​រុស្ស៊ី ទម្លាក់​គ្រាប់បែក​លើ​ភោជនីយដ្ឋាន​ដ៏​មមាញឹក ចំពេល​ទាហាន​ស៊ីឈ្នួល​ទៅ​បេឡា​រុស​

ព័ត៌មានអន្តរជាតិ
0
1



​រដ្ឋធានី​កៀវ​៖ ស្របពេល​កម្លាំង​ទាហាន​ស៊ីឈ្នួល​របស់​រុស្ស៊ី Wagner បាន​ទៅ​បោះ​មូលដ្ឋាន​យោធា នៅក្នុង​ប្រទេស​បេឡា​រុស ក្រោយ​ការបះបោរ​មិន​សម្រេច ប្រឆាំងនឹង​មន្ដ្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​រុស្ស៊ី នោះមក កម្លាំង​ទាហាន​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ បាន​វាយប្រហារ​ដោយ​គ្រាប់បែក ទៅលើ​ភោជនីយដ្ឋាន​ដ៏​មមា​ញឺ​កមួយ ដោយបាន​សម្លាប់​មនុស្ស​ជាច្រើន​នាក់ នៅ​កណ្ដាល​ទីក្រុង​ក្រា​ម៉ា​តូ​ស​ខ៍ (Kramatorsk) ស្ថិតក្នុង​តំបន់​ដូ​ណែ​ត​ស្ក៍ (Donetsk) នា​ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ នៅ​ព្រឹក ថ្ងៃ​ពុធ ទី​២៨ ខែមិថុនា ថា ការវាយប្រហារ​របស់​រុស្ស៊ី ទៅលើ​ទីក្រុង​ក្រា​ម៉ា​តូ​ស​ខ៍ បានសម្លាប់​មនុស្ស​យ៉ាងតិច​៤​នាក់ និង រាប់សិប​នាក់​ផ្សេងទៀត បាន​រងរបួស​។ ស្របគ្នា​នេះដែរ បណ្ដា​ប្រទេស​ជាច្រើន នៅក្នុង​តំបន់​សមុទ្រ​បាល់​ទិ​ក (Baltic) កំពុងតែ​ព្រួយបារម្ភ​យ៉ាងខ្លាំង អំពី​ក្រុម​ទាហាន Wagner Group ដែល​បាន​និរទេស ចេញពី​រុស្ស៊ី នាពេលនេះ កំពុងតែ​បង្ហាញខ្លួន បោះទីតាំង​ឈរជើង នៅក្នុង​ប្រទេស​បេឡា​រុស ដែលជា​សម្ពន្ធមិត្ត​ដ៏​ជិតស្និទ្ធ​បំផុត​របស់​រុស្ស៊ី​។​

​ក្រុមមន្ដ្រី​អ៊ុយ​ក្រែ​ន បាន​អះអាង ថា មី​ស៊ី​ល​មួយ​គ្រាប់ បាន​វាយប្រហារ​ទៅ​ហាង​ភី​ហ្សា ស្ថិតនៅ​កណ្ដាល​ទីក្រុង​ក្រា​ម៉ា​តូ​ស​ខ៍ កាលពី​ព្រលប់ ថ្ងៃ​អង្គារ ដោយបាន​សម្លាប់​មនុស្ស ចំនួន​៤​នាក់ ហើយ​ក្នុងនោះ​ក៏មាន​កុមារ​ម្នាក់​ផងដែរ​។ ចំណែក​គ្រាប់​មី​ស៊ី​ល​ទី​២ ក៏បាន​វាយប្រហារ​ទៅលើ​ភូមិ​មួយ នៃ​ទីក្រុង​នេះ បណ្ដាល​ឲ្យ​មនុស្ស​៥​នាក់​ផ្សេងទៀត រងរបួស​។ ភោជនីយដ្ឋាន រង​ការវាយប្រហារ​នេះ គឺ​នៅមុន​ម៉ោង​៨​យប់ (​វេលា​ក្នុង​តំបន់​) មាន​មនុស្ស​ជាច្រើន បាន​ចូល​ទទួលទាន​អាហារ​ពេល​ល្ងាច ហើយ​ចំនួន​អ្នកស្លាប់ អាច​នឹង​កើតឡើង​បន្ថែមទៀត​។​

​លោក អា​ឡិ​កសាន​ដឺរ លូ​កា​សែន​កូ (Alexander Lukashenko) ប្រធានាធិបតី​បេឡា​រុស បានឱ្យដឹង ថា ការវាយប្រហារ​នេះ បានកើត​ឡើង ចំពេល​មានការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ក្រោយ​ការ​ការបះបោរ​របស់​ក​ម្លាំ​ង​ទាហាន​ស៊ីឈ្នួល Wagner ដឹកនាំ​ដោយ​លោក យ៉ែ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៊ី​ន​។ ស្របពេល​នេះដែរ កម្លាំង​ទាហាន Wagner ក៏បាន​មកដល់​ប្រទេស​បេឡា​រុស ដែល​នៅ​ជិតខាង​របស់​ប្រទេស​រុស្ស៊ី ផងដែរ​។​

​លោក យ៉ែ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៊ី​ន វ័យ​៦២​ឆ្នាំ ជា​ស្ថាបនិក ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល Wagner បានបញ្ជាក់ ថា គាត់​បាន​ដឹក​នាំនូវ​ការបះបោរ​នេះ សម្រាប់​សង្គ្រោះ​ដល់​កម្លាំងប្រដាប់អាវុធ​របស់គាត់ ក្រោយពេល​មាន​បញ្ជា​ឲ្យ​ដាក់​ពួកគេ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួងការពារជាតិ​រុស្ស៊ី​។ ថៅកែ​ទាហាន​ស៊ីឈ្នួល​រូបនេះ បានចាត់ទុក​ក្រសួងការពារជាតិ​រុស្ស៊ី អនុវត្ដ​គ្មាន​ប្រសិទ្ធភាព នៅក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។​

​ដោយឡែក សារព័ត៌មាន South China Morning Post បាន​រាយការណ៍ ថា ការវាយប្រហារ​ទៅលើ​ភោជនីយដ្ឋាន នៅ​ទីក្រុង​ក្រា​ម៉ា​តូ​ស​ខ៍ បានសម្លាប់​មនុស្ស​ចំនួន​៤​នាក់ និង ៤៧​នាក់​ផ្សេងទៀត​រងរបួស ខណៈ​គ្រាប់​មី​ស៊ី​ល​មួយ​គ្រាប់​ផ្សេងទៀត បាន​វាយប្រហារ​ទៅលើ​ភូមិ​មួយ នៅក្នុង​ទីក្រុង​នោះដែរ បាន​បង្ក​ឲ្យ​៥​នាក់​រងរបួស​។ ទីក្រុង​ក្រា​ម៉ា​តូ​ស​ខ៍​នេះ មាន​មនុស្ស ប្រហែល ១៥០ ០០០​នាក់​រស់នៅ ហើយ​ទីក្រុង​ដ៏​ធំ​មួយ​នេះ នៅតែ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អ៊ុយ​ក្រែ​ន ដដែល​៕