រាជវាំង​បុរាណ​របស់​ជនជាតិ Maya ដែល​បាន​បាត់​ខ្លួន​អស់​រយៈពេល​១​ពាន់​ឆ្នាំមុន ត្រូវបាន​រកឃើញ​វិញ​

ព័ត៌មានអន្តរជាតិ
0
319
​រាជវាំង​របស់​ជនជាតិ Maya​ដែល​បាន​បាត់​ខ្លួន​អស់​រយៈពេល​១​ពាន់​ឆ្នាំ​មកហើយ ហើយ​ធ្លាប់​ត្រូវបាន​ប្រើប្រាស់​ដោយ​ក្រុម​អធិបតី​នៃ​អារ្យធម៌​បុរាណ Maya ត្រូវបាន​គេ​រកឃើញ នៅ​ទីក្រុង​ទេសច​ចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​បំផុត Cancun​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​សំណង់​អគារ​បុរាណ​នេះ ត្រូវបាន​រកឃើញ​ដោយ​ក្រុម​វត្ថុ​បុរាណ​វិទូ ហើយ​ត្រូវបាន​គេ​ប្រើប្រាស់​ចុងក្រោយ​គេ កាលពី​រយៈពេល​១​ពាន់​ឆ្នាំមុន​។​ ក្រុម​វត្ថុ​បុរាណ​វិទូ បាន​រកឃើញ​រាជវាំង​នេះ អំឡុងពេល​កំណាយ​មួយ​នៅ​ទីក្រុង​បុរាណ Kuluba​ស្ថិតនៅក្នុង​រដ្ឋ Yucatan​។​រាជវាំង​នេះ មាន​កម្ពស់​៦​ម៉ែត្រ បណ្តោយ​៥៥​ម៉ែ​ទ្រ ហើយ​និង​ទទឹង​១៥​ម៉ែត្រ​។ គេ​មានជំនឿថា សំណង់​អគារ​ទាំងនេះ ធ្លាប់​ត្រូវបាន​ប្រើប្រាស់​២​លើក​ដាច់ដោយឡែក​ពីគ្នា​ដោយ​ក្រុម​ចក្រ​ព័​ត្តិ Maya ដែលមាន​អាយុកាល​ទាំងពី​ឆ្នាំ​៦០០​នៃ​គ​.​ស​។​លោក Alfredo Barrera ដែលជា​វត្ថុ​បុរាណ​វិទូ​ធ្វើ​កំណាយ​មួយ​នេះ បាន​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ការរកឃើញ​មួយ​នេះ ទើបតែ​ចាប់ផ្តើម​ទេ​។​លោក​បន្តថា យើង​ទើបតែ​រកឃើញ​សំណង់​អគារ​បុរាណ​មួយ​ក្នុងចំណោម​អគារ​បុរាណ​ធំៗ​ជាច្រើន​ទៀត​នៅលើ​ទីតាំង​ប្រវត្តិសាស្ត្រ​នេះ​។​សូមបញ្ជាក់ថា ក្រុម​ចក្រ​ព័​ត្តិ Maya​បាន​គ្រប់គ្រង​តំបន់​ភាគច្រើន​នៅ​អាមេរិក​កណ្តាល បង្កើតបានជា​អាណាចក្រ​ស្តេច​ចក្រ​ព័​ត្តិ​មួយ មុន​ការមកដល់​របស់​ពួក​ចម្បាំង​អេ​ស្ប៉ា​ញ​។ ពួកគេ​បាន​គ្រប់គ្រង​ទីនោះ អស់​រយៈពេល​ជាច្រើន​សតវត្សរ៍​។​យោងតាម​ការអះអាងរ​បស់​ក្រុម​អ្នកជំនាញ នៅឯ​វិទ្យាស្ថាន​ជាតិ​នរវិទ្យា និង​ប្រវត្តិសាស្ត្រ​អាមេរិក បាន​ឲ្យ​ដឹងថា រាជវាំង​ដ៏​ពិសេស​នេះ ត្រូវបាន​ប្រើប្រាស់​អំឡុង​សម័យកាល Late Classic(៦០០-៩០០​ឆ្នាំ​នៃ​គ​.​ស​) ហើយ​និង​សម័យកាល Terminal Classic (៨៥០-១០៥០​ឆ្នាំ​នៃ​គ​.​ស​)​។​ទីក្រុង​បុរស Kuluba ជា​កន្លែង​ដែល​រាជវាំង ត្រូវបាន​រកឃើញ​នេះ គឺជា​ទីតាំង​ដ៏​សំខាន់​មួយ​របស់​ក្រុម​ចក្រ​ព័​ត្តិ Maya ដែលមាន​ទំនាក់ទំនង​ផងដែរ នឹង​ទីក្រុង​ជិតខាង Chichen Itza និង Ek' Balam ។​ ​ក្រុម​អ្នកជំនាញ កំពុង​ពិនិត្យមើល​សំណង់​អគារ​បុរាណ​ជាច្រើន​ទៀត នៅលើ​តំបន់​ប្រវត្តិសាស្ត្រ ដែល​រួមទាំង​រាន​ព្រះ​ភូមិ ផ្ទះ​បុរាណ​២​ខ្នង ហើយ​និង​ឡ​បុរាណ​។​មាននូវ​ផែនការ​ផងដែរ​ដើម្បី​ដាំ​កូនឈើ​ឡើងវិញ​នៅ​តំបន់​នោះ ដោយសារតែ​ក្តីកង្វល់​ពី​ផលប៉ះពាល់​បង្កឡើង​ដោយសារតែ​ខ្យល់ និង​ពន្លឺព្រះអាទិត្យ​។​សូមបញ្ជាក់ថា តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ ត្រូវបាន​រកឃើញ​ដំបូង​គេ​ដោយ​វត្ថុ​បុរាណ​វិទូ​សហរដ្ឋអាមេរិក Wyllys Andrews IV កាលពី​ឆ្នាំ​១៩៣៩៕