មនុស្ស​ជាង​៦​ម៉ឺន​នាក់​បាន​បាត់​ខ្លួន​អំឡុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នៅ​ម៉ិ​ក​ស៊ិ​ក​ចាប់តាំងពី​ឆ្នាំ​២០០៦​រហូតមក​

ព័ត៌មានអន្តរជាតិ
0
261
​ទិន្នន័យ​ថ្មី​បញ្ចេញ​ដោយ​រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក​កាលពី​ថ្ងៃ​ចន្ទ បាន​បង្ហាញថា មនុស្ស​ជាង​៦​ម៉ឺន​នាក់ បាន​បាត់​ខ្លួន ចាប់តាំងពី​សង្គ្រាម​គ្រឿងញៀន​កាលពី​ឆ្នាំ​២០០៦​រហូតមក​។​ក្រោម​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី Felipe Calderón ប្រទេស​ម៉ិ​ក​ស៊ិ​ក បាន​បើក​ការវាយប្រហារ​មកលើ​ក្រុម​ជួញដូរ​គ្រឿងញៀន និង​ក្រុម​ឧក្រិដ្ឋជន​ផ្សេងទៀត​នៅក្នុង​ឆ្នាំ​២០០៦ ដោយបាន​បញ្ជូនទាហាន​សហព័ន្ធ ទៅ​បោសសំអាត​រដ្ឋ Michoacan របស់លោក​។​ការ​បោសសំអាត​ឧក្រិដ្ឋជន​គ្រឿងញៀន​នេះហើយ បានធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ជាង​២០​ម៉ឺន​នាក់ ក្នុងនោះ​លោក​ប្រ​ធានា​ធិ​ប​តិ Andrés Manuel López Obrador បាន​ទម្លាក់កំហុស​នេះ​មកលើ​អ្នក​ឡើងកាន់តំណែង​មុន​របស់លោក សម្រាប់​ការសម្លាប់​រង្គាល​មួយ​នេះ​។​ ​ទិន្នន័យ​ចាប់តាំងពី​ឆ្នាំ​១៩៦៤​មក បង្ហាញថា មនុស្ស​សរុប​១៤៧.០៣៣​នាក់ ត្រូវបាន​គេ​រាយការណ៍​ថា​បាន​បាត់​ខ្លួន​នៅក្នុង​ប្រទេសមួយ​នេះ ហើយ​ក្រុម​អាជ្ញាធរ បាន​ប្រទះឃើញ​សាកសព​មនុស្ស​៨៥.៣៩៦​នាក់​។​នៅក្នុង​ចំណោម​មនុស្ស​បាត់​ខ្លួន​៦១.៦៣៧​នាក់ មនុស្ស​៦០.០៥៣​នាក់ បាន​បាត់​ខ្លួន ចាប់តាំងពី​ឆ្នាំ​២០០៦​រហូតមក​។​លោក Karla Quintana គឺជា​ប្រធានការិយាល័យ​អត្រានុកូលដ្ឋាន​ជាតិ​មនុស្ស​បាត់​ខ្លួន បាន​និយាយប្រាប់​សន្និសីទកាសែត​ថា ទិន្នន័យ​ផ្លូវការ នៃ​មនុ​ស្សបាត់​ខ្លួន​ចាប់តាំងពី​ឆ្នាំ​១៩៦៤​មក គឺមាន​ចំនួន​៦១.៦៣៧​នាក់​។​ទិន្នន័យ​នេះដែរ បាន​បង្ហាញថា នៅក្នុង​ចំណោម​ជនរងគ្រោះ​ទាំងអស់ មាន​កុមារ​១១.០៧២​នាក់ ហើយ​២៥.៧​ភាគរយ​បន្ថែមទៀត​នៃ​អ្នក​បាត់​ខ្លួន​គឺជា​ស្ត្រី​។​សូមបញ្ជាក់ថា មនុស្ស​យ៉ាងហោច​៩.១៦៤​នាក់ ត្រូវបាន​គេ​រាយការណ៍​ថា បាន​បាត់​ខ្លួន​នៅក្នុង​ឆ្នាំ​២០១៩ ដែលជា​ឆ្នាំ​ដំបូង​នៃ​ការ​កាន់អំណាច​របស់លោក​ប្រធានាធិបតី López Obrador ហើយ​បច្ចុប្បន្ន ក្រុម​អាជ្ញាធរ កំពុង​ស្វែងរក​ជនរងគ្រោះ​នៅ​សេសសល់​៥.១៨៤​នាក់​ទៀត​។​ ​ក្រុមមន្ត្រី​បាន​និយាយ​ផងដែ​ថា កិច្ចខិតខំ​ថ្នាក់ជាតិ ដើម្បី​ស្វែងរក​មនុស្ស​បាត់​ខ្លួន​រាប់ម៉ឺន​នាក់​នៅក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក មកទល់នឹង​ពេលនេះ ពួកគេ​បាន​រកឃើញ​សាកសព​មនុស្ស​១.១២៤​នាក់ នៅក្នុង​ផ្នូរ​ចំនួន​៨៧៣ ប៉ុន្តែ​ពួកគេ​អាច​ផ្តល់​អត្តសញ្ញាណ​បានត្រឹមតែ​១​ភាគ​៣​នៃ​សាកសព​ប៉ុណ្ណោះ អំឡុង​ការងារ​១៣​ខែ​ដំបូង​របស់​ពួកគេ​៕