ព្រ​លាន​យន្តហោះ​ខ្នាត​យក្ស​ទាំងមូល​បែរជា​ទុកចោល​ដោយ​គ្មាន​ការ​ស្តាយស្រណោះ​បែបនេះ​ទៅវិញ​

ព័ត៌មានអន្តរជាតិ
0
293
​ កាលពី​រយៈពេល​៤៥​ឆ្នាំមុន អាកាសយានដ្ឋាន​អន្តរជាតិ Nicosia ស្ថិតនៅក្នុង​ប្រទេស​ស៊ី​ប គេ​បាន​មើលឃើញ​យន្តហោះ​ដឹក​អ្នកដំណើរ​ចុងក្រោយ​គេ បាន​ចុះចត​នៅ​ទីនោះ​។ ចាប់តាំងពី​ពេលនោះ​មក អាកាសយានដ្ឋាន​មួយ​នេះ ត្រូវបាន​គេបោះបង់​ចោល ហើយ​រឿង​តែមួយគត់​ដែលមាន​ការផ្លាស់ប្តូរ​នៅទីនេះ ចាប់តាំងពី​ឆ្នាំ​១៩៧៤​រហូតមក គឺ​គំនូ​នៅលើ​ជញ្ជាំង​អគារ​ព្រលានយន្តហោះ និង​ស្នាម​ច្រេះ​ជាប់​នៅលើ​តួ​យន្តហោះ​។​ ​យន្តហោះ Trident Sun នៅតែ​អត់​កម្រើក​ចត​នៅលើ​ផ្លូវ​មកទល់នឹង​ពេលនេះ ជា​កន្លែង​ដែល​វា​មក​សំចត​ចុងក្រោយ​គេ ដើម្បី​បញ្ជាក់ថា ព្រលានយន្តហោះ​មួយ​នេះ ត្រូវបាន​គេ​បំភ្លេចចោល​ទៅហើយ​។​ ​ព្រលានយន្តហោះ​នេះ ធ្លាប់ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ដ៏​មមារ​ញឹក​មួយ​របស់​ប្រទេស​ស៊ី​ប ដោយសារតែ​វា​ស្ថិតនៅលើ​កោះ​ដែលជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​។​ ​ចំណត​បច្ចេកវិទ្យា​ខ្ពស់ បានដាក់​ឲ្យ​ប្រើប្រាស់​នៅក្នុង​ឆ្នាំ​១៩៦៨ រួមមាន​ទាំង​ភោជនីយដ្ឋាន និង​ហាង​ទំនើប ដើម្បី​បម្រើ​ជូន​អ្នកដំណើរ​ដែល​ធ្វើដំណើរ​មកដល់​ប្រទេស​ស៊ី​ប​។​ ​ឆ្នេរសមុទ្រ​ដ៏​ស្រស់បំព្រង ទីក្រុង​តាំងពី​មជ្ឈិមសម័យ និង​បរិ​កាស​លើ​កោះ​គ្មាន​គូ​ផ្ទឹម បានធ្វើ​ឲ្យ​ទីនេះ​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត ក្នុងចំណោម​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ក៏ដូចជា​ជន​ល្បី ដែល​រួមទាំង​តារា​សម្តែង Elizabeth Taylor, Richard Burton និង​តារា​ម៉ូ​ដែល Brigitte Bardot ។​ ​ប៉ុន្តែ​យុគសម័យ​មាស បាន​ដល់ទី​បញ្ចប់​ភ្លាមៗ​នៅក្នុង​ឆ្នាំ​១៩៧៤ ពេលដែល​អាកាសយានដ្ឋាន Nicosia បាន​ប្តូរ​ពី​ច្រកចេញចូល​របស់​ប្រទេស​ស៊ី​ប ប្រែ​ទៅជា​ចំណុច​ផ្ទុះ​អំពើហិង្សា​នៃ​ជម្លោះ​ក្នុងស្រុក​ទៅវិញ​។​ ​ប្រទេស​ស៊ី​ប បាន​ជួប​ភាព​តានតឹង​រវាង​ក្រុម​ស៊ី​ប​-​ក្រិ​ក និង​ក្រុម​ស៊ី​ប​-​តួ​ក​គី ក្រោយ​ពេលដែល​ពួកគេ​ទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៦០​។ ​ប៉ុន្តែ​ឆ្នាំ​១៩៧៤ បាន​ក្លាយជា​ឆ្នាំ​ដ៏​សំខាន់​ជាងគេ​បំផុត​។ នៅ​ខែកក្កដា អំឡុង​រដូវ​កាល​វិស្សមកាល​នា​រដូវក្តៅ ក្រុម​ជាតិនិយម​ក្រិ​ក បាន​ផ្តួលរំលំ​ប្រធានាធិបតី​ស៊ី​ប ។ នៅ​ថ្ងៃ​បន្តបន្ទាប់ អាកាសយានដ្ឋាន Nicosia ត្រូវបាន​ប្រើប្រាស់​មួយ​រយៈពេល​ដើម្បី​ដឹកជញ្ជូន​ទាហាន​ចូល​មកពី​ប្រទេស​ក្រិ​ក​។ អាកាសយានដ្ឋាន​នេះ បានក្លាយ​ជា​ឈុត​ឆាក​នៃ​ភាពវឹកវរ អំឡុង​ពេលនោះ​ផងដែរ ពេលដែល​ក្រុម​ភ្ញៀវទេសចរ និង​ជនបរទេស​ផ្សេងទៀត បាន​រត់​ភៀសខ្លួន​ចេញពី​ជម្លោះ​ហិង្សា​។​ ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​រដ្ឋប្រហារ ប្រទេស​តួ​ក​គី បាន​ឈ្លានពាន​ស៊ី​ប ហើយ​អាកាសយានដ្ឋាន​មួយ​នេះ រង​ការ​ខូ​ខាត​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ការទម្លាក់​គ្រាប់បែក​។ តំបន់​គ្មាន​កងទ័ព ត្រូវបាន​បង្កើតឡើង ហើយ​អាកាសយានដ្ឋាន Nicosia ស្ថិតនៅ​កណ្តាល ដែល​នាំ​ឲ្យ​គេបោះបង់​ចោល​វា​ទាំងស្រុង​។ ជើងហោះហើរ​ពាណិជ្ជកម្ម​ចុងក្រោយ​គេ បាន​ចាក​ចេញពី​អាកាសយានដ្ឋាន ឆ្ពោះទៅកាន់​ទីក្រុង​ឡុង​ដ៍ កាលពី​ឆ្នាំ​១៩៧៧ ក្រោយ​ការអនុញ្ញាត​ពិសេស​របស់​អង្គការសហប្រជាជាតិ​៕ ​