ទាហាន​រុស្ស៊ី​ស្លា.ប់​ច្រើន​នៅ​សមរភូមិ​អ៊ុយ​ក្រែ​ន ធ្វើ​ឲ្យ​ប្រធានាធិបតីពូ​ទីនភ័យប្រកាស​រើស​ទ័ព​បន្ថែម​

ព័ត៌មានអន្តរជាតិ
0
204
រដ្ឋធានី​មូ​ស្គូ​៖ ដោយសារតែ​រុស្ស៊ី កំពុងតែ​ផុងជើង​ក្នុង​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន អស់​រយៈពេល​ជាង​៦​ខែ​កន្លងមកហើយ នៅតែមាន​សញ្ញា​បញ្ចប់​នូវ​ការ​វាយ​ប្រយុទ្ធ​គ្នា ហើយ​ទំនងជា​មានការ​បាត់បង់​កងទ័ព​ច្រើន​ផង​នោះ ទើប​ប្រធានាធិបតី​រុស្ស៊ី បាន​បញ្ជា​ឲ្យ​បង្កើន​កម្លាំង​ទ័ព ចំនួន ១៣៧ ០០០​នាក់​បន្ថែមទៀត ដើម្បី​ធ្វើ​ឲ្យ​កម្លាំង​ទាហាន សរុប កើន​ដល់​ជាង ១,១៥​លាន​នាក់​។​

​ទីភ្នាក់ងារសារព័ត៌មាន​របស់​ចក្រភព​អង់គ្លេស Reuters បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែសីហា ថា លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ចុះហត្ថលេខា លើ​ក្រឹត្យ​មួយ ដើម្បី​បង្កើន​ចំនួន​កម្លាំង​កង​ទ័​ពុ​រុស្ស៊ី ពី​ចំនួន​ជាង ១,៩​លាន​នាក់ ទៅដល់​ជាង ២,០៤​លាន​នាក់ ស្របពេល​ក្រុង​មូ​ស្គូ កំពុងតែ​ផុងជើង នៅក្នុង​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន អស់​រយៈពេល​ជាង​៦​ខែ​កន្លងមកហើយ​។​



​ក្រឹត្យ​ថ្មី​របស់​ប្រធានាធិបតី​រុស្ស៊ី បាន​បញ្ជា​ឲ្យ​កងទ័ព​រុស្ស៊ី ជ្រើសរើស​ទាហាន ចំនួន ១៣៧ ០០០​នាក់ សម្រាប់​ការបង្កើន​កម្លាំងយោធា​ប្រយុទ្ធ​របស់​រុស្ស៊ី សរុប កើន​ដល់​ជាង ១,១៥​លាន​នាក់​។ ក្រឹត្យ​របស់​ប្រធានាធិបតី លោក ពូ​ទីន នឹង​ចូល​ជា​ធរមាន នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២៣​។ ប៉ុន្ដែ​ទោះជា​យ៉ាងណា ក្រឹត្យ​នោះ មិនបាន​បញ្ជាក់ ថា​តើ​យោធា​នឹង​ដំឡើង​ឋានៈ​របស់​ពួកគេ ដោយ​ការព្រាង​ច្បាប់ ស្ដីអំពី​ចំនួន​ទាហាន កាន់តែច្រើន បង្កើន​ចំនួន​កងទ័ព​ស្ម័គ្រចិត្ត ឬ​ការរួមបញ្ចូល​គ្នា រវាង​ទាហាន​ទាំងពីរ​នោះឡើយ​។​

​ក្រឹត្យ​របស់​ប្រធានាធិបតី​រុស្ស៊ី ដែល​បានចេញ កាលពី​ថ្ងៃ​ព្រហស្បតិ៍ នឹង​បង្កើន​ចំនួន​បុគ្គលិក​យោធា​រុស្ស៊ី សរុប​កើន​ដល់ ២ ០៣៩ ៧៥៨​នាក់ ដោយ​ក្នុងនោះ មាន​ទាហាន ១ ១៥០ ៦២៨​នាក់​។ ការចេញ​បទបញ្ជា​បង្កើន​កងទ័ព​រុស្ស៊ី កាលពីមុន កើន​ដល់ ចំនួន ១ ៩០២ ៧៥៨ នាក់ ខណៈ​ឆ្នាំ​២០១៨ មាន​កម្លាំង​ទ័ព មាន​ចំនួន ១ ០១៣ ៦២៨​នាក់​។​
​វិមាន​ក្រឹម​ឡាំង បាន​បញ្ជាក់ថា មានតែ​ទាហាន​ស្ម័គ្រចិត្ត​ប៉ុណ្ណោះ អាច​ចុះកិច្ចសន្យា ចូលរួម នៅក្នុង​ប្រតិ​ប​ត្ដិ​ការ​ពិសេស នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​


