ប្រធានាធិបតី​តៃវ៉ាន់ ប្ដេជ្ញា​មិន​ចុះ​ញ៉ម​នឹង​ចិន ការពារ​ទឹកដី​សម្រាប់​ប្រជាជន​តៃវ៉ាន់​

ព័ត៌មានអន្តរជាតិ
0
108


​ទីក្រុង​តៃប៉ិ​៖ ជាមួយនឹង​ការបង្កើន​សម្ពាធ​យោធា និង ការទូត កាន់តែខ្លាំង ពី​ក្រុង​ប៉េកាំង មកលើ​តៃវ៉ាន់ ខណៈ​ប្រធានាធិបតី​សហរដ្ឋអាមេរិក និង ចិន គ្រោង​នឹង​ជួប​ទល់មុខ​គ្នា​ជា​លើកដំបូង នៅ​ថ្ងៃ​ចន្ទ មុន​កិច្ចប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស G-20 នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី លើកយក​តៃវ៉ាន់​ជា​របៀបវារៈ​ចម្បង​មក​ពិភាក្សាគ្នា​នោះ ប្រធានាធិបតី​ដែន​កោះ​មួយ​នេះ បាន​អះអាង​យ៉ាង​ម៉ឺងម៉ាត់ ថា លោកស្រី​ត្រូវតែ​បំពេញបេសកកម្ម​របស់​លោកស្រី បន្ដ​ការពារ​ដែន​កោះ​មួយ​នេះ សម្រាប់​ប្រជាជន​តៃវ៉ាន់​។​

​សារព័ត៌មាន The Economic Times បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​១៣ ខែវិច្ឆិកា ថា លោកស្រី សៃ អ៊ីង​វ៉ិ​ន (Tsai Ing-wen) ប្រធានាធិបតី​តៃវ៉ាន់ បាន​ថ្លែង ថា បេសកកម្ម នៅក្នុង​ជីវិត​របស់​លោកស្រី ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ ថា ដែន​កោះ​មួយ​នេះ ត្រូវ​នៅតែ​បន្ដ ជា​កម្មសិទ្ធិ​របស់​ប្រជាជន​តៃវ៉ាន់ ហើយ​អត្ថិភាព​របស់​តៃវ៉ាន់ មិនមែនជា​ការបង្ក​ហេតុ​ដល់​ប្រទេស​ណាមួយ​នោះឡើយ​។​

​លោកស្រី ប្រធានាធិបតី​តៃវ៉ាន់ បាន​សង្កត់ធ្ងន់ ថា «​ក្នុងឋានៈ​ជា​ប្រធានាធិបតី ការអះអាង​របស់ខ្ញុំ គឺ​ត្រូវតែ​ធ្វើ​ឲ្យ​កិច្ចខិតខំ​ប្រឹងប្រែង​គ្រប់បែបយ៉ាង ដើម្បី​អនុញ្ញាត​ឲ្យ​តៃវ៉ាន់ នៅតែ​ជា​កម្មសិទ្ធិ​របស់​ប្រជាជន​តៃវ៉ាន់​»​។​

​ការបោះឆ្នោត នៅក្នុង​ស្រុក​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា នៅ​តៃវ៉ាន់ កើតឡើង រយៈពេល​១​ខែ ក្រោយពេល​លោក ស៊ី ជិន​ពីង (Xi Jinping) ប្រធានាធិបតី​ចិន បង្កើន​ការដាក់​សម្ពាធ​ខាង​យោធា​កាន់តែខ្លាំង​ឡើង ទៅលើ​ដែន​កោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង តាមបែប​ប្រជាធិបតេយ្យ ដើម្បី​ជំរុញ​ឲ្យ​ដែន​កោះ​មួយ​ទទួលស្គាល់ អំពី​អធិបតេយ្យភាព​របស់​ចិន ដែល​បាន​ធានា​នូវ​អាណ​ត្ដិ​ទី​៣​របស់​ប្រធានាធិបតី មិន​ធ្លាប់មាន​ពីមុនមក​។​

​ការបោះឆ្នោត​ជ្រើសរើស​អភិបាលក្រុង និង សមាជិក​ក្រុមប្រឹក្សា គឺ​បញ្ហា​ធម្មតា នៅក្នុង​ស្រុក​ហើយ​លោកស្រី ប្រធានាធិបតី បាន​ប្រាប់​ដល់​អ្នកគាំទ្រ​រាប់ពាន់នាក់ ដែល​អបអរសាទរ នៅក្នុង​ការជួប​ជុំគ្នា​មួយ នៅ​កណ្តាល​ទីក្រុង​តៃប៉ិ ថា មានការ​ប្រឈមមុខ​ច្រើន ជា​លើកដំបូង ដែល​លោកស្រី ត្រូវតែ​ធ្វើ​ឲ្យ​ប្រាកដប្រជា ក្រោយពេល​ចិន បាន​បង្កើន​សម្ពាធ​យោធា​។​

