កុបកម្មប្រឆាំងច្បាប់សញ្ជាតិ ស្លាប់និងរបួសជិត៣០០នាក់

ព័ត៌មានអន្តរជាតិ
0
735
ក្រុមបាតុករនៅប្រទេសឥណ្ឌា បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការធ្វើវិសោធនកម្មច្បាប់សញ្ជាតិថ្មីរបស់​ប្រទេស​​នេះ ចាប់តាំងពីមុន និងក្រោយថ្ងៃ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ  រហូត​​បង្ក​ឲ្យមានការប៉ះទង្គិចគ្នា បណ្ដាល​ឲ្យចំនួនអ្នកស្លាប់កើនឡើង ២៤នាក់ និងរបួសជាង២៥០នាក់។

បណ្ដាញផ្សព្វផ្សាយរបស់ឥណ្ឌា បានឲ្យដឹងថា ក្រុមបាតុករ បានចាប់ផ្ដើមធ្វើបាតុកម្ម ចាប់តាំងពីថ្ងៃទី២២ ខែ​កុម្ភ: ឆ្នាំ២០២០ ពោលគឺមុនពេលលោកប្រធានាធិបតីអាមេរិក មកបំពេញទស្សនកិច្ច រយ:ពេល២ថ្ងៃ ហើយ​រហូត​មកដលថ្ងៃទី២៦ ខែកុម្ភ:  ពួកគេក៏នៅតែបន្ដធ្វើបាតុកម្មដដែល។ គោលបំណងដ៏សំខាន់របស់ពួកគេ គឺ​ប្រឆាំងនឹងច្បាប់​សញ្ជាតិរបស់ឥណ្ឌា ដោយពួកគេអះអាងថា ច្បាប់សញ្ជាតិ (CAA) របស់ឥណ្ឌា មាន​ការរើស អើងដល់​អ្នកកាន់សាសនា​អ៊ិស្លាម។
បណ្ដាញផ្សព្វផ្សាយដដែល បានបន្ដថា ការធ្វើបាតុកម្មរបស់ពួកគេ បង្កឲ្យមានការប៉ះទង្គិចគ្នា រវាងក្រុម​អ្នកគាំទ្រច្បាប់សញ្ជាតិ និងក្រុមអ្នកប្រឆាំង។  នៅក្នុងអំពើហិង្សានោះ បានបណ្ដាលឲ្យមានមនុស្សស្លាប់កើន​ឡើង រហូតដល់២៤នាក់ ក្នុងនោះមានមន្រ្ដីប៉ូលិសម្នាក់ផងដែរ ហើយមានមនុស្សជាច្រើននាក់ រងរបួស ដោយមានទាំងលោកស្នងការរងនគរបាលក្រុងញូវដេលី និងប៉ូលិសជាច្រើននាក់ទៀត។ រហូតមកដល់ពេល​នេះ អាជ្ញាធរបានបញ្ជូនកម្លាំងសន្ដិសុខ និងប៉ូលិសប្រហែល៨០០នាក់ ចុះទៅរៀបចំសណ្ដាប់ធ្នាប់។ នេះជាការផ្ទុះនូវកុបកម្មដ៏អាក្រក់បំផុត មិនធ្លាប់មាន ក្នុងរយ:ពេល៣ទសវត្សរ៍មកនេះ ដោយបានកើតឡើង​ នៅភាគខាងជើងទីក្រុងញូវដេលី និងរាជស្ថាន។
ច្បាប់សញ្ជាតិថ្មីរបស់ប្រទេសឥណ្ឌា បានអនុម័ត កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ ដោយបានផ្ដល់​សញ្ជាតិ​ឥណ្ឌា​ដល់​ជនចំណាកស្រុក មកពីបណ្ដាប្រទេសជិតខាង ដែលមិនកាន់សាសនាអ៊ិស្លាម។ ដោយសារតែ​ច្បាប់​សញ្ជាតិនេះ​បានកំណត់បែបនេះ ទើបធ្វើឲ្យអ្នកកាន់សាសនាអ៊ីស្លាម ប្រហែល២០លាននាក់ ក្នុងប្រទេស​ដែលភាគច្រើនបំផុត កាន់សាសនាហិណ្ឌូមួយនេះ បានផ្ទុះឡើងនូវបាតុកម្មហិង្សា។ ការធ្វើបាតុកម្មហិង្សា នាពេលនេះ បានបណ្ដាលឲ្យមនុស្ស ជាង៤០នាក់ស្លាប់ ជាង១៧០នាក់រងរបួស និងជាង៣ពាន់នាក់ ត្រូវចាប់ខ្លួន។

ក្រោយមក ការធ្វើបាតុកម្មនោះក៏មានការស្ងប់ស្ងាត់មួយរយៈ ប៉ុន្ដែនៅពេលលោក ដូណាល់ ត្រាំ បានធ្វើ​ដំណើរ​មកបំពេញទស្សនកិច្ចផ្លូវការ នៅក្នុងប្រទេសឥណ្ឌា រយៈពេល២ថ្ងៃ ចន្លោះពីថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមបាតុករបាននាំគ្នាតវ៉ាសាជាថ្មី ប្រឆាំងនឹងច្បាប់នោះ រហូតបង្កឲ្យមានអំពើហិង្សា ដោយ​បណ្ដាលឲ្យមានអ្នក​ស្លាប់ និងរបួសជាច្រើននាក់។ ការប្រទូសរ៉ាយនេះ ក្រៅអំពីបង្កឲ្យមានមនុស្សស្លាប់ និង​រង​របួសនោះ ក្រុម​បាតុករក៏​បានដុតបំផ្លាញ​ហាងលក់​ទំនិញ រថយន្ដ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ បណ្ដាលឲ្យ​ខូចខាត​អស់ជាច្រើន។

ដោយឡែកតំណាងរាស្រ្ដអាមេរិក ក៏សម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញអំពើ​ហិង្សា នៅក្នុងទីក្រុងញូវ​ដេលី។​ តំណាងរាស្រ្ដទាំងនោះ បានបញ្ជាក់ថា ពិភពលោកកំពុងតែសម្លឹងមើល ការវិវឌ្ឍ នៃអំពើហិង្សានេះ ហើយហៅសកម្មភាពនេះថា ពិតជាគួរឲ្យព្រួយបារម្ភខ្លាំងណាស់៕