បុរស​ខ្លាំង​នៅ​រុស្ស៊ី អះអាង ពី​ពិភពលោក​ដើរ​ដល់​ទសវត្សរ៍​ដ៏​គ្រោះថ្នាក់​បំផុត​

ព័ត៌មានអន្តរជាតិ
0
180



​រដ្ឋធានី​មូ​ស្គូ​៖ ស្របពេល​កម្លាំង​ទាហាន​ក្រុង​មូ​ស្គូ កំពុងតែ​ទទួលរង​បរាជ័យ​ជា​បន្ដបន្ទាប់ នៅក្នុង​សង្គ្រាម​ឈ្លានពាន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នោះ បុរស​ខ្លាំង នៅ​រុស្ស៊ី បានចាប់ផ្ដើម ព្រមាន​ដល់​ពិភពលោក​ជាថ្មី អំពី​ការដើរ​ដល់​ទសវត្សរ៍ ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ចាប់តាំងពី​សង្គ្រាមលោក លើក​ទី​២​មក​។​

​បណ្ដាញ​ទូរទស្សន៍ NBC News បាន​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​២៨ ខែតុលា ថា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ព្រមាន ថា ពិភពលោក​បាន​ប្រឈមមុខ​នឹង​ទសវត្សរ៍​ដ៏​គ្រោះថ្នាក់​បំផុត ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២ ខណៈ​មេដឹកនាំ​បណ្ដា​ប្រទេស​បស្ចិម​លោក ច​បាន​ព្យាយាម​ទប់ស្កាត់​ការដួលរលំ ដែល​មិនអាច​ចៀសបាន ពី​ការគ្រប់គ្រង​ពិភពលោក​របស់​សហរ​ដ្ឋ​អាមេរិក និង សម្ពន្ធមិត្ត​របស់ខ្លួន​។​

​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានបង្ហាញ​ខ្លួន​ជា​សាធារណៈ​ដ៏​យូរ​បំផុត​មួយ​របស់គាត់ ចាប់តាំងពី​គាត់​បាន​បញ្ជូនទាហាន ចូលលុកលុយ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ​មក​។ លោក ពូ​ទីន បានផ្តល់​សញ្ញា ថា គាត់​មិន​សោកស្តាយ ចំពោះ​អ្វីដែល​គាត់​ហៅថា «​ប្រតិបត្តិការ​ពិសេស​» នោះដែរ​។​

​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង លោក ពូ​ទីន បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក ពី​ការ​ញុះញង់​នាំឱ្យមាន​ជម្លោះ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក ពូ​ទីន បាន​បន្ថែមថា លោកខាងលិច កំពុងតែ​លេង អ្វីដែល​គាត់​ហៅថា ជាការ​ដើរតួ​ជា​ល្បែង​ភូមិសាស្ត្រ​នយោបាយ ប្រកបដោយ «​គ្រោះថ្នាក់ បង្ហូរឈាម និង ជា​ទង្វើ​ដ៏​កខ្វក់​» កំពុងតែ​សាបព្រោះ​នូវ​ភាពវឹកវរ នៅ​ទូទាំង​ពិភពលោក​។​

​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង រូបនេះ បាន​ព្យាយាម បង្ហាញ អំពី​ភាពត្រឹមត្រូវ ចំពោះ​ការ​លុកលុយ​របស់​រុស្ស៊ី ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន ដែលជា​សកម្មភាព​មួយ ធ្វើឱ្យ​ប្រទេស​របស់គាត់ ត្រូវ​នៅឯ​កោ ពី​ឆាក​អន្តរជាតិ​។ ប៉ុន្ដែ​នៅក្នុង​ចំណោម​ប្រទេស​១៩៣ នៃ​មហាសន្និបាត អង្គការសហប្រជាជាតិ មាន​ប្រទេស​ចំនួន​១៤៣ រួមទាំង ប្រទេស​អា​រ៉ា​ប៊ី​សា​អូ​ឌី ជា​សម្ពន្ធមិត្ត​ដ៏​យូរលង់​ណាស់​មកហើយ​ជាមួយនឹង​ក្រុង​មូ​ស្គូ កាលពី​ថ្ងៃទី​១២ ខែតុលា បាន​បោះឆ្នោត​ថ្កោលទោស​រុស្ស៊ី ជុំវិញ​ការ​កាត់​យក​តំបន់​ចំនួន​៤​របស់​អ៊ុយ​ក្រែ​ន មក​ធ្វើជា​ទឹកដី​របស់ខ្លួន​។