​ដោយឡែក បណ្ដាញ​ផ្សព្វផ្សាយ​រុស្ស៊ី និង អង្គការ​មិនមែន​រដ្ឋាភិបាល បាន​បញ្ជាក់ថា អាជ្ញាធរ​រុស្ស៊ី បាន​ព្យាយាម​បង្កើន ចំនួន​ទាហាន​ចូលរួម នៅក្នុង​សកម្មភាព​យោធា នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន តាមរយៈ​ការទាក់ទាញ​អ្នកស្ម័គ្រចិត្ត ឲ្យ​កាន់តែច្រើន ចូលរួម​ជាមួយ​ក្រុមហ៊ុន​ម៉ៅការ​យោធា​ឯកជន និង ថែមទាំង​ផ្តល់​ការលើកលែងទោស ដល់​អ្នកទោស​មួយចំនួន ជា​ថ្នូរ​នឹង​ដំណើរ​ទៅ​បំពេញ​កាតព្វកិច្ច​យោធា​ថែម​ទៀតផង​។​

​អាជ្ញាធរ​ក្នុង​តំបន់ ក៏បាន​ព្យាយាម​ដំឡើង​ឋានៈ ដោយ​ការបង្កើត​កងវរសេនាតូច​ស្ម័គ្រចិត្ត ដើម្បី​ដាក់ពង្រាយ​កម្លាំង​ទាហាន​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ រីឯ​បុរស​ជា​ជនជាតិ​រុស្សី ទាំងអស់ មាន​អាយុ ចន្លោះ​ពី​១៨-២៧​ឆ្នាំ មាន​កាតព្វកិច្ច​ត្រូវតែ​បម្រើ​ការងារ នៅក្នុង​ជួរ​កងទ័ព រយៈពេល​១​ឆ្នាំ​។ ប៉ុន្តែ​ពួកគេ​មួយចំនួនធំ តែងតែ​គេចវេះ ពី​សេចក្ដីព្រាងច្បាប់​នេះ ដោយ​លើក​ហេតុផល អំពី​បញ្ហា​សុខភាព ឬ​ការពន្យា​ពេល​នៅក្នុង​ការសិក្សា នៅតាម​សាកលវិទ្យាល័យ​នានា ជាដើម​។ ចំណែក​បុរស​ដែល​គេច ពី​សេចក្តីព្រាងច្បាប់​នេះ មាន​ចំនួន​ច្រើន ជាពិសេស នៅក្នុង​រដ្ឋធានី​ក្រុង​មូ​ស្គូ និង នៅតាម​បណ្ដា​ទីក្រុង​ធំៗ​នានា​របស់​រុស្ស៊ី​។​


​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ វិមាន​ក្រឹម​ឡាំង បាន​សង្កត់ធ្ងន់ ទៅលើ​ការបង្កើន ចំនួន​ទាហាន​កិច្ចសន្យា​ស្ម័គ្រចិត្ត ខណៈ ក្រុង​មូ​ស្គូ បាន​ព្យាយាម​ធ្វើ​យោ​ធូប​នីយកម្ម និង កែលម្អ​ការត្រៀមខ្លួន​ប្រយុទ្ធ​របស់​រុស្ស៊ី​។ ប៉ុន្ដែ​នៅមុន​ពេល វិមាន​ក្រឹម​ឡាំង បាន​បញ្ជូន​កងទ័ព ឲ្យ​ឆ្លងកាត់​ព្រំដែន​របស់ខ្លួន ចូល​ឈ្លានពាន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២​នោះ រុស្ស៊ី​មាន​ទាហាន​ជាប់កិច្ចសន្យា ជាង ៤០០ ០០០​នាក់ រួមទាំង​ទាហានជើងគោក ប្រហែល ១៤៧ ០០០​នាក់ ផងដែរ​។​

​ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ រុស្ស៊ី មិនបាន​និយាយ អំពី​ចំនួន​កងទ័ព​របស់ខ្លួន​ស្លាប់ និង របួស នៅក្នុង​អ៊ុយ​ក្រែ​ន ចាប់តាំងពី​សប្តាហ៍​ដំបូង នៃ​ការ​លុកលុយ​នោះឡើយ​។ ប៉ុន្ដែ​ក្រោយមក ក្រុង​មូ​ស្គូ បាន​អះអាងថា ទាហាន​របស់ខ្លួន ចំនួន ១ ៣៥១​នាក់ បានសម្លាប់ នៅក្នុង​សមរភូមិ​។​



​ដោយឡែក មន្ដ្រី​ជំនាញ​យោធា​លោកខាងលិច បាន​ប៉ាន់ប្រមាណ​ថា ចំនួន​ទាហាន​រុស្ស៊ី បាន​បាត់បង់​ពិតប្រាកដ អាចមាន​ចំនួន​លើសពី​ក្រុង​មូ​ស្គូ​អះអាង យ៉ាងហោចណាស់​១០​ដង ខណៈ​អ៊ុយ​ក្រែ​ន បាន​អះអាងថា កងទ័ព​របស់ខ្លួន បានសម្លាប់ ឬ​ធ្វើ​ឲ្យ​ទាហាន​រុស្ស៊ី រងរបួស យ៉ាងហោចណាស់ ចំនួន ៤៥ ០០០​នាក់ ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម​នេះ​មក​៕​