ព្យុះ​ទី​ហ្វុ​ង​Kammuri នៅ​ហ្វីលីពីន​បាន​បង្ខំ​ឲ្យ​មានការ​បិទទ្វារ​ព្រលានយន្ដហោះ​

ព័ត៌មានអន្តរជាតិ
0
240
​ព្យុះ​ទី​ហ្វុ​ង​Kammuri ដែល​បាន​វាយប្រហារ​លើ​ប្រទេស​ហ្វីលីពីន ជាមួយនឹង​កម្លាំង​ខ្យល់​ខ្លាំង​បង្ក​ជា​ភ្លៀង​ធ្លាក់ និង​បាន​ជម្លៀស​មនុស្ស​រាប់ពាន់នាក់​ចេញពី​លំនៅឋាន ឆ្ពោះទៅកាន់​ជម្រក​បណ្ដោះអាសន្ន​។ អាកាសយានដ្ឋាន​អន្ដរជាតិ​ក្នុង​រដ្ឋធានី​ម៉ានីល​ត្រូវ​បិទទ្វារ​បណ្ដោះអាសន្ន​ការពារ​សុវត្ថិភាព​។ ក្រុម​ព្យាករណ៍​អាកាសធាតុ​បាន​បញ្ជាក់ថា ព្យុះ​ទី​ហ្វុ​ង​Kammuri បោកបក់​ជាមួយ​ល្បឿន​ខ្យល់​១៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​កម្រិត​អតិបរមា​គឺ​២០៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ខណៈ​បោកបក់​ទៅ​ទិស​ពាយព្យ​។ ​ថ្មីៗ​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​មន្ត្រី​ប៉ូលីស​នៅក្នុង​តំបន់​បាន​ឲ្យ​ដឹងថា មនុស្ស​ជាង ៣៤០,០០០​នាក់ បាន​ភៀសខ្លួន​ចេញពី​លំនៅឋាន​របស់​ពួកគេ​ក្នុង​តំបន់ ប៊ី​ខូ​ល (Bicol) ហើយ​កំពុង​ជ្រកកោន​នៅតាម​មជ្ឈមណ្ឌល​សុវត្ថិភាព ។ អាកាសយានដ្ឋាន​អន្តរជាតិ​នៃ​រដ្ឋធានី​ម៉ានីល ត្រូវបាន​ផ្អាក​ប្រតិបត្តិការ​រយៈពេល ១២​ម៉ោង​រហូតដល់​ម៉ោង ១១៖០០​នាទី​យប់​ថ្ងៃ​អង្គារ​នេះ​។ អាកាសចរណ៍​ដូចជា ហ្វីលីពីណ​អ៊ែរ​ឡាញ (Philippine Airlines), សេ​ប៊ូ​អ៊ែរ (Cebu Air) និង អ៊ែរ​អេ​ហ្ស៊ា (AirAsia) បាន​ផ្អាក​ជើងហោះហើរ​សរុប ៥០០​ជើង ហើយ​អ្នកដំណើរ​ជាច្រើន​នាក់​ត្រូវ​ជាប់គាំង​ទៅណា​ពុំរួច​។​ ​គួរ​បញ្ជាក់ថា ព្យុះ​នេះ​កើតឡើង​ស្របពេល​ហ្វីលីពីន កំពុង​ប្រារព្ធ​ព្រឹ​ត្ដិ​ការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ ដោយ​អាជ្ញាធរ​ប្រកាស​ឲ្យ​ក្រុម​អ​ត្ដព​លិ​ក​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន​បន្ថែម ការពារ​ក្រែង​មាន​គ្រោះថ្នាក់​កើតឡើង​ដោយ​ចៃដន្យ​៕ ​