​ដោយឡែក ប្រទេស​ដែល​បាន​បោះឆ្នោត​ប្រឆាំងនឹង​ការ​ថ្កោលទោស​នេះ មានតែ​៥​ប៉ុណ្ណោះ រួមទាំង​រុស្ស៊ី ខ្លួនឯង​ផង និង ប្រទេស​ជា​សម្ពន្ធ​មិ​ត្ដ​ចំនួន​៤​ទៀត មានដូចជា បេឡា​រុស (Belarus), នី​កា​រ៉ា​ហ្គ័​រ (Nicaragua), កូរ៉េខាងជើង (North Korea) និង ស៊ី​រី (Syria) ។ សូម្បីតែ​ប្រទេស​ចិន ឥណ្ឌា និង អាហ្វ្រិក​ខាងត្បូង ...​ជាដើម ក៏​ស្ថិត​ក្នុងចំណោម​ប្រទេស​ចំនួន​៣៥ ដែល​បោះឆ្នោត​អនុបវាទ​។​

​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក៏បាន​ចោទប្រកាន់​ដល់​បស្ចិម​លោក (​បច្ឆិម​លោក​) អំពី​ការ​បង្កាច់បង្ខូច​នុយក្លេអ៊ែរ ប្រឆាំងនឹង​រុស្ស៊ី ដើម្បី​បង្ខំ​សម្ពន្ធមិត្ត ឱ្យ​ងាក​ចេញពី​ក្រុង​ម៉ូស្គូ​។ ប្រទេស​មហាអំណាច​លោកខាងលិច បាន​បរិហារ​ដល់​ការគំរាមកំហែង អំពី​ការប្រើប្រាស​អាវុធ​នុយក្លេអ៊ែ​រ​ដ៏​អាថ៌កំបាំង កាលពីពេល​ថ្មីៗ​នេះ បង្កឡើង ដោយ​វិមាន​ក្រឹម​ឡាំង​។​

​សម្ពន្ធមិត្ត​យោធា​របស់​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (​ណា​តូ ឬ អូតង់​) កាលពីដើម​សប្ដាហ៍​នេះ បាន​ថ្កោលទោស ដល់​ការអះអាង ដោយ​គ្មាន​ហេតុផល ពី​រុស្ស៊ី ដែល​បានលើកឡើង ថា អ៊ុយ​ក្រែ​ន អាច​នឹង​ប្រើប្រាស់ «​គ្រាប់បែក​កខ្វក់​» ដែលជា​គ្រឿង​បំផ្ទុះ​ធម្មតា មាន​ផ្ទុក​សារធាតុ​វិទ្យុសកម្ម​។ អង្គការ​សម្ពន្ធមិត្ត​យោធា​ដ៏​ខ្លាំងក្លា​របស់​ពិភពលោក​មួយ​នេះ បានចាត់ទុក​ការចោទប្រកាន់​របស់​ក្រុង​មូ​ស្គូ ជា​លេស​មួយ សម្រាប់​ការឈាន​ដល់​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន​។​

​លោក ជេន​ស៍ ស្ដូ​ល​ថែ​ន​ប៊ឺ​គ (Jens Stoltenberg) អគ្គលេខាធិការ អង្គការ​ណា​តូ បាន​សង្កត់ធ្ងន់ ថា សមាជិក​សម្ពន្ធមិត្ត​យោធា​របស់​អង្គការ​នេះ បាន​ទាត់ចោល​ការចោទប្រកាន់​របស់​រុស្ស៊ី ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន​។ ក្រុង​មូ​ស្គូ មិនត្រូវ​បង្កើត​លេស​បែបនេះ សម្រាប់​ការបង្កើន​ជម្លោះ​បន្ថែមទៀត នោះឡើយ​។​

​ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន ថ្លែង​ទៅកាន់​វេទិកា​ក្លឹប​ពិភាក្សា​ប្រចាំឆ្នាំ Valdai ក្រោយពេល​ទាហាន​របស់​ក្រុង​មូ​ស្គូ បាន​ទទួលរង​បរាជ័យ ជា​បន្ដបន្ទាប់ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​នាំ​ឲ្យ​មានការ​ផ្ទុះ​កំហឹង ដែល​កំពុងតែ​កើនឡើង នៅក្នុង​ប្រទេស ជុំវិញ​យន្ដការ​កេណ្ឌ​ទ័ព​មួយផ្នែក មាន​ចំនួន ៣​សែន​នាក់ សម្រាប់​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង នៅក្នុង​ការធ្វើ​សង្គ្រាមរ​ប​ស់លោក ពូ​ទីន ។ មេដឹកនាំ​វិមាន​ក្រឹម​ឡាំង រូបនេះ បាន​ប្រាប់​ទស្សនិកជន​របស់​គាត់ ថា «​យើង​មិនដែល​បាន​និយាយ​ជា​ញឹកញាប់ អំពី​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​របស់​រុស្ស៊ី នោះទេ​។ យើង​បាន​ឆ្លើយតប​តែ​ជាមួយនឹង​ការ​ផ្តល់យោបល់ ចំពោះ​ការបញ្ចេញមតិ ដោយ​មេដឹកនាំ​ប្រទេស​លោកខាងលិច​តែប៉ុណ្ណោះ​»៕​