​លោកស្រី សៃ អ៊ីង​វ៉ិ​ន (Tsai Ing-wen) ប្រធានាធិបតី​តៃវ៉ាន់ បាន​សង្កត់ធ្ងន់ ថា លោកស្រី មិនបាន​ចុះ​ញ៉ម ឬ​ទោរទន់​ទៅរក​គោលនយោបាយ​«​ប្រទេសមួយ ប្រព័ន្ធ​ច្បាប់​២» របស់លោក ស៊ី ជិន​ពីង (Xi Jinping) ប្រធានាធិបតី​ចិន ដែល​ស្នើសុំ សម្រាប់​ស្វ​យ​ភាព ក្រោម​អធិបតេយ្យភាព​របស់​ចិន នោះឡើយ​។ នៅក្រោម​ភាពជា​អ្នកដឹកនាំ​របស់លោក​ស្រី មាន​ប្រទេស​ជាច្រើន គោរព​ដល់​ប្រជាធិបតេយ្យ និង សន្ដិសុខ​របស់​តៃវ៉ាន់ ដោយសារ​ជា​គោលដៅ ឆ្ពោះទៅរក​សន្ដិភាព​។​

​លោកស្រី ប្រធានាធិបតី​តៃវ៉ាន់ បាន​ថ្លែង​ទៅកាន់​ពិធី​ប្រមូលផ្ដុំ​របស់​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ (DPP) ដែល​កំពុងតែ​គ្រប់គ្រង​អំណាច​របស់​លោកស្រី ថា «​ខ្ញុំ​ចង់​ប្រាប់​ដល់​អស់លោក និង លោកស្រី ទាំងអស់គ្នា ថា អត្ថិភាព និង ការទទូច​ចង់បាន​របស់​តៃវ៉ាន់ និង ប្រជាជន​តៃវ៉ាន់ ផ្ដោតទៅលើ​សេរីភាព និង លទ្ធិប្រជាធិបតេយ្យ គឺ​មិនមែន​ជាការ​បង្កហេតុ​ណាមួយ ទៅលើ​ប្រទេស​ដទៃ​នោះឡើយ​»​។​


​ចិន បាន​បង្កើន​សម្ពាធ​យោធា កាន់តែខ្លាំង​ឡើង មកលើ​តៃវ៉ាន់ ក្រោយពេល​លោកស្រី ណាន​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក បាន​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ទីក្រុង​តៃប៉ិ ចន្លោះ​ពីថ្ងៃ​ទី​២-៣ ខែសីហា ឆ្នាំ​២០២២​។ ជាការ​ប្រឆាំង​តប​នឹង​ដំណើរ​ទស្សនកិច្ច​នេះ ក្រុង​ប៉េកាំង បាន​បញ្ជូន​កងទ័ព នាវាចម្បាំង និង យន្ដហោះ​យោធា ទៅធ្វើ​សមយុទ្ធ​យោធា បាញ់​គ្រាប់​ពិត ឡោមព័ទ្ធ​ដែន​កោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង​តាមបែប​លទ្ធិប្រជាធិបតេយ្យ រហូត​បង្កើន​ឲ្យ​មាន​ភាព​តា​នឹង នៅតាម​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​បើតាម​មន្ដ្រី​សេត​វិមាន បាន​ឲ្យ​ដឹង ថា លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក នឹង​ជួប​ទល់មុខ​គ្នា​ជា​លើកដំបូង ជាមួយនឹង​សម​ភាគី​ចិន លោក ស៊ី ជិន​ពីង នៅ​សប្ដាហ៍​នេះ នៅមុន​កិច្ចប្រជុំ​កំពូល G-20 ។ មេដឹកនាំ​ប្រទេស​មហាអំណាច​ទាំង​២​នេះ នឹង​លើកយក​បញ្ហា​តៃវ៉ាន់ មក​ធ្វើជា​របៀបវារៈ​កំពូល នៅក្នុង​ជំនួប​របស់​ពួកគាត់​។ ប៉ុន្ដែ​កាលពីពេល​កន្លងមក ប្រធានាធិបតី​សហរដ្ឋអាមេរិក ធ្លាប់​ព្រមាន​ត្រង់ៗ ខណៈ​គាត់​បានធ្វើ​ដំណើរ មក​បំពេញ​ទស្សនកិច្ច នៅលើ​ទឹកដី​ប្រទេស​ជា​សម្ពន្ធមិត្ត នៅ​អាស៊ី​បូព៌ា ថា សហរដ្ឋអាមេរិក នឹង​ប្រើប្រាស់​កងទ័ព​ការពារ​តៃវ៉ាន់ ប្រសិន​ក្រុង​ប៉េកាំង សម្រេចចិត្ត​លើកទ័ព​ឈ្លានពាន ទៅលើ​តៃវ៉ាន់​។​

​ទោះជា​យ៉ាងណា នៅក្នុង​ជំនួប​តាម​ការគ្រោងទុក នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី នោះ គេ​នៅ​មិនទាន់​ដឹង អំពី​លទ្ធភាព នៃ​ជំនួប រវាង​មេដឹកនាំ នៃ​ប្រទេស​មហាអំណាច​ទាំង​២​នេះ​នៅឡើយ​៕​