​មេទ័ព​បស្ចិម​លោក អះអាង​ពី Wagner នឹង​វាយប្រហារ​ជាថ្មី​ចេញពី​បេឡា​រុស ដណ្ដើម​កាន់កាប់​ក្រុង​កៀវ​

ព័ត៌មានអន្តរជាតិ
0
0


​រាជធានី​ឡុង​ដ៍​៖ ថ្វីបើ​ប្រធានាធិបតី​បេឡា​រុស លោក​អា​ឡិ​កសាន​ដឺរ លូ​កា​សេន​កូ (Alexander Lukashenko) បាន​ជួយ​សម្របសម្រួល ដោះស្រាយ​វិបត្ដិ​ដ៏​ធ្ងន់ធ្ងរ បញ្ចៀស​នូវ​ការ​បង្ហូរឈាម​គ្នាឯង រវាង​កងទ័ព​រដ្ឋាភិបាល​រុស្ស៊ី និង កម្លាំង​ទាហាន​ស៊ីឈ្នួល នៅក្នុង​ប្រទេស​រុស្ស៊ី បញ្ចប់​ភ្លាមៗ​យ៉ាងណាក្ដី ប៉ុន្ដែ​អតីត​មេទ័ព​កំពូល​របស់​ចក្រភព​អង់គ្លេស នៅតែ​ជំរុញ​ឲ្យ​អ៊ុយ​ក្រែ​ន ត្រៀមខ្លួន​ការពារ ទប់​ទល់នឹង​កម្លាំង​ទាហាន​ស៊ីឈ្នួល Wagner អាច​នឹង​វាយប្រហារ ចេញពី​បេឡា​រុស ដើម្បី​ដណ្ដើម​កាន់កាប់​ទីក្រុង​កៀវ សាជាថ្មី​។​

​បណ្ដាញ​ទូរទស្សន៍​អារ៉ាប់​អន្ដរជាតិ Alarabiya News បាន​ផ្សាយ នៅ​ថ្ងៃ​ចន្ទ ទី​២៦ ខែមិថុនា ឆ្នាំ​២០២៣ ថា អតីត​នាយអគ្គសេនាធិការ​កង​ទ័ព​របស់​ចក្រភព​អង់គ្លេស លោក​ឧ​ត្ត​ម​សេនីយ៍ រី​ឆាដ ដាន​ណាត (Richard Dannatt) បាន​ថ្លែង កាលពី​ថ្ងៃអាទិត្យ ថា អ៊ុយ​ក្រែ​ន គួរតែ​ពង្រឹង​កិច្ចការពារ​របស់ខ្លួន​បន្ថែមទៀត សម្រាប់​ត្រៀមខ្លួន ទប់ទល់​ប្រឆាំងនឹង​ការវាយប្រហារ​ដ៏​ខ្លាំងក្លា ពី​កម្លាំង​ទាហាន​ស៊ីឈ្នួល​របស់​រុស្ស៊ី Wagner ដឹកនាំ​ដោយ​លោក យ៉ែ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៊ី​ន (Yevgeny Prigozhin)​។ កម្លាំង​ទាហាន​ស៊ីឈ្នួល​របស់​រុស្ស៊ី Wagner ទំនងជា​អាច​នឹង​ចាប់ផ្ដើម ប្រតិ​ប​ត្ដិ​ការ​យោធា វាយប្រហារ​ជាថ្មី ចេញពី​ប្រទេស​បេឡា​រុស ដើម្បី​ដណ្ដើម​កាន់កាប់​ទីក្រុង​កៀវ​។​

