ជំនន់​ទឹកភ្លៀង​វាយប្រហារ​យ៉ាងខ្លាំង នៅ​ភាគខាងត្បូង​ប៉ា​គី​ស្ថាន ស្លាប់​ជាង​១០០០​នាក់​

ព័ត៌មានអន្តរជាតិ
0
175
រដ្ឋធានី​អ៊ិ​ស្លាម​បាដ​៖ នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ភ្លៀង​បាន​វាយប្រហារ​យ៉ាងខ្លាំង នា​ភាគខាងត្បូង ប្រទេស​ប៉ា​គី​ស្ថាន បង្ក​ឲ្យ​កើត​គ្រោះទឹកជំនន់ សម្លាប់​មនុស្ស ជាង ១ ០០០​នាក់ ហើយ​ក្នុងនោះ​មាន​កុមារ​រាប់រយ​នាក់ និង បំផ្លិចបំផ្លាញ​ផ្ទះ​ជិត​១០​ម៉ឺន​ខ្នង ប៉ុន្ដែ​អាជ្ញាធរ នៃ​ប្រទេស​អាស៊ី​ខាងត្បូង​នេះ នៅ​មិនទាន់​អាច​វាយតម្លៃ អំពី​ទំហំ​ខូចខាត គិត​ជា​ទឹកប្រាក់​ប៉ុន្មាន​នៅឡើយ​។​

​សារព័ត៌មាន The National News បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​២៩ ខែសីហា ថា ក្រុមមន្ដ្រី​ប៉ា​គី​ស្ថាន បាន​អះអាង កាលពី​ថ្ងៃអាទិត្យ ថា គ្រោះធម្មជាតិ បង្កឡើង​ដោយ​ភ្លៀង និង ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​នេះ បានសម្លាប់​មនុស្ស​យ៉ាងតិច ១ ០៣៣​នាក់ ហើយ​ក្នុងនោះ មាន​កុមារ ចំនួន ៣៤៨​នាក់ និង មនុស្ស ១ ៥២៧​នាក់​ផ្សេងទៀត បាន​រងរបួស ចាប់តាំងពី​ពាក់កណ្ដាល​ខែមិថុនា មក​។​


​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ជាតិ​ប៉ា​គី​ស្ថាន ហៅ​កាត់ NDMA បាន​បញ្ជាក់ថា នៅក្នុង​រយៈពេល​២៤​ម៉ោង​កន្លងមកនេះ មាន​មនុស្ស ចំនួន​១១៩​នាក់​បាន​ស្លាប់ និង ៧១​នាក់​ផ្សេងទៀត បាន​រងរបួស​។​

​លោកស្រី ស៊ែ​រី រ៉េ​ម៉ែន (Sherry Rehman) រដ្ឋមន្ដ្រីក្រសួង​គ្រប់គ្រង​ការប្រែប្រួល​អាកាសធាតុ​ប៉ា​គី​ស្ថាន បានបញ្ជាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​មុន​ថា «​គ្រោះទឹកជំនន់​នេះ បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ប្រជាជន នៅក្នុង​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ យ៉ាងតិច ៣៣​លាន​នាក់​។ នេះ​ជា​គ្រោះធម្មជាតិ​ដ៏​អាក្រក់​បំផុត មិន​ធ្លាប់មាន​ពីមុនមក ហើយ​វា​បាន​បង្ក​គ្រោះមហន្ដរាយ​យ៉ាង​ធ្ងន់​បំផុត ដល់​មនុស្ស នៅក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍ កន្លងមកនេះ​»​។​

​មន្ដ្រី​យោធា​ប៉ា​គី​ស្ថាន បាន​បញ្ជាក់ថា ស្ថិតក្នុង​ស្ថានភាព​បែប​នេះ អាជ្ញាធរ​ប៉ា​គី​ស្ថាន បានដាក់​ពង្រាយ​កងទ័ព​យ៉ាងច្រើន សម្រាប់​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ នាំទៅ​កាន់​ទី​មាន​សុវត្ថិភាព ហើយ​ផ្ដល់​ទីជម្រក ស្បៀងអាហារ និង ផ្ដល់នូវ​ការថែទាំ​ដល់​អ្នក​រង​ផលប៉ះពាល់ ពី​គ្រោះទឹកជំនន់​។ ចំណែក​ខេត្ត​ស៊ិន (Sindh) ស្ថិតនៅ​ភាគខាងត្បូង ប្រទេស​ប៉ា​គី​ស្ថាន បាន​រងគ្រោះ​ទឹកជំនន់​ខ្លាំងជាងគេ​។​


​លោក សែ​បាស សារី​ហ្វ (Shehbaz Sharif) នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន បាន​ពន្យល់​ដល់​ក្រុម​មន្ដ្រីការទូត​អន្តរជាតិ អំពី​វិបត្តិ​នេះ ដោយបាន​បញ្ជាក់ថា ប្រទេស​របស់លោក កំពុងតែ​ស្ថិតនៅ​ជួរមុខ នៃ​ការប្រែប្រួល​អាកាសធាតុ បើទោះជា​មាន​កម្រិត​កាបូន​តិចតួច​យ៉ាងណាក៏ដោយ​។ ប្រទេស​នេះ ត្រូវតែ​ផ្តោតលើ​ការ​ស្តារឡើងវិញ ឆ្ពោះទៅរក​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​កាន់តែខ្លាំង​។​

​ដោយឡែក ការិយាល័យ​ទីភ្នាក់ងារ​អង្គការ​សហរ​ប្រជាជាតិ សម្រាប់​ការសម្របសម្រួល​កិច្ចការ​មនុស្សធម៌ ហៅ​កាត់ OCHA បានបញ្ជាក់ នៅក្នុង​ការធ្វើ​បច្ចុប្បន្នភាព​មួយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​មុន ថា ភ្លៀង​មូសុង បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន ប្រមាណ​៣​លាន​នាក់ នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ហើយ​ក្នុងនោះ​មាន ១៨៤ 000​នាក់ ត្រូវ​បម្លាស់​ទីលំនៅ ទៅ​រស់នៅក្នុង​ជំរំ​សង្គ្រោះ នៅ​ទូទាំងប្រទេស​។​


​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ជាតិ​ប៉ា​គី​ស្ថាន ហៅ​កាត់ NDMA បានបញ្ជាក់ នៅក្នុង​សេចក្ដីរាយការណ៍​របស់​ខ្លួន ថា នៅក្នុង​រយៈពេល​២៤​ម៉ោង​កន្លងមកនេះ ផ្លូវ​ប្រវែង ១៥០​គីឡូម៉ែត្រ នៅ​ទូទាំងប្រទេស បាន​រង​នូវ​ការបំផ្លិចបំផ្លាញ ហើយ​ផ្ទះ​ជាង ៨២ ០០០​ខ្នង ត្រូវ​ខូចខាត​ទាំងស្រុង​។ ប៉ុន្ដែ​បើ​គិត​ចាប់តាំងពី​ពាក់កណ្ដាល​ខែមិថុនា រហូតមក ខណៈ​ភ្លៀង​មូសុង បានចាប់ផ្ដើម គឺ​ផ្លូវ​ជាង ៣ ០០០​គីឡូម៉ែត្រ ស្ពាន​១៣០​កន្លែង និង ផ្ទះ ចំនួន ៤៩៥ ០០០​ខ្នង ត្រូវបាន​បំផ្លាញ​ទាំងស្រុង​៕​