊ីគ្នា​សោះ ប៉ុន្តែ​យ៉ាងណាក៏ដោយ​លោក Elon Musk និយាយថា វា​ជា​អ្វីដែល​ត្រូវ​កែប្រែ​បន្ថែម​។​ ​តែ​យ៉ាងណាមិញ Cybertruck ដែលជា​រថយន្ត​ភី​ក​អាប់​អគ្គិសនី​ក្រុមហ៊ុន Tesla បានបង្ហាញ​ចេញ​កាលពីពេល​កន្លងទៅ ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហាជន ដោយសារ​មាន​រូបរាង​ខុសពី​រថយន្ត​ភី​ក​អាប់​ដទៃទៀត​លើ​ទីផ្សារ និង​ដោយសារ​ការប្រកួត​សមត្ថភាព​អូសទាញ​ជាមួយ​រថយន្ត​ភី​ក​អាប់ F-150 របស់ Ford ផងដែរ​។​ ​រថយន្ត​ភី​ក​អាប់​អគ្គិសនី​នេះ គឺ​រចនា​រូបរាង​ឡើង​ដោយ​អ្នក​ឌី​ហ្សា​ញ​ឈ្មោះ Franz von Holzhausen ដែល​កន្លងមក​លោក​ធ្លាប់​ឌី​ហ្សា​ញ​រថយន្ត Tesla ជាច្រើន​រួចមកហើយ រួមមាន Tesla Model S, Model 3, Model X, Model Y, Semi Truck និង Tesla Roadster ទៀតផង​។​ ​បើ​យោងតាម​ការចុះផ្សាយ​នៅក្នុង​សារព័ត៌មាន Dailymail បាន​ឲ្យ​ដឹងថា ក្រោយ​ចេញលក់​រថយន្ត​ភី​ក​អាប់​ប្លែក​គេ​នេះ ភាគហ៊ុន​របស់​ក្រុមហ៊ុន Tesla បាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់ ពោលគឺ​ធ្លាក់ចុះ​ជាង ៦% ហើយ​បើ​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ប្រមាណ​ជា ៧៦៨ លាន​ដុល្លារ​នៃ​ទំហំ​ទ្រព្យសម្បត្តិ​សរុប​របស់លោក Elon Musk ដែលមាន​ប្រមាណ​ជា ២៣.៦ ពាន់​លាន​ដុល្លារ ចុះបញ្ជី​ដោយ Forbes ។ ប៉ុន្តែ​យ៉ាងណាមិញ​បើ​យោងតាម​អ្នកវិភាគ​ទីផ្សារ អន្តរជាតិ​បាន​ឲ្យ​ដឹងថា ការធ្វើ​បែបណា​របស់​ក្រុមហ៊ុន Tesla គឺជា​ការធ្វើ​ទីផ្សារ​ដោយ​ប្រយោល​នឹងមិន​ចាំបាច់​ចំណាយ​ប្រាក់ ដើម្បី​ធ្វើ​ទីផ្សារ​ទៅលើ​ផ្នែក​ផ្សព្វផ្សាយ​ច្រើន​ឡើយ ដោយសារតែ​ក្រោយពី​ព្រឹត្តិការណ៍​នៃ​ការធ្វើ​តេស្ត​រថយន្ត​ខាងលើនេះ​ភ្លាម គ្រប់​ទំព័រ​គេហទំព័រ ស្ទើរ​ទូរ​ទាំង​ពិភពលោក​មមាញឹក​យ៉ាងខ្លាំង​ក្នុងការ​ចុះផ្សាយ​អំពី​ព្រឹត្តិការណ៍​មួយ​នេះ ៕