តុលាការតួកគីកាត់ទោសអតីតអភិបាលខេត្ដឃឺដឲ្យជាប់គុក៩ឆ្នាំ

ព័ត៌មានអន្តរជាតិ
0
495
តុលាការប្រទេសតួកគីបានកាត់ទោសអតីតអភិបាលខេត្តរបស់ជនជាតិឃឺដ (Kurd) លោក Selcuk Mizrakli ដាក់ពន្ធនាគារ រយៈពេល៩ឆ្នាំ ក្រោមការចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធក្រុមភេរវកម្មប្រដាប់អាវុធ។

រដ្ឋាភិបាលតួកគី កាលពីអំឡុងឆ្នាំ២០១៩ បានលើកទ័ពឆ្លងកាត់ព្រំដែនស៊ីរី  ចូលទៅវាយប្រហារ​លើតំបន់​គ្រប់​គ្រង​របស់ក្រុមឃឺត (Kurd) នៅភាគឦសាន នៃប្រទេសស៊ីរី ក្រោមយុទ្ធនាការ «សន្ដិភាពនិទាឃរដូវ»។ តួកគី​បាន​ចោទប្រកាន់គណបក្សពលករឃឺដ ជាក្រុមភេរវកម្មប្រដាប់អាវុធនាំឲ្យគ្រោះថ្នាក់ដល់តួកគី។ ក្រៅពីនេះ
អាជ្ញាធរតួកគីបានដកហូតតំណែងអភិបាលខេត្ត និងក្រុង ដែលគាំទ្រគណបក្យប្រជាធិបតេយ្យ ចំនួន៣១ កាលពីឆ្នាំកន្លងទៅ។
តួកគីបានចោទប្រកាន់អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យប្រជាជនឃឺដមានទំនាក់ទំនងជាមួយនឹងគណបក្សពលករក្រៅច្បាប់ឃឺដ (PKK) ។ លោក Selcuk Mizrakli ជាអភិបាលក្រុង Diyarbakir បានជាប់ការសង័្សយ​ជាមួយនឹងលោកអភិបាល នៃខេត្ត Mardin និងVan នៅក្នុងអំឡុងខែកញ្ញា។ជាមួយគ្នានេះដែរ អភិបាល​ទាំងអស់​ត្រូវបានដាក់ជំនួសដោយអ្នកស្មោះត្រង់នឹងរដ្ឋាភិបាលតួកគី។  ដោយឡែកលោក Mizrakli ក៏ត្រូវបាននាំទៅឃុំខ្លួន ក្នុងពន្ធនាគារ ចាប់តាំងពីពេលលោកត្រូវចាប់ខ្លួន កាលពីអំឡុងខែតុលា ឆ្នាំ២០១៩។
សារព័ត៌មាន Anadolu គ្រប់គ្រងដោយរដ្ឋាភិបាលតួកគី បានផ្សាយថា តុលាការខេត្ត Diyarbakir កាល​ពីថ្ងៃទី៩ ខែមីនា បានចេញដីកាកាត់ទោសលោក Mizrakli ឲ្យជាប់គុក រយៈពេល៩ឆ្នាំ ដោយ​សារ​ជាប់​ពាក់​ព័ន្ធនឹងក្រុមភេរវកម្មប្រដាប់អាវុធ។ ប៉ុន្ដែលោក Mizrakli នៅតែបដិសេធថា លោកមិនបានប្រព្រឹត្ដខុស​ដូច​ការចោទ​ប្រកាន់នោះឡើយ៕