ដឹង​ច្បាស់​ពី​មូលហេតុ ប្រធានាធិបតី​ស្រីលង្កា មិន​ព្រម​លាលែង​ពី​តំណែង​

ព័ត៌មានអន្តរជាតិ
0
283
សិង្ហ​បុរី​៖ ដោយសារតែ​ការភ័យខ្លាច អំពី​ការបាត់បង់​អាយុជីវិត នៅក្នុង​ការបន្ដ​ស្នាក់នៅ​ក្នុងប្រទេស​ស្រីលង្កា ក្រោយ​ផ្ទុះ​បាតុកម្ម​ដ៏​ធំ ជុំវិញ​វិបត្ដិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​នោះ ទើប​ប្រធានាធិបតី​ស្រីលង្កា បាន​រត់​ភៀសខ្លួន គេច​ចេញពី​ប្រទេស​របស់​កំណើត ឆ្ពោះទៅកាន់​ប្រទេស​ម៉ា​ឌី​វ ហើយ​បន្ដដំណើរ​មកកាន់​ប្រទេស នៅ​ប្លុក​អាស៊ាន ទើប​គាត់​ហ៊ាន​ប្រកាស លាលែង​ពី​តំណែង​។​

​សារព័ត៌មាន CNBC បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែកក្កដា ថា លោក ហ្គោ​តា​ប៉ា​យ៉ា រ៉ា​ចា​ប៉ាក​សា (Gotabaya Rajapaksa) ប្រធានាធិបតី​ស្រីលង្កា បាន​រត់​ភៀសខ្លួន ចេញពី​ប្រទេស ទៅកាន់​ម៉ា​ឌី​វ ក្រោយពេល​ក្រុមបាតុករ បាន​ចូលទៅ​ឡោមព័ទ្ធ និង លុកលុយ នៅក្នុង​វិមាន​ប្រធានាធិបតី​ស្រីលង្កា កាលពី​ចុង​សប្ដាហ៍​មុន​។ ប៉ុន្ដែ​ក្រោយមក គាត់​បាន​បន្ដដំណើរ មកកាន់​ប្រទេស​សិង្ហ​បុរី​។​


​ការិយាល័យ​របស់​ប្រធានសភា​ស្រីលង្កា បាន​បញ្ជាក់ថា ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​ប្រមុខរដ្ឋ​បាន​រត់គេច​ចេញពី​ការតវ៉ា បង្កឡើង​ដោយ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់មាន​នៅក្នុង​ប្រទេស​នេះ លោក​ប្រធានាធិបតី​ស្រីលង្កា បានដាក់​ពាក្យ​លាលែង​ពី​តំណែង​ភ្លាមៗ ក្រោយពេល​ទៅដល់​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែកក្កដា​។​

​លោក អ៊ិន​ឌូ​នី​ល យ៉ា​ប៉ា (Indunil Yapa) អ្នកនាំពាក្យ ប្រធាន​សភាជាតិ​ស្រីលង្កា បាន​បញ្ជាក់ថា ការដាក់​ពាក្យ​លាលែង​ពី​តំណែង​តាម​អ៊ីមែល​របស់លោក Gotabaya Rajapaksa នឹង​ត្រូវបាន​ពិនិត្យមើល មុនពេល​មានការ​ប្រកាស​ជា​ផ្លូវការ នៅ​ថ្ងៃ​សុក្រ ទី​១៥ ខែកក្កដា​។​

​អ្នកនាំពាក្យ ប្រធានសភា​ស្រីលង្កា រូបនេះ បាន​ប្រាប់​ដល់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា «​ភាពត្រឹមត្រូវ និង ភាពស្របច្បាប់ នៃ​ការដាក់​ពាក្យ​តាម​អ៊ីមែល​នេះ នឹងត្រូវ​ពិនិត្យ​» មុនពេល​ទទួលយក​ជា​ផ្លូវការ​។


​លោក Gotabaya Rajapaksa នឹង​ក្លាយជា​ប្រធានាធិបតី​ដំបូង​គេ ដែល​បាន​លាលែង​ពី​តំណែង ចាប់តាំងពី​ប្រទេស​ស្រីលង្កា​បានអនុម័ត​របប​ប្រធានាធិបតី នៅក្នុង​ឆ្នាំ​១៩៧៨​មក​។ ការដាក់​ពាក្យ​លាលែង​ពី​តំណែង​របស់គាត់ បានកើត​ឡើង ក្រោយ​ការផ្ទុះ​បាតុកម្ម​ដ៏​ធំ នៅ​ទូទាំង​រដ្ឋធានី​កូឡុមបូ ជុំវិញ​ការដឹកនាំ​ប្រទេស​របស់គាត់ ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​ត្រូវ​ដួលរលំ​ទាំងស្រុង ហើយ​ត្រូវ​ប្រឈមមុខ​នឹង​កង្វះខាត​ស្បៀងអាហារ ប្រេងឥន្ធនៈ និង ថ្នាំសង្កូវ​យ៉ាងធ្ងន់ធ្ងរ​បំផុត នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ ក្រោយ​ទទួលបាន​ឯករាជ្យ ពី​ចក្រភព​អង់គ្លេស នៅ​ឆ្នាំ​១៩៤៨​។​

