អង្គការ WHO​ប្រកាស​ស្នើសុំ​ថវិកា​៦៧៥​លាន​ដុល្លារ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​អ៊ូ​ហាន Corona​ប្រភេទ​ថ្មី​

ព័ត៌មានអន្តរជាតិ
0
444
​បណ្តា​ប្រទេស​អ្នកមាន​ត្រូវបាន​គេ​ជំរុញ​ឲ្យ​ផ្តល់​ថវិកា​ប្រមាណ​ជា​៦៧៥​លាន​ដុល្លារ ដើម្បី​ប្រយុទ្ធប្រឆាំង​សកល​នឹង​ការរីក​រាលដាល​នៃ​វីរុស​អ៊ូ​ហាន Corona​ប្រភេទ​ថ្មី បើ​ពុំ​ដូច្នោះ​ទេ ពួកគេ​នឹង​ប្រឈម​នឹង​ផលវិបាក​នៅពេល​ក្រោយ​។ ​យោងតាម​សារព័ត៌មាន South China Morning Post របស់​ទីក្រុង​ហុងកុង ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៦​ខែកុម្ភៈ​នេះ អ្នក​បាត់​បង់ជីវិត​ឡើងដល់ ៥៦៥ នាក់ និង​ឆ្លង​នៅ​ទូទាំង​ពិភពលោក​ជាង​២៨,២៦១​ករណី ខណៈ​អ្នកជា​សះស្បើយ​ចំនួន​១,២០៨ នាក់​អំឡុង​ការផ្ទុះ​វីរុស​។ កាលពី​ថ្ងៃ​ពុធ ទី ៥ ខែកុម្ភៈ អង្គការ WHO បាន​អំពាវនាវ​ស្វែងរក​ថវិកា​ទាំងនេះ ជា​ជំនួយ​សម្រាប់​ផែនការ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស Corona​ប្រភេទ​ថ្មី ជាពិសេស​តាមរយៈ​ការវិនិយោគ​នៅក្នុង​ប្រទេស​នានា​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​មាន​បញ្ហា​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់បំផុត​។ លោក Tedros Adhanom Ghebreyesus ប្រធាន​អង្គការ WHO បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​ថា ថ្ងៃនេះ​យើង​កំពុង​រៀបចំ​ផែនការ​ត្រៀម និង​ឆ្លើយតប​ជា​យុទ្ធសាស្ត្រ .... យើង​កំពុង​ស្នើសុំ​ថវិកា​ចំនួន​៦៧៥​លាន​ដុល្លារ​ដើម្បី​ទ្រទ្រង់​ផែនការ​សម្រាប់​រយៈពេល​៣​ខែ​ខាងមុខ​។​លោក Tedros បាន​និយាយថា សារ​របស់​យើង​ទៅកាន់​សហគមន៍​អន្តរជាតិ​គឺ​ត្រូវ​វិនិយោគ​នៅថ្ងៃនេះ ឬ​បង់ប្រាក់​ច្រើន​នៅពេល​ក្រោយ ។ ការអំពាវនាវរ​កមូ​ល​និ​ធិ​នេះ គឺ​“ តិចជាង​ប្រាក់​ដែល​យើង​នឹងត្រូវ​ចំណាយ​ប្រសិន បើ​យើង​មិន​វិនិយោគ​លើ​ការត្រៀមខ្លួន​នៅ​ឥឡូវនេះ​ទេនោះ​” ។ ការលើកឡើង​របស់លោក Tedros​បាន​កើតមានឡើង ក្រោយ​ពេលដែល​គណកម្មកា​រ​សុខាភិបាល​ជាតិចិន បាន​និយាយថា ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស Corona​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​។​ការស្លាប់​មនុស្ស​ទាំងអស់​នេះ ត្រូវបាន​រកឃើញ​នៅ​ខេត្ត Hubei ដែលជា​ចំណុច​ស្នូល​នៃ​ការផ្ទុះ​វីរុស ជា​កន្លែង​ដែល​មនុស្សជាតិ​៦០​លាន​នាក់ បាន​ជាប់​ខ្លួន​នៅ​ទីនោះ ហើយ​និង​មានការ​រឹតបន្តឹង​ការធ្វើដំណើរ​យ៉ាងខ្លាំង​។​លោក Tedros បាន​កោតសរសើរ​ផងដែរ ដល់​ក្រុម​អាជ្ញាធរ​ចិន សម្រាប់​ការឆ្លើយតប​នឹង​វីរុស​ប្រភេទ​ថ្មី​នេះ ដោយ​លោក​បាន​អះអាងថា ពិភពលោក​មាននូវ​ឱកាស​ដើម្បី​បញ្ឈប់​ការរីក​រាល​នេះ​។​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​មេដឹកនាំ​ចិន ខ្លួន​ពួកគេ​ផ្ទាល់​បានទទួល​ស្គាល់​ចំពោះ​កង្វះខាត​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​នេះ ស្រប​ពេលដែល​មានការ​ចោទប្រកាន់ថា ពួកគេ​បាន​ព្យាយាម​បិទបាំង​ការពិត​។​មនុស្ស​យ៉ាងហោច​៨​នាក់ ត្រូវបាន​ចាប់ខ្លួន​សម្រាប់​ការ​បំប៉ោង​ព័ត៌មាន​ដល់​មិត្ត​ភ័ក្ត្រ និង​ក្រុមគ្រួសារ​របស់​ពួកគេ ចំពោះ​ការរីក​រាល​សកល ដែល​រួមទាំង​វេជ្ជបណ្ឌិត​ម្នាក់​នៅក្នុង​ទីក្រុង​អ៊ូ​ហាន ជា​កន្លែង​ដែល​ផ្ទុះ​វីរុស​នៅក្នុង​ផ្សា​រលក់​គ្រឿង​សមុទ្រ​មួយកន្លែង​កាលពីដើម​ខែធ្នូរ​។​ ​ខណៈពេល​នោះដែរ ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក បាន​ប្រញាប់ប្រញាល់​ជម្លៀស​ពលរដ្ឋ​របស់​ពួកគេ​ចេញពី​ខេត្ត Hubei​និង​ទីក្រុង​អ៊ូ​ហាន ខណៈដែល​មាន​ប្រទេស​មួយចំនួនទៀត បាន​រឹតបន្តឹង​ការធ្វើដំណើរ​ពិសេស​មកលើ​អ្នកដំណើរ​ទៅកាន់​ចិន និង​មកពី​ចិន​។​ទោះបីជា​យ៉ាងណាក៏ដោយ លោក Tedros បានធ្វើការ​សង្កត់ធ្ងន់​ពី​ការអំពាវនាវ​របស់លោក​សុំ​ឲ្យ​ប្រទេស​ទាំងអស់​មិនត្រូវ​រឹតបន្តឹង​ការធ្វើដំណើរ និង​ពាណិជ្ជកម្ម​នោះទេ តែ​ផ្ទុយទៅវិញ​លោក​បាន​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​ទាំងអស់នោះ ឲ្យ​ជួយ​ស្វែងរក​វីរុស​ជំនួស​វិញ​៕