កូរ៉េខាងជើងគំរាមបាញ់មីស៊ីលកម្ទេចជប៉ុនធ្វើឲ្យកើតក្តីកង្វល់ពីការផ្ទុះសង្រ្គាមលោកលើកទី៣

ព័ត៌មានអន្តរជាតិ
0
367
ក្តីកង្វល់ពីការផ្ទុះសង្រ្គាមលោកលើកទី៣បានកើតមានហើយក្រោយពេលដែលកូរ៉េខាងជើង បានគំរាមបាញ់មីស៊ីលបាលីស្ទិកកម្ទេចប្រទេសជប៉ុន រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយទីក្រុងព្យុងយ៉ាងបាញ់សាកល្បងជើងទម្ររ៉ុក្កែតពហុជំនាញប្រភេទថ្មីរបស់ខ្លួន។ កូរ៉េខាងជើង បានធ្វើការព្រមានជប៉ុនបែបនេះ អំឡុងការវាយប្រហារដោយពាក្យសម្តីមកលើលោកនាយករដ្ឋមន្រ្តី ហ្ស៊ីហ្សូ អាបេ ចំពោះការសន្យារបស់លោកក្នុងការតាមដានទីក្រុងព្យុងយ៉ាង ក្រោយរដ្ឋឯកកោមួយនេះ បាញ់មីស៊ីលរយៈចម្ងាយខ្លី២គ្រាប់ចូលទៅក្នុងសមុទ្រជប៉ុន កាលពីថ្ងៃព្រហស្បត្តិ៍។ បន្ទាប់ពីការបាញ់សាកល្បងនេះ លោកអាបេ បានចោទប្រកាន់យោធាកូរ៉េខាងជើង ថាបានគំរាមកំហែងដល់ប្រទេសជប៉ុន និងសហគមន៍អន្តរជាតិ។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា យើងអាចនិយាយបានថាលោកអាបេ ជាមនុស្សល្ងង់ជាងគេនៅលើលោកនេះ ហើយនិងជាមនុស្សភ្លើខ្លាំងបំផុតមិនធ្លាប់ដែលស្គាល់នៅក្នុងប្រវត្តិសាស្រ្ត ពេលដែលគាត់មិនស្គាល់មីស៊ីលបាញ់ចេញពីប្រព័ន្ធរ៉ុក្កែតពហុជំនាញ ខណៈពេលដែលឃើញសេចក្តីរាយការណ៍ភ្ជាប់ជាមួយរូបថត ។ លោកអាបេ អាចនឹងមើលឃើញមីស៊ីលបាលីស្ទិកពិតប្រាកដនៅមិនយូរទៀតទេ នៅក្រោមនឹងច្រមុះរបស់គាត់តែម្តង។ ខណៈពេលនោះដែរ វរសេនីយឯកកងទ័ពចូលនិវត្តន៍សហរដ្ឋអាមេរិក គឺលោកជែក ចាកូប បាននិយាយថា ការសម្រេចចិត្តបាញ់មីស៊ីលនៅថ្ងៃដឹងគុណ Thanksgiving មិនមែនជាការគាប់ជួនអ្វីនោះទេ។ លោកអះអាងថា វាគឺជារឿងធម្មតាទៅហើយនៅកូរ៉េខាងជើង។ កូរ៉េខាងជើងកំពុងតែបន្តសហគ្រាសឧក្រិដ្ឋកម្មរបស់ខ្លួន។ ពួកគេនឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ ពួកគេនឹងមិនបញ្ឈប់ការធ្វើតេស្តមីស៊ីលនោះទេ ថ្វីត្បិតតែមានការព្រមានដោយពាក្យសម្តីពីសេតវិមានអំឡុងរដ្ឋបាលនេះក៏ដោយ។ លោកចាកូប បានបន្តទៀតថា ពួកគេនឹងបន្តធ្វើនូវអ្វីដែលពួកគេកំពុងតែធ្វើ ហើយគ្មានអ្វីផ្លាស់ប្តូរនោះទេ ពីព្រោះថាកូរ៉េខាងជើង មិនចាប់អារម្មណ៍លើការបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ។ សូមបញ្ជាក់ថា លោកប្រធានាធិបតីដូណាល់ ត្រាំ បានប៉ុនប៉ងផ្សះផ្សាទំនាក់ទំនងជាមួយកូរ៉េខាងជើង ក្រោយពីភាពតានតឹងអស់រយៈពេលជាច្រើនទសវត្សរ៍ ប៉ុន្តែគណៈប្រតិភូអង្គការសហប្រជាជាតិរបស់ទីក្រុងព្យុងយ៉ាង បានទទួលស្គាល់ថា ពួកគេគ្មានទទួលបានអ្វីទាំងអស់ ក្រៅពីការក្បត់ឧត្តមគតិពីកិច្ចប្រជុំជាមួយសហរដ្ឋអាមេរិក៕