​លោក​ឧត្ដមសេនីយ៍ រូបនេះ បាន​ប្រាប់​បណ្ដាញ​ទូរទស្សន៍ Sky News ថា «​វា​ជាការ​ពិតណាស់ ថៅកែ​ក្រុមហ៊ុន​ទាហាន​ឯកជន Wagner លោក យ៉ែ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៊ី​ន បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​បេឡា​រុស​។ ករណីនេះ ក្លាយជា​បញ្ហា​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​មួយ សម្រាប់​អ៊ុយ​ក្រែ​ន​។ ប្រសិនបើ​លោក ព្រី​ហ្គោ​ហ្ស៊ី​ន នៅតែ​រក្សា​កម្លាំង​ប្រយុទ្ធ​ដ៏​មាន​ប្រសិទ្ធភាព​របស់គាត់ នៅ​ជុំវិញខ្លួន​របស់គាត់ គឺ​គាត់​ក៏​នៅតែ​ជាការ​គំរាមកំហែង​ជាថ្មី មកលើ​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​រដ្ឋធានី​កៀវ​របស់​ប្រទេស​អឺរ៉ុប​ខាងកើត​មួយ​នេះ នៅ​ជិត​បំផុត នៃ​ប្រទេស​បេឡា​រុស ដែលជា​សម្ពន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​រុស្ស៊ី ហើយក៏​ជាទី​កន្លែង នៃ​ការចាប់ផ្ដើម​សង្គ្រាម​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ផ្ទុះឡើង នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២​ផងដែរ​។​

​លោក​ឧត្ដមសេនីយ៍ ដាន​ណាត អតីត​នាយអគ្គសេនាធិការ​កង​ទ័ព​ចក្រភព​អង់គ្លេស បានបញ្ជាក់ ថា «​ការវាយប្រហារ​ដណ្ដើម​កាន់កាប់​ទីក្រុង​កៀវ នៅតែ​អាច​កើតមានឡើង ដោយសារតែ​រុស្ស៊ី នៅតែ​អាច​ប្រើប្រាស់​កម្លាំង​ទាហាន​ស៊ីឈ្នួល Wagner សម្រាប់​ការដណ្ដើម​កាន់កាប់​រដ្ឋ​ធានី​កៀវ សាជាថ្មី​។ ដោយឡែក ការបះបោរ​ដោយ​កម្លាំងប្រដាប់អាវុធ ពី​កម្លាំង​ទាហាន Wagner ក៏​នឹងធ្វើ​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រឈម​នឹង​ការ​អាម៉ាស់​បំផុត​មួយ ចាប់តាំងពី​គាត់​បាន​ឡើងកាន់​កាប់​អំណាច រហូតមក​។ វា​ជាការ​ពិតណាស់ នេះ​បានបង្ហាញ​នូវ​ការ​ថមថយ​ឥទ្ធិពល​ច្រើន សម្រាប់​លោក ពូ​ទីន ខណៈ​កម្លាំងយោធា​របស់​រុស្ស៊ី កំពុងតែ​ជ្រួលច្របល់​»​។​

​លោក យ៉ែ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៊ី​ន (Yevgeny Prigozhin) ថៅកែ​ទាហាន​ស៊ីឈ្នួល Wagner កាលពី​ថ្ងៃ​សុក្រ ចុង​សប្ដាហ៍​មុន បាន​ចូល​កាន់កាប់​ទីបញ្ជាការ​យោធា​ដ៏​ធំ​របស់​រុស្ស៊ី នៅ​តំបន់​រូ​ស្ដូ​-​អន​-​ដូន (Rostov-on-Don) សម្រាប់​ប្រតិបត្តិការ​សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ បន្ទាប់មក កម្លាំង​ទាហាន​ឯកជន​ទាំងនេះ បាន​បន្តដំណើរ​តម្រង់​ទិសដៅ ទៅកាន់​រដ្ឋធានី​មូ​ស្គូ នៅក្នុង​គោលបំណង​ផ្ដួលរំលំ​លោក ស៊ើ​រ​ហ្គេ សយ​ហ្គូ (Sergei Shoigu) រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​រុស្ស៊ី និង លោក​ឧត្ដមសេនីយ៍ វ៉ា​ឡេ​រី ជេ​រ៉ាស៊ី​ម៉ូ​វ (Valery Gerasimov) នាយអគ្គសេនាធិការ​ក​ង​ទ័ព​រុស្ស៊ី ចេញពី​តំណែង​។ កម្លាំង​ទាហាន​ឯកជន​វ៉ា​គ​ណឺ​រ (Wagner) ក៏បាន​អះអាង អំពី​ការទម្លាក់​ឧទ្ធម្ភាគចក្រ និង យន្តហោះ​យោធា​របស់​រុស្ស៊ី ជាច្រើន​គ្រឿង ។

