វាយប្រហារតាមអាកាស សម្លាប់កងទ័ពតួកគី ៣៣នាក់

ព័ត៌មានអន្តរជាតិ
0
1082
កងទ័ពស៊ីរី បានបើកការវាយប្រហារតាមអាកាស បណ្ដាលឲ្យកងទ័ពតួកគី យ៉ាងហោចណាស់៣៣នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត រងរបួស កាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ នៅក្នុងខេត្ដ Idlib ប្រទេសស៊ីរី។

ប្រភពព័ត៌មានពីកងទ័ពរុស្ស៊ី បានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់ស៊ីរី បានបាញ់ទម្លាក់យន្ដហោះ​គ្មានមនុស្សបើកមួយគ្រឿងរបស់តួកគី ដែលហោះរំលោភចូលមកក្នុងដែនអាកាសរបស់ប្រទេសស៊ីរី។ កង​ទ័ពតួកគី តែងតែជួយគាំទ្រដល់ក្រុមឧទ្ទាម ក្នុងខេត្ត Idlib វាយដណ្ដើមតំបន់គ្រប់គ្រងរបស់រដ្ឋាភិបាលស៊ីរី។

ដោយឡែសារព័ត៌មានរុស្ស៊ី Sputnik បានផ្សាយ កាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ថា ការវាយប្រហារតាម​អាកាស​របស់​កងទ័ពស៊ីរី នៅក្នុងខេត្តអ៊ីដលីប បានបណ្ដាលឲ្យកងទ័ពតួកគីយ៉ាងហោចណាស់៣៣នាក់ស្លាប់។

ភាពតានតឹង រវាងស៊ីរី និងតួកគី កាន់តែមានសភាពខ្លាំងក្លាឡើង ក្រោយពេលកងទ័ពរដ្ឋាភិបាលស៊ីរី គាំទ្រ​ដោយ​កងទ័ពអាកាសរុស្ស៊ី បង្កើនការវាយលុកចូលកាន់កាប់តំបន់ចុងក្រោយរបស់ក្រុមឧទ្ទាម​គាំទ្រដោយតួកគី នៅក្នុងខេត្តអ៊ីដលីប។ ក្រោយការវាយប្រហារសម្លាប់កងទ័ពតួកគីជាង៣០នាក់នោះមក ប្រធានាធិបតីតួកគី បានកោះប្រជុំបន្ទាន់ ស្ដីអំពីស្ថានភាពសន្ដិសុខ នៅក្នុងខេត្តអ៊ីដលីប ប្រទេសស៊ីរី។ នេះបើយោងតាម​ការចេញផ្សាយរបស់សារព័ត៌មាន Anadolu គ្រប់គ្រងដោយរដ្ឋតួកគី៕