ទឹកជំនន់វាយប្រហារប្រេស៊ីល ស្លាប់និងបាត់ខ្លួនជាង៥០នាក់

ព័ត៌មានអន្តរជាតិ
0
720
ភ្លៀងបានវាយប្រហារយ៉ាងខ្លាំងទៅលើតំបន់ភាគអាគ្នេយ៍ នៃប្រទេសប្រេស៊ីល បង្កឲ្យក្លាយជាទឹកជំនន់ និង​បាក់ដី រហូត​បណ្ដាលឲ្យមនុស្សចំនួន២១នាក់ស្លាប់ និង៣២នាក់ផ្សេងទៀតបាត់ខ្លួន។ នេះបើយោងតាមសារ​ព័ត៌មាន AFP ចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០។

អាជ្ញាធរប្រេស៊ីល បានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះ ភ្លៀងបានធ្លាក់មកយ៉ាងខ្លាំង បង្កឲ្យ​កើត​ទៅ​ជា​ទឹកជំនន់ និងការបាក់ដី។ គ្រោះធម្មជាតិនេះបានវាយប្រហារទៅលើទីក្រុង នៅតាមបណ្តោយឆ្នេរ ភាគអាគ្នេយ៍ ដូចជា សាន់តូស (Santos), ហ្គារូចា (Guaruja) និង វីសិន (Vicente) ។

អាជ្ញាធរប្រេស៊ីល បានបញ្ជាក់ថា តំបន់ជាគោលដៅទេសចរណ៍​ដ៏ពេញនិយម នៅរដ្ឋសៅប៉ូឡូ (Sao Paulo) បានរងការខូចខាតធ្ងន់ធ្ងរជាងគេ ខណៈរដ្ឋរីយ៉ូ (Rio de Janeiro) ក៏បានរងគ្រោះផងដែរ។ គ្រោះធម្មជាតិនេះ ឲ្យមនុស្សស្លាប់យ៉ាងហោច២១នាក់ ក្នុងនោះមាន១៦នាក់នៅរដ្ឋ Sao Paulo និង៥នាក់ នៅរដ្ឋ Rio de Janeiro។ ដោយឡែកមនុស្ស៣២នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ៕