​ដោយឡែក ក្រុមបាតុករ​ស្រីលង្កា បាន​ចាត់ទុកថា «​នេះ​ជា​ជ័យជម្នះ​ដ៏​មហិមា ប៉ុន្ដែ​វា​គ្រាន់តែ​ជា​ជំហាន​ដំបូង​តែប៉ុណ្ណោះ​»​។​

​ប្រធានាធិបតី​ស្រីលង្កា លោក Gotabaya Rajapaksa និង ប្រពន្ធ​របស់គាត់ ឈ្មោះ ឡូ​ម៉ា (Loma) អមដោយ​អង្គរក្ស ចំនួន​២​នាក់ បាន​ចាក​ចេញពី​រដ្ឋធានី​ម៉ា​ល ប្រទេស​ម៉ា​ឌី​វ មកដល់​ប្រទេស​សិង្ហ​បុរី តាម​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អារ៉ាប់​។ ក្នុងនាម​ជា​ប្រធានាធិបតី គាត់​ទទួលបាន​អភ័យឯកសិទ្ធិ គេច​ផុតពី​ការចាប់ខ្លួន ហើយ​គាត់​ត្រូវបាន​គេ​យល់ថា ចង់ទៅ​ក្រៅប្រទេស មុនពេល​ចុះចេញ​ពី​តំណែង ដើម្បី​ចៀសវាង​លទ្ធភាព នៃ​ការឃុំខ្លួន​។​

​លោក ម៉ូ​ហា​មេ​ដ ណា​ស៊ីត (Mohamed Nasheed) អតីត​ប្រធានាធិបតី​ម៉ា​ឌី​វ ត្រូវគេ​ជឿជាក់ថា ជា​អ្នកសម្របសម្រួល​ដល់​ការរត់​ភៀសខ្លួន​របស់​ប្រធានាធិបតី​ស្រីលង្កា នោះ បាន​ថ្លែងថា លោក Gotabaya Rajapaksa មានការ​ភ័យខ្លាច​ថា គាត់​នឹង​ត្រូវគេ​សម្លាប់ចោល ប្រសិនបើ​គាត់​បន្ដ​នៅក្នុង​ប្រទេស​ស្រីលង្កា​។​


​អតីត​ប្រធានាធិបតី​ម៉ា​ឌី​វ បាន​បញ្ជាក់ថា «​ខ្ញុំ​ជឿថា ប្រធានាធិបតី​ស្រីលង្កា នឹងមិន​លាលែង​ពី​តំណែង​នោះឡើយ ប្រសិនបើ​គាត់​បន្ដ​ស្នាក់នៅ​ក្នុងប្រទេស​ស្រីលង្កា ព្រោះ​គាត់​ភ័យខ្លាច​បាត់បង់​ជីវិតរ​បស់​គាត់​»​។​

​ដោយឡែក ក្រសួងការបរទេស​សិ​ង្ហ​បុរី បាន​បញ្ជាក់ថា ប្រធានាធិបតី​ស្រីលង្កា ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល មក​ក្នុងប្រទេស​សិង្ហ​បុរី សម្រាប់​ជា​ដំណើរ​ទស្សនកិច្ច​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ​។ គាត់​មិនបាន​សុំ​សិទ្ធិ​ជ្រកកោណ ហើយ​សិង្ហ​បុរី​ក៏​មិនបាន​ផ្ដល់​សិទ្ធិ​ជ្រកកោន​ណាមួយ ដល់​គាត់​ផងដែរ​។​

​បើតាម​ប្រភពព័ត៌មាន​ពី​សន្ដិសុខ​ស្រីលង្កា បាន​ឲ្យ​ដឹងថា លោក Gotabaya Rajapaksa អាច​នឹង​ស្នាក់នៅ​ក្នុងប្រទេស​សិង្ហ​បុរី មួយរយៈ មុនពេល​គាត់​បន្ដដំណើរ​ទៅកាន់​ប្រទេស​អារ៉ាប់​រួម (United Arab Emirates)៕​