​សកម្មភាព​ទាំងនេះ បាន​ជំរុញ​ឲ្យ​រុស្ស៊ី ដាក់ពង្រាយ​កងទ័ព​ជាដំបូង សម្រាប់​ការពារ​រដ្ឋធានី​មូ​ស្គូ​។ ប៉ុន្ដែ​ក្រុង​មូ​ស្គូ បាន​ដក​កម្លាំង​ទាហាន​ទាំងនោះ​ចេញ​វិញ កាលពី​ថ្ងៃអាទិត្យ ស្របពេល​កម្លាំង​ទាហាន​ស៊ីឈ្នួល Wagner បានសម្រេច​ចិត្ត បង្វែរ​ក្បួនទ័ព​របស់​ពួកគេ ត្រឡប់​ថយក្រោយ ឆ្ពោះទៅកាន់​បន្ទាយ​របស់​ខ្លួន​វិញ ក្រោយពេល​មានការ​សម្របសម្រួល ពី​ប្រធានាធិបតី​បេឡា​រុស លោក​អា​ឡិ​កសាន​ដឺរ លូ​កា​សេន​កូ (Alexander Lukashenko) ជា​សម្ពន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​។​

​ថ្វីបើ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​របស់លោក​ប្រធានាធិបតី ពូ​ទីន បាន​ចោទប្រកាន់ ចំពោះ​ការបះបោរ​ប្រដាប់អាវុធ ពីបទ​ក្បត់ជាតិ ប្រឆាំងនឹង​លោក ព្រី​ហ្គោ​ហ្ស៊ី​ន និង កម្លាំង​ទាហាន​របស់គាត់ ខណៈ​បណ្ដា​ប្រទេស​មហាអំណាច​ពិភពលោក កំពុងតែ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​យ៉ាងណាក្ដី ប៉ុន្ដែ​ព្រឹត្តិការណ៍​នេះ ក៏​គ្មាន​អ្នកណាម្នាក់ មិន​នឹកស្មាន​ដល់ ថា កម្លាំង​ទាហាន​ស៊ីឈ្នួល Wagner បាន​បញ្ឈប់​សកម្មភាព​របស់ខ្លួន​ទៅវិញ​ភ្លាមៗ​នោះដែរ​។ វិបត្ដិ​ដ៏​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​រុស្ស៊ី បាន​ថយកម្ដៅ​ទៅវិញ ក្រោយពេល​មានការ​ព្រមព្រៀង​មួយ ក្រោម​ការសម្របសម្រួល ពី​លោក អា​ឡិ​កសាន​ដឺរ លូ​កា​សេន​កូ ប្រធានាធិបតី​បេឡា​រុស ជា​សម្ពន្ធមិត្ត​ដ៏​ជិតស្និទ្ធ​បំផុត​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​។ ការសម្រេចចិត្ត​ចុងក្រោយ បាន​តម្រូវ​ឲ្យ​លោក ព្រី​ហ្គោ​ហ្ស៊ី​ន និរទេស​ទៅកាន់​បេឡា​រុស ជា​ប្រទេសជិតខាង​របស់​រុស្ស៊ី ដែល​បាន​គាំទ្រ នៅក្នុង​សង្គ្រាម​ឈ្លានពាន​របស់​ក្រុង​មូ​ស្គូ ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២​។

​លោក ឌី​មី​ទ្រី ប៉េ​ស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមាន​ក្រឹម​ឡាំង បាន​ឲ្យ​ដឹង ថា នៅក្នុង​កិច្ចព្រមព្រៀង​នេះ គឺ​ក្រុង​មូ​ស្គូ ក៏បាន​សម្រេច​ទម្លាក់ចោល​រាល់​ការចោទប្រកាន់​របស់ខ្លួន ប្រឆាំងនឹង​លោក យ៉ែ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៊ី និង កម្លាំង​ទាហាន​របស់គាត់ ពីបទ​ក្បត់ជាតិ សម្រាប់​សកម្មភាព​បះបោ​រ​ប្រដាប់អាវុធ​នេះ​។ ទន្ទឹមគ្នា​នេះដែរ លោក ព្រី​ហ្គោ​ហ្ស៊ី​ន ក៏បាន​ដឹកនាំ​កម្លាំង​ទាហាន Wagner របស់គាត់ វិល​បន្ទាយ​យោធា​របស់ខ្លួន​វិញ​៕