វៀតណាម​ផលិត​វា​នា​មុជទឹក​ក្នុងការ​ត្រៀមលក្ខណៈ​ទប់​ទល់​ជាមួយ​មហា​យក្ស​ចិន

ព័ត៌មានអន្តរជាតិ
0
294
​ កាលពីពេលកន្លងមកនេះ ​វៀតណាម​បានធ្វើ​ទំនើបកម្ម​យោធា ដោយ​ពង្រីក​ថវិកា​យោធា និង​ទិញ​សព្វាវុធ​ទំនើបៗ​ច្រើនសន្ធឹក​សន្ធាប់​ ត្រូវបាន​គេ​មើលឃើញថា​ជាការ​ត្រៀមលក្ខណៈ​ទប់ទល់​ជាមួយ​មហា​យក្ស​ចិន​ដែល​កំពុង​កោងកាច​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ខ្លួន​។​ ​ថ្មីៗ​នេះ​វៀតណាម​ត្រូវបាន​គេ​មើលឃើញថា បាន​បង្កើន​សមត្ថភាព​យោធា​របស់ខ្លួន​កាន់តែខ្លាំង តាមរយៈ​ការទិញ​សព្វាវុធ ក៏ដូចជា​ចាប់ផ្ដើម​រៀន​ផលិត​នាវាមុជទឹក ដោយ​ខ្លួនឯង ដូចជា​នាវាមុជទឹក Truong Sa 01 ជាដើម​។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ពី​គេហទំព័រ Military Armed Force នៅ​ថ្ងៃ​អង្គារ ទី​១០ ខែធ្នូ ឆ្នាំ​២០១៩​។​ ​នាវាមុជទឹក​ខ្នាតតូច Truong Sa 01 ត្រូវបាន​ផលិតឡើង​ដោយ​អតីត​សាស្ត្រាចារ្យ​ខាង​វិស្វកម្ម​នាវា​នៃ​សាកលវិទ្យាល័យ ទីក្រុង​ហាណូយ លោក Nguyen Quoc Hoa ហើយ​បច្ចុប្បន្ន​លោក​បាន​ក្លាយជា​អ្នកជំនួញ​នាវា​ម្នាក់ នៅក្នុង​ខេត្ត Thai Binh​។​ ​គម្រោង​ផលិត​នាវាមុជទឹក Truong Sa 01 ទទួលបាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​វៀតណាម ដែល​បាននិងកំពុង​ស្វះស្វែង​អភិវឌ្ឍ សមត្ថភាព​នាវា​ល្បាត និង​នាវាមុជទឹក ស្របពេល​កំពុងមាន​ជម្លោះ​ដែនទឹក​ជាមួយ​ចិន នៅឯ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ ​នាវាមុជទឹក​នេះ អាច​បំលាស់​ទី​ជាមួយ​ទម្ងន់​៨០​តោន និង​អាច​មុជ​ទៅ​ក្រោម​ទឹក​ជំរៅ​៦០​ម៉ែត្រ ក្នុង​រយៈ​១៨​ម៉ោង ព្រមទាំង អាច​ប្រតិបត្តិការ​បាន​ចំងាយ ៨០០​គីឡូម៉ែត្រ​។​ ​គួរ​បញ្ជាក់ដែរថា កន្លងមក​វៀតណាម​បានទទួល​នាវាមុជទឹក​ចំនួន ៤ គ្រឿង​រូ​ច​ទៅ​ហើយពី​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ ដែល​កន្លងមក​វៀតណាម​បាន​ចុះកិច្ចសន្យា​ទិញ​នាវាមុជទឹក​ជាច្រើន​គ្រឿង និង​មាន​យន្តហោះ​ប្រដេញ​ផង​ដើម្បី​ពង្រឹង​អំណាច​យោធា​របស់ខ្លួន​ផងដែរ​។​   ​