វៀតណាមនឹងផាកជិត២ម៉ឺនដុល្លារដល់អ្នកដឹកជញ្ជូនសត្វព្រៃដ៏កម្រ

ព័ត៌មានអន្តរជាតិ
0
407
ក្រោយការផ្ទុះឡើង នៃវីរុសកូរ៉ូណារាលដាលដល់ពេញពិភពលោក ហើយសម្លាប់មនុស្សអស់ជាង២ពាន់នាក់​នោះ​មក រហូតមកដល់ពេលនេះ រដ្ឋាភិបាលវៀតណាម បានចេញច្បាប់រឹតបន្ដឹងនូវការចរាចរណ៍សត្វព្រៃ ដើម្បី​ទប់​ស្កាត់នូវការធ្វើអាជីវកម្មសត្វព្រៃ និងការរីករាលដាល នៃជំងឺឆ្លងដ៏កាចសាហាវ  ហើយអ្នកប្រព្រឹត្ដល្មើស​នឹង​ច្បាប់ថ្មីនេះ អាចប្រឈមមុខនឹងការផាកពិន័យ ចន្លោះពី៨៦០-១៣០០ដុល្លារអាមេរិក ឬអាចរហូត​ដល់ជិត​២ម៉ឺន​ដុល្លារ ប្រសិនបើសត្វព្រៃនោះ ត្រូវបានចាត់ទុកជាសត្វកម្រ។

សារព័ត៌មាន Vietnamtimes បានផ្សាយ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ថា រដ្ឋាភិបាលវៀតណាម បាន​ចេញ​​ក្រឹត្យថ្មី​​មួយ ហាមឃាត់ដល់ការដឹកជញ្ជូនសត្វព្រៃ ចេញពីតំបន់ ដែលមានការឆ្លងវីរុសដ៏កាចសាហាវ។
  បើតាមច្បាប់នេះ បានដាក់ពិន័យដល់អ្នកដែលប្រព្រឹត្ដល្មើស ដោយផាក ចន្លោះពី២០-៣០លានដុង (លុយវៀត​ណាម) ឬស្មើនឹងចន្លោះពី៨៦០-១៣០០ដុល្លារអាមេរិក។ ក្រឹត្យថ្មីនេះ បានចូលជាធរមាន កាលពី​សប្តាហ៍មុន។ រីឯការបង្កើតច្បាប់នេះ ក៏មានគោលបំណងរារាំងដល់ការធ្វើពាណិជ្ជកម្ម និងការប្រើប្រាស់សត្វព្រៃ ចំពេល​មាន​ការរីករាលដាល នៃជំងឺកូវីដ-១៩ ពាសពេញពិភពលោក។
យោងតាមក្រឹត្យនេះ អ្នកដែលដឹកផលិតផលសត្វស្រស់ ពាក់កណ្តាលកែច្នៃ ឬកែច្នៃ នាំចេញពីប្រទេស ឬទឹកដី​ដែលមានស្រាប់ ហើយរងគ្រោះដោយសារជំងឺដ៏គ្រោះថ្នាក់ដែលកើតចេញពីសត្វនោះ អ្នកប្រព្រឹត្ដល្មើសអាច​នឹងត្រូវប្រឈមការផាកពិន័យ រហូតដល់១៣០០ដុល្លារអាមេរិក ខណៈនាំចូល ឬឆ្លងកាត់នៅលើទឹកដី​វៀត​ណាម។ ​ការនាំសត្វព្រៃចូលមកក្នុងប្រទេសវៀតណាម ក៏អាចនឹងត្រូវផាកពិន័យ ចន្លោះពី៥លាន-៤០០លាន​ដុង​ ឬចន្លោះពី២១៦-១៧៣០០ដុល្លារ ផងដែរ ប្រសិនបើសត្វព្រៃនោះ ត្រូវចាត់ទុកជាសត្វដ៏កម្រ។
រដ្ឋាភិបាលវៀតណាម បានចេញច្បាប់នេះ ក្រោយពេលមានការផ្ទុះឡើងនូវវីរុសកូរ៉ូណា ឬកូវីដ-១៩។ នៅក្នុង​ប្រទេសវៀតណាម មានអ្នកឆ្លងវីរុសនេះ ចំនួន១៦នាក់ ហើយអ្នកជំងឺនេះបានចេញពីមន្ទីរពេទ្យអស់ហើយ ក្រោយពេលសម្រាកព្យាបាល រហូតជាសះស្បើយ។ ជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ បានផ្ទុះឡើង កាលពី​អំឡុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន។ បើ គិតមកត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ជំងឺ COVID-19 បានឆ្លងរាលដាលដល់ប្រទេសចំនួន៤២ និងឆ្លងទៅលើមនុស្ស សរុប៨០ ៤៣២ នាក់ ក្នុងនោះ​មាន​​អ្នកស្លាប់ ចំនួន២៧១១នាក់៕